ភ្នំពេញ ៖ ព្រឹត្តិការណ៍ថ្ងៃបើកសម្ពោធកីឡាស៊ីហ្គេមដែលកម្ពុជាបានទន្ទឹងរងចាំអស់ជាង៦០ឆ្នាំ នឹងធ្វើឡើងនាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ស្អែកនេះហើយ ។ ទីតាំងប្រារព្ធពិធីបើកនឹងធ្វើឡើងនាពហុកីឡដ្ឋានមរតកតេជោដែលមានគណៈប្រតិភូមកពីប្រទេសជាច្រើនចូលរួម ។ អ្វីដែលជាការរំពឹងទុករបស់រាជរដ្ឋាភិបាលគឺឲ្យបរទេសស្គាល់ពីខ្មែរកាន់តែច្បាស់មួយកម្រិតថែមទៀត។ ដូចដែលរាជរដ្ឋាភិបាលរំពឹងទុកនោះក៏មិនខុសគ្នា ពីអ្នកជំនាញខាងវប្បធម៌លើកឡើងដែរគឺថា វប្បធម៌របស់ខ្មែរផូផង់ និងស្នាមញញឹមរបស់ប្រជាពលរដ្ឋខ្មែរ នឹងត្រូវចែករំលែកទៅកាន់ពិភពខាងក្រៅ ដើម្បីទាក់ទាញពួកគេឲ្យស្គាល់កម្ពុជាកាន់តែច្បាស់ ។
កម្ពុជានឹងរៀបចំបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេម ក្រោយកម្ពុជាបានរងចាំអស់រយៈពេល៦៤ឆ្នាំ ។ ព្រឹត្តិការណ៍នេះ នឹងផ្តល់ផលចំណេញដល់កម្ពុជា ខណៈការរៀបចំទាំងអស់ស្ថិតនៅលើរាជរដ្ឋាភិបាលប្រមាណជាង១០០លានដុល្លារ រាប់ទាំងថ្លៃស៊ីចាយនានាលើគណៈប្រតិភូនិងក្រុមកីឡាបរទេសមកចូលប្រកួតដូចអ្វីដែលនាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា ទោះបីជាយកថ្លៃចំណាយលើគណៈប្រតិភូ និងកីឡាករបរទេសក៏មិនឲ្យកម្ពុជាក្លាយជាអ្នកមានបានដែរ ប៉ុន្តែកម្ពុជាអាចចំណេញពេលចេញទៅប្រកួតនៅប្រទេសគេក្នុងកីឡាស៊ីហ្គេមនេះលើកក្រោយគេនឹងមិនគិតថ្លៃចំណាយពីកម្ពុជា ជាពិសេស ចំណេញឲ្យស្គាល់កម្ពុជា ដើម្បីនាំចំណូលចូលជាតិវិញ តាមរយៈភ្ញៀវទេសចរណ៍ ។
មុនមួយថ្ងៃឈានចូលដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តបើកសម្ពោធកីឡាស៊ីហ្គេម លោកបណ្ឌិត ឈត ប៊ុនថង មន្ដ្រីស្រាវជ្រាវផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិតសភាកម្ពុជាបានផ្តល់បទសំភាសន៍ថា គណៈប្រតិភូដឹកនាំអត្តពលិកមកចូលប្រកួតស៊ីហ្គេមនៅកម្ពុជាអ្វីដែលពួកគេមើលឃើញមុនគេ គឺស្នាមញញឹមរបស់ពលរដ្ឋខ្មែរព្រមទាំងហេដ្ឋារចនា សម្ព័ន្ធនានាតាំងពីចុះពីលើយន្តហោះ និងការទៅដល់កន្លែងស្នាក់នៅ “យើងបានបង្ហាញនូវស្នាមញញឹមនិងភាពរួសរាយរាក់ទាក់គារវកិច្ចរបស់យើង” ។
លោកថា “ការធ្វើជាម្ចាស់ផ្ទះនៃកីឡាស៊ីហ្គេមនេះ ជាឱកាសដ៏សំខាន់ដែលកម្ពុជាអាចបង្ហាញនូវវប្បធម៌ដើម្បីឲ្យពិភពលោកកាន់តែស្គាល់ច្បាស់ថែមទៀត នូវអ្វីដែលជាមរតកវប្បធម៌ដ៏សម្បូរបែបរបស់ យើង”។
សម្រាប់ពិធីបើកសម្ពោធជាផ្លូវការលោកគូសបញ្ជាក់ពីចំណុចសំខាន់បន្តថា “ពិធីផ្លូវការនេះរឹតតែបញ្ជាក់បន្ថែមទៀតនូវគារវកិច្ច ស្វាគមន៍ ភាពញញឹមញញែមរបស់ប្រជាពលរដ្ឋ អាជ្ញាធរ គណៈកម្មការដឹកនាំរៀបចំកម្មវិធី ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ចំពោះវត្តថ្នាក់ដឹកនាំក៏ដូចជាគណៈប្រតិភូនៃបណ្តាប្រទេសជាសមាជិករបស់អាស៊ានក៏ដូចជាភ្ញៀវផ្សេងៗដែលមកចូលរួមក្នុងពិធីសម្ពោធ គាត់នឹងបានឃើញនូវការរៀបចំសិល្បៈវប្បធម៌មានបទចម្រៀង មានរបាំ និងអ្វីៗជាច្រើនទៀតបន្ថែម ពីអ្វីដែលពួកគាត់បានដឹងពីប្រព័ន្ធផ្សព្វផ្សាយនានា”។
លោកឲ្យដឹងទៀតថា ពួកគេនឹងកាន់តែមើលឃើញជាក់ស្តែងនៅលើឆាក នាថ្ងៃបើកសម្ពោធពីអ្វីដែលខ្មែរមានដែលធ្វើឲ្យពួកគេអង្រួនអារម្មណ៍ចំពោះមរតកវប្បធម៌ខ្មែរ ដើម្បីពាំនាំទៅកាន់ប្រទេសគេរៀងៗខ្លួនដើម្បីទាក់ទាញទេសចរណ៍បរទេសមកកម្ពុជាបានចំណូលថែមទៀត ។
ម្យ៉ាងទៀត ផលប្រយោជន៍ពីការប្រកួតកីឡាស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ លោកថា ក៏ជា លាងជម្រះនូវមន្ទិលសង្ស័យចំពោះការឃោសនាអកុសលពីកម្ពុជាក៏អាចរលុបផងដែរ ក្រោយពួកគេបានមកឃើញផ្ទាល់ ៕