ជប៉ុន៖ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានធ្វើការស្នើជប៉ុន ពិនិត្យលទ្ធភាពជំរុញឱ្យមានសកម្មភាពធុរកិច្ច និងការវិនិយោគរបស់ជប៉ុនមកកម្ពុជា ឱ្យកាន់តែច្រើនឡើងបន្ថែមទៀត ក្នុងវិស័យពាណិជ្ជកម្ម កសិកម្ម។លោកស្រី ចម និម្មល ថ្លែងបែបនេះក្នុងជំនួបជាមួយ លោក SUZUKI Norikazu អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជប៉ុន កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ។
ក្នុងឱកាសនោះ ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈ និងមតិយោបល់ល្អៗជាច្រើន ក្នុងគោលបំណងលើកកម្ពស់វិស័យពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរជាពិសេសការធ្វើពាណិជ្ជកម្មលើផលិតផលកសិកម្ម។
ជាមួយគ្នានោះ លោកស្រីរដ្ឋមន្រ្តី បានស្នើឱ្យភាគីជប៉ុន ពិនិត្យលទ្ធភាពជំរុញឱ្យមានសកម្មភាពធុរកិច្ច និងការវិនិយោគរបស់ជប៉ុន ឱ្យកាន់តែច្រើនឡើងក្នុងវិស័យពាណិជ្ជកម្មកសិកម្ម ជាពិសេសការពង្រឹងគុណភាពផលិតផលកសិកម្ម ការកែច្នៃម្ហូបអាហារ និងការវេចខ្ចប់ ជាដើម។
លើសពីនេះទៀត ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរមតិយោបល់លើយន្ដការជំរុញពាណិជ្ជកម្មកសិកម្ម រួមមាន៖ ការជំរុញការតាំងបង្ហាញផលិតផលកសិកម្ម ផលិតផលចំណីអាហារ និងការផ្គូរផ្គងធុរកិច្ចក្នុងវិស័យនេះផងដែរ៕