ធនគារជាតិរៀបចំវេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ឆ្នាំ២០២៣

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជាសហការជាមួយសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជាបានរៀបចំវេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ឆ្នាំ២០២៣ (CamTech Summit 2023) ក្រោមទស្សនាទាន “ការបង្កើតទំនាក់ទំនង៖ ជំរុញកិច្ចសហប្រតិបត្តិការ និងនវានុវត្តន៍សេវាហិរញ្ញវត្ថុឌីជីថលក្នុងតំបន់មេគង្គ និងតំបន់ផ្សេងៗ” ។

វេទិកានេះ ត្រូវបានរៀបចំធ្វើនៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ក្នុងគោលបំណងផ្តល់ឱកាសដល់បញ្ញត្តិករ អ្នករៀបចំគោលនយោបាយ ជំនាញការ និងភាគីពាក់ព័ន្ធ សិក្សា និងចែករំលែកចំណេះដឹង បទពិសោធន៍ និងឧត្តមានុភាពស្តីពី ការរីកចម្រើននៃវិស័យបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា។

បើតាមធានគារជាតិនៃកម្ពុជា ការរៀបចំវេទិកា CamTech Summit ២០២៣ នេះបានរួមចំណែកលើកកម្ពស់ការយល់ដឹង កិច្ចសហការ ការដោះដូរចំណេះដឹង និងបទពិសោធន៍រវាងភាគីពាក់ព័ន្ធ ព្រមទាំងអនុញ្ញាតឱ្យអ្នករៀបចំគោលនយោបាយ និងបញ្ញត្តិករអាចប្រមូលធាតុចូលដើម្បីចងក្រងគោលនយោបាយ និងបទប្បញ្ញតិ្ត ឱ្យស្របតាមការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ជាពិសេសការត្រៀមខ្លួនរបស់ប្រទេសកម្ពុជាឆ្ពោះទៅកាន់សេដ្ឋកិច្ច និងសង្គមឌីជីថល៕