១ខែដើមឆ្នាំ២០២៣ កម្ពុជាបាននាំចេញអង្ករជាង៣ម៉ឺនតោន ទទួលចំណូលជិត៣០លានដុល្លារ

ភ្នំពេញ ៖ ក្នុងរយៈពេលមួយខែមករា ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញអង្ករចំនួន ៣៦,៩០០តោន គិតជាទឹកប្រាក់មានចំនួន ២៨.៨៣លានដុល្លារ ទៅកាន់ទីផ្សារអន្តរជាតិចំនួន៣៤គោលដៅ។ នេះបើសហព័ន្ធស្រូវអង្ករកម្ពុជា ។

សេចក្ដីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជានាពេលថ្មីៗនេះ បានឲ្យដឹងថា ប្រទេសគោលដៅទាំងនោះ រួមមាន៖ តំបន់សហគមន៍អឺរ៉ុបចំនួន២០ ប្រទេសស្មើនឹង៤៨% នៃការនាំចេញសរុប គិតជាបរិមាណមានចំនួន ១៧ ៧៩៥ តោន ស្មើនឹងទឹកប្រាក់ចំនួន១៣.៤៤លានដុល្លារ ខណៈចិន និងហុងកុង គ្រប់គ្រងចំណែកការនាំចេញអង្ករកម្ពុជាចំនួន ៤១% មានបរិមាណចំនួន ១៥ ០៤៥ តោន ស្មើនឹងទឹកប្រាក់ចំនួន ១១.៧៧ លានដុល្លារក ។ ប្រទេសអាស៊ានចំនួន២ មាន ៖ ម៉ាឡេស៊ី និងសិង្ហបុរី ចំនួន ១ ៨៧១តោន គិតជាទឹកប្រាក់មានចំនួន ១.០៩លានដុល្លារ។

ចំពោះគោលដៅផ្សេងៗ ចំនួន៧រួមមាន៖ ប្រទេសហ្កាប៊ុង សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន រុស្សី និងអារ៉ាបីតសាអូឌីត ចំនួន ២ ១៨៩ តោន គិតជាទឹកប្រាក់មានចំនួន ២.៥៣ លានដុល្លារ។

ចំពោះប្រភេទអង្ករនាំចេញ កម្ពុជាបានធ្វើការនាំចេញអង្ករក្រអូបប្រណិត «ម្លិះអង្គរ» ចំនួន ២២ ៨១០ តោន អង្ករសែនក្រអូបចំនួន ៩ ៣៥៨ តោន អង្ករស ធម្មតាចំនួន ១ ៧២១ តោន អង្ករចំហុយចំនួន ១ ៨៦៧ តោន អង្ករសរីរាង្គចំនួន ១ ១៤៤ តោន។ ចំណែក ការនាំស្រូវចេញចំនួន ២៥២ ៧១៤តោន ហើយសរុបតម្លៃនៃការនាំចេញអង្ករ និងស្រូវ បានទឹកប្រាក់ចំនួន ៩២ លានដុល្លារ៕ ដោយ៖ រិន ចំរើន