កំពង់ចាម៖ លោក រ៉េត សារ៉ាត ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម បានបញ្ជាក់ថា ព្រះគ្រូចៅអធិការ អាចារ្យ និងគណៈកម្មាធិការ វត្តគិរីសាលវ័ន ហៅវត្តថ្មី នេះ ស្ថិតក្នុងភូមិទ្រាន ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម បាន យល់ព្រមកែតម្រូវមហាកុដិទៅតាមរចនាបទវប្បធម៌ប្រពៃណីខ្មែរឡើងវិញ។
លោក រ៉េត សារ៉ាត បានបញ្ជាក់បែបនេះ បន្ទាប់ពីកិច្ចប្រជុំនៅព្រឹក ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ដោយមានការនិមន្តចូលរួមពី ព្រះមន្ត្រីសង្ឃសាលាគណខេត្តកំពង់ចាម និងមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ចាម រួមនឹងអាជ្ញាធរស្រុកកំពង់សៀម ព្រះសង្ឃ គណៈកម្មាធិការវត្តគិរីសាលវ័ន ហៅវត្តថ្មី នេះ ស្ថិតក្នុងភូមិទ្រាន ឃុំទ្រាន ស្រុកកំពង់សៀមនេះ។
កុដិដែលមានរចនាបថដូចវីឡាសម័យថ្មីនេះ ក្រោមការដឹកនាំសាងសង់ ដោយព្រះគ្រូ ប៊ន ស្រឿន ជាព្រះចៅអធិការ វត្តគិរីសាលវ័ន ដោយប្រើប្រាស់រយៈពេលកសាងជាង៦ឆ្នាំ ដែលកសាងក្នុងអំឡុងឆ្នាំ២០១៨ មក ទើបនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ធ្វេីពិធីបុណ្យឆ្លង និងសមិទ្ធដាក់ឲ្យប្រើប្រាស់ផងដែរ ។
ព្រះគ្រូ ប៊ន ស្រឿន ជាព្រះចៅអធិការ វត្តគិរីសាលវ័ន បានមានសង្ឃដិកាថា ការសាងសង់មហាកុដិនេះ សម្រាប់ជាទីសក្ការៈបូជា មិនមែតែសម្រាប់ព្រះសង្ឃគង់នៅតែមួយមុខនោះទេ។ ប៉ុន្តែរងនូវការផ្ទុះរិះគន់លើបណ្តាញសង្គមពីរចនាបថមហាកុដិក្នុងវត្តគិរីសាលវ័ន ហៅវត្តថ្មី នេះ ពាក់ព័ន្ធនឹងការខុសរចនាបទវប្បធម៌ប្រពៃណីខ្មែរ៕