ចុងឆ្នាំ២០២២នេះ មានភូមិ២៤៥ ពុំទាន់មានការផ្គត់ផ្គង់អគ្គិសនី

ភ្នំពេញ ៖ លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានលើកឡើងក្នុងពិធីបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ នាថ្ងៃ១៥ កុម្ភៈថា មកដល់ចុងឆ្នាំ២០២២នេះ ភូមិពុំទាន់មានការផ្គត់ផ្គង់អគ្គិសនីមានចំនួន ២៤៥ភូមិ ដែលក្នុងនោះ មានភូមិ ២២៨ ឋិតក្នុងដែនអាជ្ញាបណ្ណដែលបានផ្តល់ឲ្យទៅអ្នកចែកចាយរួចហើយ និងភូមិ ១៧ ឋិតនៅក្រៅដែនអាជ្ញាបណ្ណ។

លោកបន្តថា អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជាបានធ្វើការសិក្សារួមគ្នាអំពីលទ្ធភាពពង្រីកការផ្គត់ផ្គង់អគ្គិសនីទៅកាន់ភូមិដែលពុំទាន់មានអគ្គិសនីទាំងនេះ ទាំងក្នុងក្របខណ្ឌនៃលទ្ធភាពរបស់អគ្គិសនីកម្ពុជាផង និងទាំងរបស់សេវាករឯកជនផង។ ផ្អែកតាមការសិក្សានេះបានបង្ហាញថា ក្នុងឆ្នាំ២០២៣ ទាំងអគ្គិសនីកម្ពុជា និងទាំងសេវាករឯកជន អាចមានលទ្ធភាពពង្រីកការផ្គត់ផ្គង់អគ្គិសនីពីបណ្តាញជាតិបាន១៥៧ភូមិទៀត ដូច្នេះនៅក្រោយឆ្នាំ២០២៣ អាចសល់ភូមិចំនួន៨៨ទៀត ត្រូវជា០,៦២% ដែលពុំមានការផ្គត់ផ្គង់ពីបណ្តាញជាតិ។

លោកថា ភូមិដែលនៅសល់ទាំងនេះ ជាភូមិមានស្ថានភាពស្ថិតក្នុងតំបន់លំបាកខ្លាំង ដូចជាតំបន់ដាច់ស្រយាលខ្លាំង តំបន់គ្មានផ្លូវធ្វើដំណើរ តំបន់កោះ តំបន់ដែលមានប្រជាជនរស់នៅបណ្តែតទឹក តំបន់លិចទឹកនៅរដូវវស្សា តំបន់មានប្រជាពលរដ្ឋរស់នៅរាយប៉ាយ និងតំបន់តាំងទីលំនៅថ្មីជាដើម ដែលត្រូវការទុនវិនិយោគយ៉ាងច្រើនដើម្បីអភិវឌ្ឍការផ្គត់ផ្គង់ទៅកាន់ទីនោះ។

លោក យឹម វិសិដ្ឋ ឲ្យដឹងទៀតថា បច្ចុប្បន្ន ក្រសួងរ៉ែនិងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា បាននិងកំពុងធ្វើការរួមគ្នាពិនិត្យលទ្ធភាពរកដំណោះស្រាយផ្សេងៗ ជូនភូមិដែលនៅសល់ទាំង ៨៨ នេះ តាមស្ថានភាពជាក់ស្តែងនៃភូមិនីមួយៗ តាមរយៈការផ្គត់ផ្គង់អគ្គិសនីពីប្រភពពន្លឺព្រះអាទិត្យប្រព័ន្ធទោលដែលអាចជាប្រភពទុនរបស់អគ្គិសនីកម្ពុជា ពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា ពីការវិនិយោគរបស់ក្រុមហ៊ុនឯកជន ៕ ដោយ៖ រិន ចំរើន