បង្កាន់ដៃនាគប្រវែង២៤ម៉ែត្រ នៅជ្រុងឦសានខាងក្នុងរោងទងទី១នៃប្រាសាទបន្ទាយសំរ៉ែ ត្រូវបានបញ្ចប់ការជួសជុលរួចរាល

សៀមរាប៖ ក្រុមអភិរក្សថ្ម(SCU)នៃអាជ្ញាធរជាតិអប្សរា បានជួសជុលបង្កាន់ដៃនាគប្រវែង២៤ម៉ែត្រ នៅជ្រុងឦសានខាងក្នុងរោងទងទី១នៃប្រាសាទបន្ទាយសំរ៉ែ ត្រូវបានបញ្ចប់ការជួសជុលរួចរាល់ ជាស្ថាពរហើយ កាលពីចុងឆ្នាំ២០២៣កន្លងទៅ។នេះបើតាមការបញ្ជាក់ពីលោក ឡុង ណារីប្រធានក្រុមការងារអភិរក្សថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា។

គម្រោងជួសជុល មានរយៈពេលប្រមាណ៦ខែ ដោយបានចាប់ផ្តើមតាំងពីពាក់កណ្តាលខែមិថុនាឆ្នាំ២០២៣មក។

លោក ឡុង ណារី បានឱ្យដឹងថា រចនាសម្ព័ន្ធង្កាន់ដៃនាគរបស់ប្រាសាទបន្ទាយសំរ៉ែ បានរងការខូចខាតធ្ងន់ធ្ងរ ដោយរលំបាក់បែកជាច្រើនបំណែក កន្លែងខ្លះធ្លាក់លើដី និងខ្លះទៀត ផ្អៀងទ្រេតមិនមានលំនឹងធ្លាក់ថ្មមកលើកម្រាលជាដើម។

លោកគូសបញ្ជាក់ថា រយៈពេល៦ខែ ក្រុមការងារបានប្រឹងប្រែងប្រមូលបំណែកថ្មបង្កាន់ដៃនាគ ដែលមាននៅនិងកន្លែង និងស្វែងរកបំណែកខ្លះទៀតដែលចល័តទៅទីតាំងផ្សេងៗ យកមករៀបចំផ្គុំឡើងវិញទៅតាមលទ្ធភាពដែលអាចរកឃើញ។ រីឯ ទីតាំងមួយចំនួនដែលមិនអាចរកឃើញ គឺបានបន្ថែមថ្មថ្មីជំនួសដើម្បីឱ្យបង្កាន់ដៃនាគរក្សាបាននូវទម្រង់ដើម និងមានភាពរឹងមាំជាថ្មីម្តងទៀត។ ក្រោយពីក្រុមអ្នកជំនាញបានបញ្ចប់ការងារជួសជុលបង្កាន់ដៃនាគនេះ បានជួយលើកសោភ័ណភាពនៃប្រាសាទនេះឡើងវិញ ព្រមទាំងមានសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរដែលទស្សនានៅប្រាសាទបន្ទាយសំរ៉ែដែរ។

ជាមួយគ្នានេះ ក្រុមអ្នកជំនាញក៏សំណូមពរដល់ភ្ញៀវទេសចរគ្រប់រូប សូមកុំអង្គុយឬផ្អែកលើសំណង់បុរាណដែលចាស់ទ្រុឌទ្រោមនេះ ដើម្បីរួមគ្នាថែរក្សាបន្តទៅមុខទៀត ប្រយោជន៍សម្រាប់ភាពគង់វង្សយូរអង្វែងនូវមរតកដូនតារបស់យើងទាំងអស់គ្នា៕