សម្ដេចតេជោ ៖ គង់ បូរ៉ា កូនលោកគង់ គាំត្រូវបម្រើបក្សប្រជាជន មិនអាចងាករេទៅបក្សប្អូនខ្លួនឡើយ

ភ្នំពេញ ៖ ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រាប់លោក គង់ បូរ៉ា ត្រូវបម្រើគណបក្សប្រជាជនកម្ពុជា ក្នុងនាមខ្លួនជាមាសជិក ដោយមិនអាចងាករេទៅគណបក្សរបស់ប្អូនខ្លួនឡើយ ។

លោក គង់ បូរ៉ា ពីមុនជាអតីតមន្រ្តីនៃអតីតគណបក្សសង្រ្គោះជាតិ។ បច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ត្រូវជាបងប្រុស លោក គង់ មុនីកា ជាសមាជិករបស់គណបក្សភ្លើងទៀន ខណៈលោក គង់ គាំ ជាឪពុក ជាទីប្រឹក្សាគណបក្សភ្លើងទៀន។

ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ពង្រីក និងលើកម្រិតគុណភាពកំណត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វល់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម សម្ដេចតេជោ បានផ្ដាំផ្ញើលោក គង់ បូរ៉ា ថា បើចូលជាសមាជិកគណបក្សប្រជាជនកម្ពុជាហើយ ត្រូវចូលឱ្យផុត «កុំចូលក្បាល នៅកន្ទុយ»។ សម្តេចក៏បាន រំលឹកលោក គង់ បូរ៉ា ឱ្យមានការប្រយ័ត្នប្រយែងផងដែរចំពោះនិន្នការរបស់ខ្លួនទៅរកបក្សនយោបាយ។

សម្ដេចតេជោសង្កត់ធ្ងន់ថា « គង់ បូរ៉ា ដែលចូលមកគណបក្សប្រជាជន គង់ បូរ៉ា ត្រូវធ្វើឱ្យស្រួល ។ ឥឡូវជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃផង ត្រូវធ្វើឱ្យស្រួល បើមកគណបក្សប្រជាជនកម្ពុជា ត្រូវតែបម្រើគណបក្សប្រជាជន មិនអាចបម្រើឱ្យប្អូនរបស់ខ្លួន បានទេ»។

សម្ដេចតេជោបន្ថែមថា រថយន្ដលោកគង់ បូរ៉ា កំពុងជិះនាពេលបច្ចុប្បន្នជារថយន្ដសម្តេច ទិញឱ្យ៕ ដោយ៖ រិន ចំរើន