អ្នកសេដ្ឋកិច្ច៖ ប្រេងសាំងបានឡើងថ្លៃកាលពី៣ ឬ ៤ សប្តាហ៍មុនមកម្លេះ ប៉ុន្តែរដ្ឋាភិបាលប្រឹងទប់មិនឱ្យឡើង

ភ្នំពេញ៖ ក្រោយពេលមានការឡើងថ្លៃប្រេងសាំង ដល់ ៤ ៥៥០រៀល (ឡើងថ្លៃ ៤០០រៀល)កាលពីថ្ងៃទី ១ ខែសីហា ឆ្នាំ២០២៣ កន្លងមកនេះ បានធ្វើ ឱ្យប្រជាពលរដ្ឋទូទៅដែលជាអ្នកប្រើប្រាស់បានត្អូញត្អែយ៉ាងខ្លាំងលើបញ្ហានេះ ប៉ុន្តែ អ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងថា បញ្ហាប្រេងសាំងឡើងថ្លៃនេះ គឺកើតមានឡើងតាំងពី ៣ ឬ៤ សប្តាហ៍មុនមកម្លេះ តែរាជរដ្ឋាភិបាលប្រឹងទប់មិនឱ្យឡើង។

លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ប្រាប់ Khmer CM នៅថ្ងៃទី ២ ខែសីហា ឆ្នាំ២០២៣ នេះថា ចំពោះការឡើងថ្លៃប្រេងសាំងនៅកម្ពុជា ជាធម្មតាគឺប្រជាពលរដ្ឋប្រាកដជាត្អូញត្អែ និងមិនសប្បាយចិត្តដោយសារតែឡើងលឿន ហើយបញ្ហាប្រេងសាំងឡើងថ្លៃនេះ គឺឡើងជារាល់ថ្ងៃ ចាប់តាំងពី ៣ ឬ ៤ សប្តាហ៍មុនមកម្លេះ ។ ក៏ប៉ុន្តែរាជរដ្ឋាភិបាលខិតខំប្រឹងទប់ មិនឱ្យឡើងដែរ។

លោកបន្តថា ទោះជារាជរដ្ឋាភិបាលខិតខំប្រឹងប្រែងទប់យ៉ាងណាក្តី ក៏មិនអាចទៅរួចដែរ។ ដូច្នេះ ការឡើងថ្លៃខ្ពស់នេះ ដោយសារតែរាជរដ្ឋាភិបាលបានទប់មិនឱ្យឡើងថ្លៃយូរណាស់មកហើយ។ លោកសង្កេតឃើញថា ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងមកនេះ ប្រេងឆៅក្រៅប្រទេស ឡើងពី ៤៩ មកដល់ ៨៩ ដុល្លារក្នុងមួយបារ៉ែលបានធ្វើ ឱ្យប្រេងសាំងនៅកម្ពុជាឡើងពី ៤០០០ ទៅ ៤៥០០រៀលភ្លាមៗតែម្តង។

លោកបន្ថែមថា ការកើនឡើងនេះ បានធ្វើឱ្យប្រជាពលរដ្ឋមិនសប្បាយចិត្ត ហើយរាជរដ្ឋាភិបាលក៏មិនអាចជួយបានដែរ ព្រោះវាជាទីផ្សារសេរី និងមិនអាចកំណត់តម្លៃបានដែរ ពីព្រោះ បើលក់តាមការកំណត់របស់រាជរដ្ឋាភិបាល ហើយក្រុមហ៊ុនលក់មិនបានចំណេញ ក្រុមហ៊ុនប្រាកដជាបិទទ្វារ គឺនឹងធ្វើ ឱ្យមានវិបត្តិការផ្គត់ផ្គង់ ដែលនឹងធ្វើ ឱ្យយានយន្តទាំងអស់ មិនត្រូវបានយកទៅប្រើប្រាស់ និងការដឹកជញ្ជូនក៏មិនមានសកកម្មភាព នឹងធ្វើ ឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរថែមទៀត។

លោកពន្យល់ទៀតថា តាមរយៈការនាំចូលលប្រេងឥន្ទនៈនេះ រាជរដ្ឋាភិបាលបានយកពន្ធតិចតួចបំផុត ប្រហែល ១០០រៀល ប៉ុណ្ណោះក្នុងមួយលីតក្នុងតម្លៃ ៤០០០ ឬ ៤៥០០រៀល។ តែយ៉ាងណា ការយកពន្ធរបស់រាជរដ្ឋាភិបាល នេះ គឺដើម្បីសម្រាប់ជួយប្រជាពលរដ្ឋក្រីក្រ និងគ្រួសារណាដែលមានវិបត្តិទៅវិញទេ ដែលនេះ បង្ហាញថា ជាសមធម៌សង្គម ។

ដើម្បីឆ្លើយតបទៅនឹងវិធានការទប់ស្កាត់ប្រេងសាំងឡើងថ្លៃនេះ លោក គី សេរីវឌ្ឍន៍ លើកទឹកចិត្តឱ្យពលរដ្ឋប្រើប្រាស់យានយន្តអគ្គិសនី ដូចជាម៉ូតូអាគុស កង់អាគុយ និងរថយន្តប្រើប្រាស់អគ្គិសនីជាដើម។ មួយវិញទៀត គឺត្រូវតែប្រើប្រាស់រថយន្តសាធារណៈ ជំនួសរថយន្តផ្ទាល់ខ្លួន និងរថភ្លើងជាដើម ខណៈរាជរដ្ឋាភិបាលក៏កំពុងជជំរុញឱ្យមានការប្រើប្រាស់ផ្លូវទឹកដែរ។

សូមបញ្ជាក់ថា តម្លៃប្រេងចាប់ពីថ្ងៃទី១-១០ ខែសីហា ឆ្នាំ២០២៣ ប្រសាំងធម្មតាមានតម្លៃ ៤ ៥៥០៛ ពោលឡើងថ្លៃ ៤០០៛ ខណៈ ប្រេងម៉ាស៊ូត មានតម្លៃ ៤ ៤៥០៛ ពោល ឡើងថ្លៃ ៤៥០៛៕