ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ផលិតផលខ្មែរ ក្នុងឱកាសបុណ្យសមុទ្រលើកទី១០ នៅកែប

ភ្នំពេញ៖ ក្នុងយុទ្ធសាស្ត្រជួយជំរុញ និងលើកកម្ពស់ផលិតផលក្នុងស្រុក ឱ្យមានការទទួលស្គាល់ និងចូលរួមប្រើប្រាស់កាន់តែទូលំទូលាយនៅទូទាំងប្រទេស ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ផលិតផលខ្មែរក្នុងឱកាស នៃពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ នៅក្រុងកែប ខេត្តកែប។នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម។

សេចក្ដីជូនដំណឹងបានឱ្យដឹងថា ក្នុងអំឡុងពេលនៃការរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្ម ផ្សារភ្ជាប់នឹងទេសចរណ៍នាឱកាសនេះ ក្រសួងសូមអញ្ជើញ ផលិតករ សិប្បករ ម្ចាស់ក្រុមហ៊ុន សហគ្រាសក្នុងស្រុក នាំយកផលិតផលខ្មែរដែលមាន គុណភាពខ្ពស់ មានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ និងមានការវេចខ្ចប់ល្អត្រឹមត្រូវអនុលោមតាមស្តង់ដារ ផលិតកម្ម មកពីគ្រប់ទិសទីនៅទូទាំងប្រទេស មកដាក់តាំងបង្ហាញផ្សព្វផ្សាយ និងស្វែងរកដៃគូពាណិជ្ជកម្មក្នុងឱកាសនេះ។

ជាមួយគ្នានោះ សេចក្ដីជូនដំណឹង បានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានផ្តល់អាទិភាពខ្ពស់លើផលិតផល និងសេវាទើបនឹងបង្កើតថ្មី មានគំនិត ច្នៃប្រឌិតខ្ពស់ ដែលម្ចាស់អាជីវកម្មមានបំណងចូលរួមតាំងបង្ហាញស្នាដៃរបស់ខ្លួន ត្រូវប្រញាប់រួសរាន់មកដាក់ពាក្យចូលរួម ព្រោះចំនួនស្តង់មានកំណត់។

ទន្ទឹមនេះ ក្រសួងក៏បានអញ្ជើញសាធារណជនទូទៅ ចូលរួមទស្សនា និងគាំទ្រព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះកុំបីខកខានឡើយ៕