អគ្គនាយកដ្ឋាន​ពន្ធដារ ប្រកាស​ពី​ការ​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ​ការ​បង់ពន្ធ​មធ្យោបាយ​ដឹកជញ្ជូន​ឆ្នាំ​២០២១ នៅ​ថ្ងៃទី​១ កុម្ភៈ​ខាងមុខនេះ

តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន​ចុះ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២២ អគ្គនាយកដ្ឋាន​ពន្ធដា​រ​បានប្រកាស​ពី​ការចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ​ការបង់ពន្ធ​មធ្យោបាយ​ដឹកជញ្ជូន​ និង​យានជំនិះ​គ្រប់​ប្រភេទ​ប្រចាំឆ្នាំ​២០២១​។

ប្រតិបត្តិការ​នេះ​នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២២​ខាងមុខនេះ ដោយ​ក្រុមការងារ​ចម្រុះ​ដឹកនាំ​ដោយ​មន្ត្រី​ពន្ធដារ រួមសហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថ្នាក់ក្រោម​ជាតិ​។​

​គោលដៅ​ចុះ​ប្រតិបត្តិការ​នេះ គឺ​នឹង​ធ្វើឡើង​នៅតាម​គោលដៅ​មួយចំនួន​លើ​កំណាត់​ផ្លូវ​សំខាន់ៗ​នៃ​រាជធានី​-​ខេត្ត​។ នេះ​បើតាម​ការបញ្ជាក់​របស់​អគ្គនាយកដ្ឋាន​ពន្ធដា​រ​។

​ទន្ទឹមនឹង​គ្នា​នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ​ក៏បាន​អំពាវនាវ​ឱ្យ​ម្ចាស់​យានយន្ត​ដែល​មិនទាន់​ទៅ​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​និង​យានជំនិះ​ឆ្នាំ​២០២១ រួសរាន់​ទៅ​ប្រកាស​បង់ពន្ធ និង​បង់ប្រាក់​ពិន័យ​តាមច្បាប់​នៅ​អគ្គនាយកដ្ឋាន ឬ​នៅតាម​សាខា​ពន្ធដារ​ខេត្ត​-​ខណ្ឌ និង​ធនាគារ​ដែលមាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ​។

អគ្គនាយកដ្ឋាន​ពន្ធដា​រ ថា ការ​រួសរាន់​ទៅ​បង់ពន្ធ​នេះ គឺ​ដើម្បី​ជៀសវាង​ក្រុមការងារ​ចម្រុះ​ធ្វើការ​ឃាត់​យានយន្ត​តាម​ដងផ្លូវ​តម្រូវឱ្យ​បង់ប្រាក់​ពន្ធ ដែលនាំឱ្យ​ខកខាន​ពេលវេលា និង​ស្ទះចរាចរណ៍​ធ្វើដំណើរ​៕​