ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ បានបញ្ជូនជនសង្ស័យជនជាតិចិនចំនួន០២នាក់យកទៅតុលាការចាត់ការតាមផ្លូវច្បាប់។
តាមរបាយការណ៍របស់ស្នងការនគរបាលរាជធានីភ្នំពេញ ឱ្យដឹងថា ការបញ្ជូទៅតុលាការជនសង្ស័យទាំងពីរូបនេះ បន្ទាប់ពីឃាត់ខ្លួនកាលពីរសៀលថ្ងៃទី០៧ ខែមករា ២០២៣ នៅចំណុចមុខច្រកចូលបុរីចំការមន ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ពាក់ព័ន្ធករណី អំពើប្លន់ប្រដាប់អាវុធធ្វើសកម្មភាពភ្ជង់យកប្រាក់ម្ចាស់ហាងជនជាតិចិនដូចគ្នានៅហាងមួយកន្លែងក្នុងទឹកដីខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ ។
ជនសង្ស័យទាំង០២នាក់មានឈ្មោះ YAO YUHONG ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកបើកបររថយន្តនៅកាស៊ីណូជីងលី -ស្នាក់នៅអាផាតមិនបាលី១ បន្ទប់លេខ១២អា១ ផ្លូវចៃកា ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងឈ្មោះ WANG YANG ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅអាផាតមិនបាលី១ បន្ទប់លេខ១២អា១ ផ្លូវចៃកា ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួន រួមមាន ៖ -អាវុធខ្លីម៉ាកLOCK 19 ពណ៌ខ្មៅ ចំនួន០១ដើម , -បង់អាវុធខ្លីចំនួន០២បង់ គ្រាប់អាវុធខ្លីចំនួន១៧ គ្រាប់ ។ ជនរងគ្រោះ ឈ្មោះ FANG FANG ភេទស្រី អាយុ ៣៤ឆ្នាំ។
ជនសង្ស័យទាំង២នាក់ នៅចំពោះមុខសមត្ថកិច្ចក៏បានឆ្លើយសារភាពទទួលទោសអំពីសកម្មភាពប្រព្រឹត្តបទល្មើសអំពើប្លន់នៅចំណុចខាងលើពិតប្រាកដមែន ៕
ដោយ៖ ពុទ្ធិពល