សម្ដេច ស ខេង ៖ កម្ពុជា មានឆន្ទៈមោះមុត ប្រឆាំងការ សម្អាតប្រាក់

ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអះអាងថា កម្ពុជា មានឆន្ទៈយ៉ាងមោះមុត ក្នុងការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានអាវុធមហាប្រល័យ។

នេះជាការលើកឡើងរបស់សម្តេចក្នុងជំនួបជាមួយគណៈប្រតិភូក្រុមប្រទេសប៉ាស៊ីហ្វិក អំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃ១១ មករា ។

សម្ដេចបន្ដថា ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់ពេលនេះ កម្ពុជា សម្រេចបានសមិទ្ធផលសំខាន់ៗ មួយចំនួន ទាំងក្នុងក្របខណ្ឌកសាងច្បាប់ លិខិតបទដ្ឋានគតិយុត្តបម្រើឱ្យការងារទាំងនេះ និងការអនុវត្តទៅនឹងកិច្ចការ ងារមួយចំនួន។

សម្ដេចបន្ថែមថា ទន្ទឹមនឹងការកសាងលិខិតបទដ្ឋានគតិយុត្តបម្រើឱ្យកិច្ចការទាំងនេះ កម្ពុជាបានពិនិត្យ និងកែសម្រួល ព្រមទាំងពង្រឹងយុទ្ធការដឹកនាំការងារ នេះយ៉ាងសកម្មផងដែរ ក្នុងនោះបានរៀបចំជាអនុគណៈកម្មាធិការ ដែលមានសមត្ថកិច្ចពាក់ព័ន្ធទៅតាមវិស័យទទួលខុសត្រូវរៀងៗខ្លួន ពាក់ព័ន្ធទៅលើកិច្ចការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានអាវុធមហាប្រល័យនេះ។

សម្ដេច ស ខេង បញ្ជាក់ទៀតថា កម្ពុជា ក៏ចាត់ទុកកិច្ចការនេះ គឺជាកិច្ចការដល់សំខាន់ និងអាទិភាព ដោយចាត់តាំងធ្វើការផ្សព្វផ្សាយនូវការងារប្រឆាំងការងារសម្អាតប្រាក់ ជាបន្តបន្ទាប់ សំដៅធ្វើយ៉ាងណាផ្សព្វផ្សាយឱ្យមានការយល់ដឹងកាន់តែទូលំទូលាយ៕ ដោយ៖ រិន ចំរើន