កម្ពុជា-JICA គម្រោងបង្កើតផែនការអភិវឌ្ឍន៍វិស័យទឹកស្អាតទីប្រជុំជន

ភ្នំពេញ ៖ «គម្រោងរៀបបង្កើតផែនការអភិវឌ្ឍន៍វិស័យទឹកស្អាតទីប្រជុំជន»នេះ ត្រូវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកំណត់ហេតុនៃកិច្ចពិភាក្សារវាងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) នាពេលថ្មីៗនេះ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរួមរបស់ក្រសួងឧស្សាហកម្ម និងJICA បានឱ្យដឹងថា គម្រោងនេះ គឺជាគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសទី ៥ ក្នុងវិស័យទឹកស្អាតចាប់ពីឆ្នាំ២០០៣។ គោលដៅរំពឹងទុករបស់គម្រោង ដើម្បីលើកកម្ពស់សមត្ថភាពមន្ត្រីជំនាញ ពាក់ព័ន្ធរបស់ក្រសួង និងមន្ទីរឧស្សាហកម្ម ក្នុងការរៀបចំបទបញ្ញត្តិ និងការគ្រប់គ្រងអង្គភាពទឹកស្អាតទីប្រជុំជន តាមរយៈការរៀបចំនូវគោលការណ៍ណែនាំអំពីការអភិវឌ្ឍន៍វិស័យទឹកស្អាតនៅទីប្រជុំជន គំរូផែនការអភិវឌ្ឍន៍ទឹកស្អាតនៅទីប្រជុំជនថ្នាក់ខេត្ត និងគំរូផែនការមេសម្រាប់អង្គភាពទឹកស្អាតសាធារណៈ។

គម្រោងនេះនឹងរួមចំណែក ធ្វើឲ្យប្រសើរឡើងនូវលទ្ធភាពទទួលបានទឹកស្អាត ដែលមានគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យនៅក្នុងប្រទេសកម្ពុជា។ គម្រោងនេះ ក៏នឹងជួយដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការរៀបចំគោលការណ៍ណែនាំ និងផែនការអភិវឌ្ឍន៍វិស័យទឹកស្អាត តាមរយៈការកសាងសមត្ថភាពជាបន្តបន្ទាប់ដល់មន្ត្រីជំនាញពាក់ព័ន្ធរបស់ក្រសួង និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

ជាមួយគ្នានេះដែរ ផ្អែកលើឯកសារកិច្ចព្រៀងកំណត់ហេតុនៃកិច្ចពិភាក្សា គម្រោងនេះរំពឹងថានឹងត្រូវចាប់ផ្តើមអនុវត្តនៅពាក់កណ្តាលឆ្នាំ២០២៣ ខាងមុខនេះ ដោយមានគោលបំណងរៀបចំគោលការណ៍ណែនាំអំពីការអភិវឌ្ឍន៍វិស័យទឹកស្អាតទីប្រជុំជន គំរូផែនការអភិវឌ្ឍន៍ទឹកស្អាតទីប្រជុំជនថ្នាក់ខេត្ត និងគំរូផែនការមេសម្រាប់អង្គភាពទឹកស្អាតសាធារណៈនៅខេត្តគោលដៅ។

សកម្មភាពរបស់គម្រោងក៏នឹងរួមបញ្ចូលទាំងការកសាងសមត្ថភាពមន្ត្រីជំនាញពាក់ព័ន្ធរបស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិង នវានុវត្តន៍ ផងដែរ៕
ដោយ៖ រិន ចំរើន