ក្រុមហ៊ុន Union និងក្រុមហ៊ុន ៦ជាសមាជិកនៃក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មខេត្ត Ji Lin បង្ហាញបំណងវិនិយោគនៅកម្ពុជា

ក្រុមហ៊ុន Union Development Group និងក្រុមហ៊ុនចំនួន៦ជាសមាជិកនៃក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មខេត្ត Ji Lin បង្ហាញបំណងវិនិយោគនៅកម្ពុជាផងដែរ។ ការបង្ហាញពីបំណងនេះ ធ្វើឡើងនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ក្នុងពេលលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មខេត្ត Ji Lin ប្រទេសចិន។

អង្គប្រជុំនេះត្រូវបានរៀបចំឡើងតបតាមសំណើសុំរបស់ក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មខេត្ត Ji Lin ក្នុងការស្វែងយល់អំពីគោលនយោបាយ និងបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងការវិនិយោគនៅកម្ពុជា ដោយក្នុងនោះភាគីទាំងពីរបានជជែកពិភាក្សាលើគម្រោងវិនិយោគលើវិស័យសុខាភិបាល ថាមពលឥន្ធនៈ និងគម្រោងដាំថ្នាំរុក្ខជាតិប្រើប្រាស់ជាឱសថបុរាណជាដើម។

ក្នុងកិច្ចប្រជុំនាឱកាសនេះ លោក ឧបនាយករដ្ឋមន្ត្រី បានស្នើសុំឱ្យបណ្ដាក្រុមហ៊ុនទាំងអស់ដែលមានបំណងវិនិយោគលើវិស័យនានានៅកម្ពុជា សូមធ្វើការសិក្សាគម្រោងវិនិយោគរបស់ខ្លួនឱ្យបានលម្អិត និងរៀបចំដាក់ពាក់ស្នើសុំគម្រោងវិនិយោគមកកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើម្បីពិនិត្យអនុវត្តនីតិវិធីបន្ត។

ជាមួយគ្នានោះ លោក ឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីបេសកកម្មរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលជួយសម្របសម្រួលសំណើសុំគម្រោងវិនិយោគនានា ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ជូនដល់បណ្ដាក្រុមហ៊ុននានា សំដៅធ្វើយ៉ាងណាលើកទឹកចិត្តវិនិយោគិន បង្កើនការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។

ក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មខេត្ត Ji Lin ប្រទេសចិន (CCPIT Jilin Provincial Committee) បង្កើតឡើងក្នុងឆ្នាំ១៩៧៩ គឺជាអង្គការសេដ្ឋកិច្ច និងពាណិជ្ជកម្មបរទេស ដែលមានការចូលរួមពីតំណាងអាជីវកម្ម ក្រុមហ៊ុន សមាគម និងស្ថាប័ននានា៕