ភ្នំពេញ៖ ឆ្នាំ២០២៣ជាជំនួបលើកទី៥ រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មានដើម្បីស្វែងយល់ពីសុខទុក្ខរវាងថ្នាក់ដឹកនាំ និងអ្នកសារព័ត៌មាន ខណៈពិធីនេះត្រូវបានមជ្ឈដ្ឋានអ្នកសារព័ត៌មានយល់ថា ជាឱកាសល្អសម្រាប់អ្នកសារព័ត៌មាន អាចសួរឆ្លើយដោយផ្ទាល់រវាងសម្តេចនាយករដ្ឋមន្ត្រីនិងអ្នកសារព័ត៌មាន ស្វែងយល់រាក់ជ្រៅជាមួយគ្នាទៀតផង។
មុនជំនួបមួយថ្ងៃពោលគឺនៅថ្ងៃទី១៣ខែមករា អ្នកសារព័ត៌មានបានតម្រង់ជួរបន្តគ្នាចូលមកធ្វើតេស្តរកកូវីដ ១៩ នៅក្រសួងព័ត៌មាន ដើម្បីត្រៀមចូលរួមពិធីជួបជុំរវាង សម្តេចតេជោ នាយករដ្ឋមន្ត្រី នៅល្ងាចថ្ងៃទី១៤មករានេះ។ ក្រោមទឹកស្រស់ប៉ប្រិមញញឹមពព្រាយ អ្នកសារព័ត៌មានបានស្វាគមន៍គ្នាក្នុងនាមជាមិត្តរួមអាជីព អំឡុងពេលឈររង់ចាំដល់វេនធ្វើតេស្តរកកូវីដ ១៩។
លោក ស្រេង ដារ៉ា ចាងហ្វាងសារព័ត៌មាន Campost បានថ្លែងថា ជំនួបនេះល្អណាស់ ព្រោះបានបង្ហាញពីទឹកចិត្តទូលាយទទួលស្វាគមន៍រវាងថ្នាក់ដឹកនាំកំពូលជាមួយអ្នកសារព័ត៌មាន។លោក ដារ៉ា បញ្ជាក់ថា «និយាយជារួមទៅ យើងចង់បង្ហាញភាពស្និទ្ធស្នាលរវាងមេដឹកនាំជាមួយអ្នកសារព័ត៌មាន ហើយជាទូទៅគឺ ប្រមុខរាជរដ្ឋាភិបាលលោកតែងតែជួបជាមួយអ្នកសារព័ត៌មានរៀងរាល់មួយឆ្នាំម្ដង លើកលែងតែឆ្នាំដែលមានជំងឺកូវីដ១៩ ឆ្លងច្រើនកន្លងទៅនេះ»។ ទោះមិនបានជួបជាមួយអ្នកសារព័ត៌មានអំឡុងពេលកូវីដ ប៉ុន្តែលោក ដារ៉ា កត់សម្គាល់ឃើញថា សម្ដេចតែងផ្សារភ្ជាប់អ្នកសារព័ត៌មានតាមរយៈក្លិបអ្នកកាសែតដើម្បីរក្សាភាពស្និទ្ធស្នាលជាមួយនឹងបងប្អូនអ្នកសារព័ត៌មាន។
កំពុងឈររេរាជជែកលេងជាមួយមិត្តភក្តិនៅមុខកន្លែងធ្វើតេស្តកូវីដ លោក ង៉ាន់ សំណាង អ្នកសារព័ត៌មានទូរទស្សន៍ CNC បានសរសើរការរៀបចំឱ្យមានការធ្វើតេស្តរកកូវីដមុនជំនួបជាមួយសម្តេចតេជោ។ «វិធានការសុខាភិបាលទាំងនេះ ជាការរក្សាភាពសុខសាន្តផ្លូវចិត្តមួយសម្រាប់អ្នកចូលរួម ចៀសវាងហានិភ័យនៃការឆ្លងជំងឺដ៏កាចសាហាវកូវីដ១៩»។ នេះជាការអះអា ងរបស់ លោក សំណាង។
កំពុងមមាញឹកព្រោះនឹកមិត្តភក្តិអ្នកភ្នំពេញ លោក អ៊ុង ភក្ដី មន្ត្រីមន្ទីរព័ត៌មានខេត្តស្វាយរៀងកំពុងឆ្ការដៃឆ្ការជើងជជែកលេងជាមួយអ្នកឈរក្បែរ បានឆ្លៀតប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKPថា លោកសប្បាយចិត្តត្បិតអស់មន្ទិលថាមានកូវីដហើយ មុនចូលរួមជាមនុស្សច្រើនសម្រាប់ថ្ងៃជួបសម្តេចតេជោ។ លោក សង្ឃឹមថា នឹងបានស្ដាប់អនុសាសន៍ល្អៗដែលសម្តេចនឹងណែនាំសម្រាប់វិស័យព័ត៌មាន។
បន្ទាប់ពីធ្វើតេស្តកូវីដ ត្រៀមជួបសម្តេចរួចរាល់ លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ បានមានប្រសាសន៍ថា ជាការណ៍ល្អដែលមានការស្វែងរកកូវីដ ១៩ ដល់អ្នកសារព័ត៌មាន ដើម្បីរក្សាសុវត្ថិភាពពីការឆ្លងជំងឺកូវីដទាំងអស់គ្នា។
មកតាំងពីជាយដែនចូលដល់កណ្ដាលរាជធានី ក៏ព្រោះតែចង់ជួបសម្តេចតេជោនាយករដ្ឋមន្ត្រី។ លោកស្រីប្រធានមន្ទីរបានបន្ថែមថា លោកស្រីចង់ចូលរួមពិធីជំនួបរវាងសម្ដេចតេជោ ជាមួយអ្នកសារព័ត៌មាន ព្រោះចង់បានអនុសាសន៍ល្អៗពីថ្នាក់ដឹកនាំកំពូលដោយផ្ទាល់។
តាមរបាយការណ៍ចុះឈ្មោះនៅក្រសួងព័ត៌មានបានឱ្យដឹងថា កម្មវិធីជំនួបលើកទី៥ ជាមួយសម្តេចតេជោនេះ នឹងមានអ្នកសារព័ត៌មាន ចូលរួមប្រមាណជាង ៤ ០០០នាក់ រួមមាន៖ អង្គការ សមាគម ចំនួន ១៣អង្គភាព, ទីភ្នាក់ងារបរទេស និងការិយាល័យតំណាង ចំនួន ០១អង្គភាព ស្មើនឹង ២រូប, គេហទំព័រ និង TV ONLINE ចំនួន ៣២៨អង្គភាព, កាសែត ទស្សនាវដ្ដីចំនួន ៥៤អង្គភាព វិទ្យុ១៧ស្ថានីយ ទូរទស្សន៍ ១៥ស្ថានីយ, អ្នកនាំពាក្យ និងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ចំនួន ៦៣រូប៕ ដោយ៖ គង់ សេដ្ឋាមុនី