ក្រសួងយុត្តិធម៌ និង ADB ចុះ MOU ដាក់ឱ្យដំណើរការតុលាការពាណិជ្ជកម្មនៅកម្ពុជា

ភ្នំពេញ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោកស្រី Jyotsana Varma នាយិកានៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជាកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការគាំទ្រការពង្រឹងសមត្ថភាពមន្រ្តីអនុវត្តច្បាប់ និងកិច្ចដំណើរការតុលាការពាណិជ្ជកម្មកម្ពុជា។

ក្រសួងយុត្តិធម៌ ឱ្យដឹងថា តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ ADB បង្ហាញពីការគាំទ្រ និងការចូលរួមរបស់ ADB លើការរៀបចំក្របខណ្ឌគតិយុត្ត មួយ ដើម្បីធានាឱ្យមានតុលាការពាណិជ្ជកម្ម ដែលមានតម្លាភាព ប្រសិទ្ធភាព និងមានជំនឿទុកចិត្ត នៅកម្ពុជា ស្របតាមគោលបំណង និងចក្ខុវិស័យរបស់ក្រសួងយុត្តិធម៌ ក៏ដូចជាការចូលរួមលើកកម្ពស់សមត្ថភាពរបស់ចៅក្រមពាក់ព័ន្ធនឹងច្បាប់ពាណិជ្ជកម្ម ផងដែរ។

ក្រសួងបន្តថា ក្រោមជំនួយបច្ចេកទេសរបស់ ADB និងដោយមានការចូលរួមពីក្រុមការងាររបស់ក្រសួងយុត្តិធម៌ ក្រសួងយុត្តិធម៌សង្ឃឹមថានឹងទទួលបាននូវសេចក្តីព្រាងច្បាប់ ឬ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងតុលាការពាណិជ្ជកម្ម ដែលមាននីតិវិធីច្បាស់លាស់និងឆាប់រហ័ស មានតម្លាភាព និងផ្តល់ភាពងាយស្រួលក្នុងការអនុវត្ត ដើម្បីបង្កើនជំនឿទុកចិត្តលើការកាត់ក្តីវិវាទពាណិជ្ជកម្ម។

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជា បានគូសបញ្ជាក់ថាការរៀបចំដាក់ឱ្យដំណើរការតុលាការពាណិជ្ជកម្មមួយដែលមានតម្លាភាព គុណភាព និងភាពត្រឹមត្រូវ សំដៅលើកកម្ពស់ជំនឿទុកចិត្តពីសាធារណជន និងលើកកម្ពស់បរិយាកាសល្អសម្រាប់ការវិនិយោគនៅកម្ពុជា គឺជាអាទិភាពការងារ និងជាការប្តេជ្ញាចិត្តខ្ពស់មួយរបស់ក្រសួងយុត្តិធម៌។

លោកបន្ថែមថា ដរាបណាតុលាការពាណិជ្ជកម្មមិនអាចធានាបាននូវតម្លាភាព គុណភាព និងភាពត្រឹមត្រូវនេះទេ តុលាការនេះនឹងមិនត្រូវបានដាក់ឱ្យដំណើរការនោះទេ។ ជាមួយគ្នានេះ លោក រដ្ឋមន្ត្រី ក៏បានថ្លែងនូវអំណរគុណដល់ ADB ដែលបានផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់ក្រសួងយុត្តិធម៌ លើការរៀបចំដាក់ឱ្យដំណើរការតុលាការពាណិជ្ជកម្ម និង ការពង្រឹងសមត្ថភាពដល់ចៅក្រមកម្ពុជាពាក់ព័ន្ធនឹងច្បាប់ និង នីតិវិធីក្នុងវិស័យពាណិជ្ជកម្ម ដែលនេះជាតម្រូវការចាំបាច់ចំពោះមុខរបស់ក្រសួងយុត្តិធម៌៕ ដោយ៖ ពុទ្ធិពល