រដ្ឋបាលជលផល អំពាវនាវពលរដ្ឋ រួសរាន់ទៅទិញត្រី យកមកធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឱ្យបានទាន់ពេល ខណៈត្រីសម្បូរតែក្នុងមួយសប្ដាហ៍ប៉ុណ្ណោះ

ភ្នំពេញ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រីជាដើម ត្រូវរួសរាន់មកទិញត្រី ឱ្យបានទាន់ពេលវេលា នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និង រាជធានីភ្នំពេញ ខណៈត្រីមានច្រើនតែក្នុងរយៈពេល១សប្ដាហ៍ប៉ុណ្ណោះ ពោលគឺចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣។នេះបើយោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលជលផល ដែលអង្គភាពសារព័ត៌មានដំរីទទួលបាន។

សេចក្ដីជូនដមណឹងបានឱ្យដឹងថា ក្នុងរដូវនេសាទឆ្នាំ២០២៣-២០២៤ តាមការសង្កេត ត្រីចាប់ផ្ដើមបន្លាស់ទី ចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផល ដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដោយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និង រាជធានីភ្នំពេញ ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង។

សេចក្ដីជូនដំណឹងបន្តថា «អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់អញ្ជើញមកទិញត្រី តាមពេលវេលា និងទីកន្លែងដូចមានក្នុងសេចក្តីជូនដំណឹងនេះ»។

ទន្ទឹមនេះ រដ្ឋបាលជលផល ក៏បានធ្វើការសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចពាក់ព័ន្ធ ឱ្យជួយសម្រួលជូនដល់ប្រជាពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផល ផលិតផលត្រីដោយរលូន តាមការគួរផងដែរ៕