ភ្នំពេញ៖ មហាជន អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានផ្ទុះការរិះគន់ ចំពោះ វត្តគិរីសាលវ័ន ( ហៅវត្តថ្មី) ស្ថិតនៅឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលបានសាងសង់កុដិ ឬហៅថា វីឡាកុដិដែលខុសពីវប្បធម៌ និងប្រពៃណីខ្មែរ ។
អ្នកលេងបណ្តាញសង្គមមា្នក់ ដែលមានគណនី Srey Roth បានសរសេរថា ៖« ព្រះចៅអធិការ…. អាចារ្យ គណៈកម្មការវត្តយ៉ាប់ៗ យូរៗទៅលែងស្គាល់តួនាទីរបស់វត្តអារាមអស់ហើយ… ឯណាទៅពាក្យដែលតែងតែនិយាយថាវត្តអារាមគឺជាឃ្លាំងផ្ទុកនៅវប្បធម៌ ជាឃ្លាំងរក្សាប្រពៃណីអត្តសញ្ញាណជាតិខ្មែរ?»
ប្រភពដដែលនេះ បន្ថែមថា៖«វត្តអារាមមុននិងសាងសង់អ្វីមួយតោងគិតឱ្យគ្រប់ជ្រុងផង។ កុដិនេះស្អាតហើយ ប៉ុន្តែនៅខ្វះស្កាយបារ ( Sky Bar) គួរបន្ថែមស្កាយបារផងដើម្បីទុកឱ្យចៅអធិការវត្តជប់លាងម្តងម្កាល។វត្តគិរីសាលវ័ន ( ហៅវត្តថ្មី) ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម»។
អ្នកលេងបណ្តាញសង្គមមួយទៀត សរសេរថា៖«រចនាបថថ្មី! វត្តគិរីសាលវ័ន ( ហៅវត្តថ្មី) ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម»។
ក្រោយពេលបានបង្ហោះលើបណ្តាញសង្គម ធ្វើឱ្យ មានការស៊ែ ចែករំលែកព្រោងព្រាត ក្នុងនោះ មានទាំង លោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងបច្ចុប្បន្នជាតំណាងរាស្ត្រមណ្ឌលក៏កំពង់ចាមផងដែរនោះ ក៏បានស៊ែចែករំលែកផងដែរ។
ឆ្លើយតបទៅនឹងការរិះគន់ ព្រះគ្រូចៅអធិការ វត្តគិរីសាលវ័ន ( ហៅវត្តថ្មី) នៅថ្ងៃទី ៤ ខែមីនានេះ ប្រាប់សារព័ត៌មាន Khmer CM ដោយទទួលស្គាល់ ថា មហាកុដិនេះ មើលទៅហាក់ទំនើបបនិ្តច តែ ធ្វើឡើងសម្រាប់តែសក្ការៈបូជាប៉ុណ្ណោះ ។ យ៉ាងណា ក្រោយមានការរិះគន់នៅលើបណ្តាញសង្គម នេះ នឹងមានការពិភាក្សាជាមួយគណៈកម្មការថា នឹងត្រូវរៀបចំធ្វើបែបណា ៕