ភ្នំពេញ៖ ស្ថានទូតអង់គ្លេសប្រចាំកម្ពុជាដាក់ឈ្មោះបន្ទប់ប្រជុំមួយក្នុងចំណោមបន្ទប់ប្រជុំផ្សេងទៀត របស់ស្ថានទូត ថា “The Phalla Kong” ដែលជាឈ្មោះរបស់អ្នកបើកបរជនជាតិខ្មែរ ដំបូងគេ និងជាប្រវត្តិសាស្ត្រ ដែលបានបំរើការងារយូជាងគេ បន្ទាប់ពីំបំរើការងារក្នុងនាមជាអ្នកបើកបរអស់រយៈពេល ៣២ ឆ្នាំ ។
បើតាមស្ថានទូតអង់គ្លេស កាលពីយប់មិញ លោកឯកអគ្គរាជទូតអង់គ្លេស Dominic Williams និងក្រុមការងារស្ថានទូតអង់គ្លេសបានរៀបចំពិធីជប់លៀងចូលនិវត្តន៍សម្រាប់ លោក គង់ ផល្លា ដែលជាបុគ្គលិកបម្រើការងារយូរជាងគេបំផុតរបស់យើង ខណៈដែលគាត់បានចូលនិវត្តន៍បន្ទាប់ពីបម្រើការងារអស់រយៈពេល ៣២ ឆ្នាំនៅស្ថានទូតអង់គ្លេសប្រចាំរាជធានីភ្នំពេញ។
ប្រភពដដែលបន្ថែមថា លោក គង់ ផល្លា ជាបុគ្គលិកជនជាតិខ្មែរដំបូងគេនៅពេលដែលស្ថានទូតអង់គ្លេសនៅប្រចាំរាជធានីភ្នំពេញបានបើកដំណើរការឡើងវិញក្នុងឆ្នាំ ១៩៩១។ ការប្តេជ្ញាចិត្ត និងសមត្ថភាពរបស់គាត់បានប្រែក្លាយគាត់ទៅជាបុគ្គលិកគំរូដែលបម្រើការងារយូរជាងគេក្នុងប្រវត្តិសាស្រ្តរបស់ស្ថានទូត។ ពេញមួយទសវត្សរ៍នៃការបម្រើការងាររបស់គាត់ ដោយបើកបរឲ្យឯកអគ្គរាជទូតអង់គ្លេសចំនួន ១០ រូប ។
លោក ផល្លា មិនត្រឹមតែជាអ្នកបើកបរប៉ុណ្ណោះទេ ប៉ុន្តែជាមិត្ត និងសហការីដ៏គួរឱ្យទុកចិត្ត ដែលបានជួយយើងឱ្យសម្រេចបាននូវការងារជោគជ័យជាច្រើនក្នុងការពង្រឹងទំនាក់ទំនងការទូតកម្ពុជា-អង់គ្លេស។ គាត់បានឆ្លងកាត់នូវប្រវត្តិសាស្ត្រដ៏គួរអោយកត់សម្គាល់ជាច្រើន ពីការបើកបរជូនឯកអគ្គរាជទូតទៅកាន់គ្រប់ខេត្តនៃប្រទេសកម្ពុជា ការអមដំណើរឯកអគ្គរាជទូតទៅជួបជាមួយមេដឹកនាំខ្មែរក្រហម រហូតដល់ការបើកបរជូនព្រះអង្គម្ចាស់ក្សត្រី Beatrice ក្នុងអំឡុងពេលដែលព្រះអង្គម្ចាស់ក្សត្រីបានយាងមកប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៨ ។
ស្ថានទូតអង់គ្លេសប្រចាំរាជធានីភ្នំពេញ ចង់ចំណាយពេលដ៏មានតម្លៃនេះដើម្បីថ្លែងអំណរគុណចំពោះ ផល្លា សម្រាប់ការប្តេជ្ញាចិត្តរយៈពេល ៣២ ឆ្នាំ ក្នុងការបម្រើការងាររបស់គាត់ជាអ្នកបើកបរផ្ទាល់របស់ឯកអគ្គរាជទូត តួនាទីរបស់គាត់ក្នុងការគាំទ្រដល់ការងារការទូត និងភាពស្មោះត្រង់ដ៏យូរអង្វែងរបស់គាត់ចំពោះស្ថានទូត។ ដើម្បីអបអរប្រវត្តិសាស្ត្រនេះ យើងបានដាក់ឈ្មោះបន្ទប់ប្រជុំមួយក្នុងចំណោមបន្ទប់ប្រជុំរបស់យើងថា “The Phalla Kong”៕