កូនប្រុសច្បង ដ៏មានឥទ្ធិពល វគ្គ៥ «ការជួបរឿងរ៉ាវដ៏រន្ធត់ក្នុងជីវិត»

ភ្នំពេញ៖ សៀវភៅ«កូនប្រុសច្បងដ៏មានឥទ្ធិពល»ជាស្នាដៃនិពន្ធរបស់ លោក ពៅ សុខ សមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរបានចំណាយពេលស្រាវជ្រាវ ប្រមូលទិន្នន័យជាង៨ឆ្នាំ និងចំណាយពេលជាង១០ខែក្នុងការរៀបរៀងកន្លងមក ទើបនឹងបានចេញផ្សាយជាសាធារណៈនៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ។

សារព័ត៌មានខ្មែរឈានមុខ នឹងផ្សាយមួយវគ្គម្ដងៗនូវខ្លឹមសារក្នុងសៀវភៅនេះ ដើម្បីឱ្យសាធារណជនបានដឹងពីចំណេះដឹង ទេពកោសល្យនៃការដឹកនាំ របស់បណ្ឌិត ហ៊ុន ម៉ាណែត។ សៀវភៅនេះក៏មានរៀបរាប់អំពីសកម្មភាពការងារដ៏មមាញឹក សឹងតែគ្មានពេលសម្រាករបស់លោកបណ្ឌិតផងដែរ។

វគ្គ៥ «ការជួបរឿងរ៉ាវដ៏រន្ធត់ក្នុងជីវិត»

ចាប់ពីក្រោយឆ្នាំ១៩៧៩តទៅ លោក ហ៊ុន ម៉ាណែត លែងសូវកម្សត់ទៀតហើយ ព្រោះឪ ពុករបស់លោកជារដ្ឋមន្រ្តីក្រសួងការបរទេស ប៉ុន្តែ លោកនៅតែរស់នៅជាមួយឪពុកម្តាយ ក្នុងផ្ទះដែលជញ្ជាំង ដំបូលរហែក លិច និងសាច ទឹកភ្លៀង ហូបបាយលាយពោត ហូបបាយ លាយដំឡូង ក្រោមពន្លឺចង្កៀងប្រេងកាត ឬមុំាងសុងនៅឡើយ។

ភ្នំពេញគ្រានោះពុំមានអគ្គិសនី និងទឹកស្អាតប្រើប្រាស់ទេ។ ជារៀងរាល់ថ្ងៃអគ្គិសនីដាច់ ចរន្តជាញឹកញាប់ និងទឹកត្រូវប្រើប៉ោត ឬធុង ដើម្បីរែក ឬដឹកទឹកពីមាត់ទន្លេ មុខព្រះបរមរាជ វាំងយកមកដាក់ពាងដោយខ្លួនឯង។ ភ្នំពេញដែលអំឡុងឆ្នាំ១៩៧០ មានមនុស្សចូលមករស់ នៅប្រមាណ ជាង២លាននាក់ បានបាត់បង់មនុស្សអស់ ដែលគេរកឃើញនៅថ្ងៃដំបូងនៃឆ្នាំ ១៩៧៩ មានតែចំនួន៧០នាក់ប៉ុណ្ណោះ។ ភ្នំពេញបានក្លាយជាខ្មោចក្រុងដែលគ្មានមនុស្សរស់នៅដែលគេបោះបង់ចោល មានតែភាពស្ងាត់ជ្រងំដ៏គួរឱ្យស្រងេះស្រងោច។

ក្រៅពីជួបនូវរឿងហេតុដ៏រន្ធត់តក់ស្លុតពីថ្ងៃចាប់កំណើតរហូតកុមារភាព និងពេលជាយុវ ជន លោក ហ៊ុន ម៉ាណែត ត្រូវបានគេដឹងថា ធ្លាប់ជួប ឬឆ្លងកាត់នូវរឿងរ៉ាវ ដ៏រន្ធត់តក់ស្លុតពីរលើកផ្សេងទៀត គឺដំណាក់កាលដែលសម្តេច ហ៊ុន សែន ចេញទៅចរចាស្វែងរកសន្តិភាព និងការចេញទៅបន្តការសិក្សានៅបរទេស។
ពេលទៅរៀននៅក្រៅប្រទេស (សហរដ្ឋអាម៉េរិក) នៅសាលាបណ្ឌិតសភាយោធាអាម៉េ រិក អំឡុងឆ្នាំ១៩៩៦ លោក ម៉ាណែត ត្រូវគេប៉ុនប៉ងចាប់ពង្រត់ និងធ្វើឃាតផងដែរ ប៉ុន្តែ អ្វីៗបានល្អប្រសើរវិញដោយសារសម្តេច ហ៊ុន សែន ទទួលបានព័ត៌មាននេះពីក្រុមចារកម្ម របស់សម្តេច ហើយសម្តេចបានស្នើឱ្យមានការអន្តរាគមន៍ពីអាជ្ញាធរ មានសមត្ថកិច្ចនៅស ហរដ្ឋឱ្យជួយការពារទើបលោក ម៉ាណែត គេចផុតពីគ្រោះភ័យ។

ការប៉ុនប៉ងធ្វើឃាត ឬ ចាប់ ពង្រត់នៅសហរដ្ឋអាម៉េរិក ធ្វើឡើងតាមបញ្ជាពីអ្នកនយោបាយ ដែលប្រឆាំងគណបក្សប្រជាជនកម្ពុជា ប្រឆាំងសម្តេច ហ៊ុន សែន នៅភ្នំពេញ។ ក្នុងដំណាក់កាលនោះ គណបក្សដែលប្រ ឆាំងសម្តេច ហ៊ុន សែន ប្រជែងនឹងគណបក្សប្រជាជនកម្ពុជាធំជាងគេ គឺគណបក្ស ហ្វ៊ុនស៊ិ នប៉ិច។ គណបក្សហ្វ៊ុនស៊ិនប៉ិច គឺជាគូប្រជែងដ៏លេចធ្លោជាងគេនៅកម្ពុជា និងធ្លាប់បានឈ្នះការឆ្នោតដែលរៀបចំដោយអ៊ុនតាក់នៅឆ្នាំ១៩៩៣ ហើយសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្ស បានក្លាយជានាយករដ្ឋមន្រ្តីទី១ សម្តេច ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ទី២ តាមព្រះតម្រិះ នៃព្រះករុណា ព្រះបាទនរោត្តម សីហនុ។

មន្រ្តីជាន់ខ្ពស់ នៃគណបក្សហ្វ៊ុនស៊ិនប៉ិចមិនបានពេញចិត្ត ឬសប្បាយចិត្តទេ ដែលអំណាចទាំងស្រុងមិនបានធ្លាក់ទៅក្នុងកណ្តាប់ដៃពួកគេ ព្រោះព្រះករុណា ព្រះបាទនរោត្តម សីហនុ បានសម្រេចព្រះទ័យបង្កើតឱ្យ មានសហនាយករដ្ឋមន្រ្តី ដែលជាការចែករំលែកអំណាចឱ្យទៅគណបក្សប្រជាជនកម្ពុជា។ មនុស្សដែលមានឥទ្ធិពលក្នុងគណបក្សហ្វ៊ុនស៊ិនប៉ិច អំឡុងពេលនោះ គឺឧត្តមសេនីយ៍សេរី កុសល ឧត្តមសេនីយ៍ ចៅ សម្បត្តិ ឧត្តមសេនីយ៍ ខាន់ សាវឿន ឧត្តមសេនីយ៍ ញឹក ប៊ុនឆៃ ដែលបច្ចុប្បន្នលោក ញឹក ប៊ុនឆៃ ជាប្រធានគណបក្សខ្មែររួបរួមជាតិ។ គេបានដាក់ការសង្ស័ យការចាប់ពង្រត់ ឬការប៉ុនប៉ងធ្វើឃាតនេះ ទៅលើក្រុមឧត្តមសេនីយ៍ទាំងនេះ។ លោក ម៉ាណែត ពុំបានដឹងអំពីរឿងហេតុនេះទេ ប៉ុន្តែក្រោយមក ទើបលោកដឹងតាមរយៈការនិយាយប្រាប់ពីមនុស្សជំនិតរបស់សម្តេច ហ៊ុន សែន ធ្វើឱ្យលោកមានការរន្ធត់ចិត្តយ៉ាងខ្លាំង។

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ជាអគ្គមេបញ្ជាការ នៃកងអង្គរក្ស ដែលប្រើពាក្យស្លោក ស្មោះត្រង់ ការពារ និងបម្រើ ចំពោះសម្តេច ហ៊ុន សែន និងក្រុមគ្រួសារនោះ ពុំបានដឹង អំពីរឿងហេតុនេះទេ ទោះបីលោកជាកងការពារសម្តេច ហ៊ុន សែន តាំងពីឆ្នាំ១៩៩២ មកក៏ ដោយ ព្រោះលោកទទួលខុសត្រូវតែលើសន្តិសុខសុវត្ថិភាពក្នុងប្រទេស។ នៅក្នុងបន្ទប់ទទួល ភ្ញៀវដែលមាននាយកខុទ្ធកាល័យម្នាក់ចាំកត់ត្រា នាយឧត្តមសេនីយ៍ ដែលមានមាឌក្រអាញ សម្បុរខ្មៅ និងដែលជាទូទៅគេហៅលោកថា ប៉ាខ្មៅ ដែលនិយាយដោយសម្តីលះៗ គ្មានការលាក់លៀម លោក ហ៊ីង ប៊ុនហៀង មានប្រសាសន៍ថា លោកបានទទួលភារកិច្ចជាអ្នកការ ពារសុខសុវត្ថិភាពជូនសម្តេច ហ៊ុន សែន និងក្រុមគ្រួសារនៅឆ្នាំ១៩៩២។

សម្រាប់លោក ម៉ាណែត ដែលនៅសិក្សាក្នុងប្រទេស គឺក្រុមលោកជាអ្នកការពារពីចម្ងាយគឺតាមការពារដោ យប្រយោលមិនឱ្យអ្នកណាដឹង សូម្បីតែលោកម៉ាណែត ខ្លួនឯងក៏មិនបានដឹងថា ក្រុម លោកឧត្តមសេនីយ៍តាមឃ្លាំមើល ឬតាមការពារដោយសម្ងាត់ពីចម្ងាយដែរ ប៉ុន្តែ ប្រសិនបើ លោក ហ៊ុន ម៉ាណែត មានរឿងហេតុអ្វីកើតឡើង គឺក្រុមលោកនឹងចេញអន្តរាគមន៍ទាន់ពេល ភ្លាមៗ។

ទោះជាយ៉ាងណា ពេលកំពុងសិក្សានៅសហរដ្ឋអាម៉េរិកនោះ លោក ម៉ាណែតបានលាក់ប្រវត្តិខ្លួនឯងយ៉ាងជិត មិនឱ្យគេដឹងថាលោកជាកូនប្រុសរបស់នាយករដ្ឋមន្រ្តី រហូតដល់រៀន ចប់ពេលទទួលសញ្ញាបត្រទើបពួកគេដឹង ធ្វើឱ្យមិត្តភក្តិមួយចំនួនអាក់អន់មិនសប្បាយចិត្ត ព្រោះតែលោកលាក់ពួកគេ។ ការណ៍លាក់បាំងប្រវត្តិនេះ លោក ហ៊ុន ម៉ាណែត ពុំមានចេតនា ខ្លាចគេមានបំណងអាក្រក់ណាមួយលើរូបលោកទេ ប៉ុន្តែ លោកមិនចង់ឱ្យមិត្តរួមថ្នាក់គេ ក្រែង ចិត្ត ព្រោះជាទូទៅមិត្តភក្តិ ប្រសិនបើដឹងថា នរណាម្នាក់ជាកូនមន្រ្តីធំ ជាកូននាយករដ្ឋមន្រ្តី ឬប្រធានាធិបតី ឬជាប់សែស្រឡាយរាជវង្ស នឹងបាត់បង់ភាពកក់ក្តៅ។ ការរាប់អាននឹងមិនសូ វស្និទ្ធស្នាលគ្នាឡើយ។

រឿងរ៉ាវដ៏រន្ធត់សម្រាប់លោកមួយផ្សេងទៀត ធ្វើឱ្យលោកចងចាំមិនភ្លេចនោះ គឺកើតឡើ ងអំឡុងពេលលោកមានវ័យ១២ឆ្នាំ និងជាពេលដែលសម្តេច ហ៊ុន សែន កំពុងដំណើរចរចា ស្វែងរកសន្តិភាពជូនប្រជាជន និងប្រទេសកម្ពុជាជាមួយព្រះករុណាព្រះបាទ នរោត្តមសីហនុ ឬ ត្រីភាគី។
ដំណើរការ នៃការចរចាស្វែងរកសន្តិភាព ដ៏ចម្រូងចម្រាស មានរយៈពេល៤ឆ្នាំ គឺចាប់ ផ្តើមពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨៧ រហូតដល់ថ្ងៃទី២៣ខែតុលា ឆ្នាំ១៩៩១ ទើបទទួលបានលទ្ធផល គឺកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស។

កិច្ចចរចាទម្រាំឈានដល់កិច្ចព្រមព្រៀងនេះ សម្តេច ហ៊ុន សែន ត្រូវឆ្លងកាត់នូវឧបសគ្គនិងការជេរប្រមាថ មាក់ងាយពីគូបដិបក្ខរាប់មិនអស់ស្ទើរតែធ្វើឱ្យសម្តេចអស់ការអត់ធ្មត់ និងបោះបង់ចោលម្តងៗ។ ពាក្យថាចរចាសន្តិភាព ស្តាប់ទៅស្រួ លស្តាប់ ស្រួលសរសេរ ស្រួលចាំ ប៉ុន្តែ មហាលំបាកក្នុងការអនុវត្ត ព្រោះបើធ្វេសប្រហែលតែ បន្តិច សន្តិភាពនឹងបាត់បង់ សន្តិភាព នឹងក្លាយជាពាក្យអសន្តិភាព។
ដំណើរការចរចាសន្តិភាព នៅកម្ពុជា សម្តេច ហ៊ុន សែន បានចំណាយពេល៤ឆ្នាំ (១៩ ៨៧-១៩៩១) ទើបទទួលបាននូវកិច្ចព្រមព្រៀងចតុភាគី ស្តីពីការឈប់បាញ់មួយ ដោយមានប ណ្តាប្រទេសអាស៊ាន ប្រទេសមហាអំណាចទាំង៥ និងបណ្តាប្រទេសផ្សេងៗទៀតដឹងឮ ហើយ ត្រូវរៀបចំការបោះឆ្នោតមួយដោយអង្គការសហប្រជាជាតិ ហៅកាត់ថា UNTAC (អ៊ុនតាក់)។

កិច្ចព្រមព្រៀងសន្តិភាព ឬបទឈប់បាញ់នេះ មិនបានរារាំងពួកខ្មែរឱ្យឈប់បាញ់ទេ គឺពួកគេបន្តសកម្មភាពវាយឆ្មក់បង្កអសន្តិសុខសង្គមជារៀងរាល់ថ្ងៃ នៅតំបន់ភាគខាងលិច និងពាយព្យប្រទេស ដូចជាប៉ៃលិន សំឡូត ម៉ាឡៃ អន្លង់វែង ជាដើម។ ពួកខ្មែរក្រហ មបាន បោះបង់ចោលការចូលរួមបោះឆ្នោតដោយសេរី ហើយជ្រើសរើសយកការប្រ យុទ្ធដោយអាវុធដើម្បីផ្តួលរំលំរដ្ឋាភិបាលរដ្ឋកម្ពុជា។ ពួកខ្មែរក្រហមបា នហាមឃា ត់មិន ឱ្យអ៊ុនតាក់ចូលទៅតំបន់ដែលខ្លួនកាន់កាប់ដើម្បីត្រួតពិនិត្យ និងដកហូ តអា វុ ធតាម កិច្ច ព្រម ព្រៀងចតុភាគី។ ឯកងកម្លាំងរបស់អ៊ុនតាក់ក៏មិនហ៊ានចូលទៅកាន់តំបន់ ដែល ត្រួត ត្រាដោ យខ្មែរក្រហមដែរ ថែមទាំងមិនហ៊ានទាំងដាក់ទណ្ឌកម្មដល់ ពួកខ្មែ រក្រហ មទៀតផង។

ក្រោយការបោះឆ្នោតដោយសេរីឆ្នាំ១៩៩៣ អ៊ុនតាក់បានដកចេញពីកម្ពុជា។ កម្ពុជា ក៏មិ នទាន់ទទួលបាននូវសុខសន្តិភាពនោះទេ ដោយអ៊ុនតាក់បានបន្សល់ទុកជាប្រវត្តិសាស្រ្តនូវ ប្រទេសមួយមានតំបន់ត្រូតត្រា២ គឺប៉ែកខាងលិចប្រទេសគ្រប់គ្រងដោយខ្មែរក្រហម និង៩០%គ្រប់គ្រងដោយរាជរដ្ឋាភិបាលចម្រុះ (សហនាយករដ្ឋមន្រ្តី) រហូតដល់ឆ្នាំ១៩៩៦ ក្រោយការចរចាសម្ងាត់ ដោយយុទ្ធសាស្រ្តឈ្នះ ឈ្នះ របស់សម្តេច ហ៊ុន សែន ទើបតំបន់ប៉ៃ លិនគ្រប់គ្រងដោយលោក អៀង សារី និងមេទ័ព អ៊ី ឈាន សម្រេចចិត្តផ្តាច់ខ្លួនចេញពីមេដឹក នាំខ្មែរក្រហមដទៃទៀត និងធ្វើសមាហរណកម្មជាមួយរាជរដ្ឋាភិបាល។

ការផ្តាច់ខ្លួនរបស់តំបន់ប៉ៃលិន ធ្វើឱ្យចលនាខ្មែរក្រហមរង្គោះរង្គើ ហើយមេដឹកនាំខ្មែរ ក្រហមចាប់ផ្តើមលែងទុកចិត្តគ្នា។ ប៉ុល ពត ជាមេឃាតករ ខឹងតាម៉ុក និងសុន សេន ដែលគាត់បញ្ជាឱ្យសម្លាប់លោក អ៊ី ឈាន មិនបានសម្លាប់ ថែមទាំងបណ្តោយឱ្យលោកអ៊ី ឈាន ដឹកនាំកម្លាំងផ្តាច់ខ្លួននិងធ្វើសមាហរណកម្មជាមួយរាជរដ្ឋាភិបាលទៀត។ ប៉ុល ពត បានប្រើពាក្យបដិវត្តន៍របស់គាត់ទៅកាន់តាម៉ុក និង សុន សេន ថាគឺអស់លោកល្មមដល់ពេ លសម្រាកហើយ ដែលពាក្យនេះមានន័យថា តាម៉ុក និង សុន សេន នឹងត្រូវសម្លាប់។ សម្តី របស់ ប៉ុល ពត ធ្វើឱ្យតាម៉ុកច្រឡោតខឹងយ៉ាងខ្លាំង រួចតបតទៅវិញទាំង កម្រោលថា បើលោ កឯងពូកែ លោកឯងធ្វើខ្លួនឯងទៅ។

មិនយូរប៉ុន្មានលោក សុន សេន ត្រូវបានកម្លាំងរបស់លោ ក ប៉ុល ពត បាញ់សម្លាប់ទាំងគ្រួសារ នៅលើកំពូលភ្នំនៃជួរភ្នំដងរែកក្បែរទីបញ្ជាការដ្ឋាន ស ម្ងាត់របស់លោក ប៉ុល ពត នៅភូមិក្បាលទន្សោង និងបានយករថក្រោះបរកិនពីលើថែម ទៀត។ សពចៅស្រីបង្កើតលោក សុន សេន រកឃើញនៅឆ្ងាយពីផ្ទះ ដែលមាន រាងកាយ អា ក្រាតទំនងជាត្រូវរំលោភមុនសម្លាប់។

ប៉ុល ពត បានប្រាប់អ្នកកាសែតលោកខាងលិចថា លោក សុន សេន ជាយុទ្ធមិត្ត របស់ លោកដ៏ល្អជាយូរណាស់មកហើយ ហើយលោកបញ្ជាឱ្យសម្លាប់តែលោក សុន សេន និង ភរិ យាឈ្មោះ យុន យ៉ាតប៉ុណ្ណោះ ប៉ុន្តែអ្នកអនុវត្តធ្វើលើសពីអ្វីដែលលោកបញ្ជា។ បញ្ហានេះ លោ កមានវិប្បដិសារីដែរ ព្រោះអ្វីៗដោះស្រាយមិនបានល្អស្អាត។

ការធ្វើឃាតលោក សុន សេន ធ្វើឱ្យតាម៉ុកខឹងសម្បាយ៉ាងខ្លាំង ហើយចាប់ផ្តើមរៀបចំ កម្លាំងបះបោរប្រឆាំង ប៉ុល ពត។ តាម៉ុកបានចាប់ខ្លួន ខៀវ សំផន, នួន ជា និង ប៉ុល ពត។ តាម៉ុក ដោះលែង នួន ជា និងខៀវ សំផន ឱ្យរួចខ្លួន និងបានកាត់ទោស ប៉ុល ពត ដោយតុលា ការមហាជន ហើយបន្តឃុំខ្លួន ប៉ុល ពត នៅក្នុងខ្ទមរហូតដល់ថ្ងៃស្លាប់។ ប៉ុល ពត ស្លាប់ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៩៨ ក្នុងវ័យជាង៧០ឆ្នាំ ហើយកងការពារ ឬមនុស្សជំ និតលោក ប៉ុល ពត ដែលជាប់ពាក់ព័ន្ធនឹងការស្លាប់របស់គ្រួសារលោក សុន សេន ត្រូវតាម៉ុកចាប់យក មកកាត់ទោសដែរ ដោយមានខ្លះត្រូវបានកប់ទាំងរស់។

តាម៉ុក ត្រូវកម្លាំងកងរាជអាវុធហត្ថរាជរដ្ឋាភិបាលចាប់ខ្លួន និងបញ្ជូនមកកាន់តុលាការយោធានៅឆ្នាំ១៩៩៩ និងបានស្លាប់នៅឆ្នាំ២ ០០៦។ ចំណែកលោក ខៀវ សំផន, នួន ជា, អៀងសារី និងមេដឹកនាំខ្មែរក្រហមដទៃទៀត ត្រូវ បានសម្តេច ហ៊ុន សែន អញ្ជើញឱ្យមកពិសាបាយរួមគ្នានៅភូមិគ្រឹះសម្តេច នាក្រុង តាខ្មៅ ថ្ងៃទី ២៩ខែធ្នូ ឆ្នាំ១៩៩៨។ សម្តេច តេជោ មានប្រសាសន៍ ថាការអញ្ជើញមេដឹកនាំខ្មែរក្រហមមក ពិសាបាយរួមគ្នា គឺសម្តេចចង់ប្រកាសប្រាប់ពិភពលោកថា សង្រ្គាមនៅកម្ពុជាត្រូវបានបញ្ចប់ ជាស្ថាពរហើយ។

សរុបមក ត្រឹមតែពាក្យថាចរចាសន្តិភាព គឺសម្តេច ហ៊ុន សែន ដែលគេចាត់ទុកថាជាកំពូ លស្ថាបនិក និងបិតាសន្តិភាពរបស់កម្ពុជា បានចំណាយពេល១១ឆ្នាំពេញ(០២ធ្នូ១៩៨៧-២៩ ធ្នូ១៩៩៨) ដើម្បីបញ្ចប់សង្រ្គាម ឬបង្កើតសន្តិភាព១០០ភាគរយនៅកម្ពុជា។

នៅក្នុងអាហារដ្ឋានមួយនៃសណ្ឋាគារសូហ្វីថែល លោក ម៉ាណែត បានរ៉ាយរ៉ាប់ថា នៅ យប់ថ្ងៃមួយមុនពេលសម្តេច ហ៊ុន សែន ចេញទៅចរចាសន្តិភាព ខណៈមិនទាន់ដេកលក់ លោ កបានស្តាប់ឮឪពុករបស់លោក និយាយផ្តែផ្តាំម្តាយធំឱ្យជួយមើលថែកូនៗ ប្រសិនបើ សម្តេច មានបញ្ហាអ្វីមួយកើតឡើង។
ប្រសាសន៍នេះហើយដែលធ្វើឱ្យលោកក្តុកក្តួល រំជួលចិត្ត ទោះបីជាលោកនៅក្មេង តែលោក យល់ពីបញ្ហាខ្លះៗ ដោយលោកគិតថា តើត្រូវដោះស្រាយយ៉ាងណា ប្រសិនបើពេលនោះ សម្តេចមានបញ្ហា ដូចបណ្តាំនោះ។

លោក ម៉ាណែត ដោយស្នាមញញិមផង ទទួលទានអា ហារផង បានពណ៌នាថា នៅពេលនោះលោក ចាប់ផ្តើមគេងមិនលក់ ចាប់ផ្តើមចេះគិត និងពិ ចារណាថា តើត្រូវដោះស្រាយ ឬធ្វើយ៉ាងណា បើខ្លួននៅក្មេង ហើយត្រូវទទួលរ៉ាប់ចំពោះប្អូនៗ ចំពោះគ្រួសារទាំងមូល។ ប៉ុន្តែ រឿងរ៉ាវដ៏គួរឱ្យតក់ស្លុតរន្ធត់ចិត្តនេះមិនបានកើតឡើងទេ ព្រោះអ្វីៗបានប្រព្រឹត្តទៅយ៉ាងល្អ និងរលូន ហើយសម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលបានជោគជ័យជារៀងរហូតមក៕
ដោយ៖ គង់ សេដ្ឋាមុនី