កូនប្រុសច្បង ដ៏មានឥទ្ធិពល វគ្គ១«ការចាប់កំណើត»

ភ្នំពេញ៖ សៀវភៅ«កូនប្រុសច្បងដ៏មានឥទ្ធិពល»ជាស្នាដៃនិពន្ធរបស់ លោក ពៅ សុខ សមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរបានចំណាយពេលស្រាវជ្រាវ ប្រមូលទិន្នន័យជាង៨ឆ្នាំ និងចំណាយពេលជាង១០ខែក្នុងការរៀបរៀងកន្លងមក ទើបនឹងបានចេញផ្សាយជាសាធារណៈនៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ។

សារព័ត៌មានខ្មែរឈានមុខ នឹងផ្សាយមួយវគ្គម្ដងៗនូវខ្លឹមសារក្នុងសៀវភៅនេះ ដើម្បីឱ្យសាធារណជនបានដឹងពីចំណេះដឹង ទេពកោសល្យនៃការដឹកនាំ របស់បណ្ឌិត ហ៊ុន ម៉ាណែត។ សៀវភៅនេះក៏មានរៀបរាប់អំពីសកម្មភាពការងារដ៏មមាញឹក សឹងតែគ្មានពេលសម្រាករបស់លោកបណ្ឌិតផងដែរ។

វគ្គ១«ការចាប់កំណើត»

ខណៈប្រទេសកម្ពុជាកំពុងស្ថិតក្នុងកលិយុគសម័យនៃមហាវិនាសកម្មដែលបង្កឡើង ដោយពួកខ្មែរក្រហម ប៉ុល ពត និងនៅចុងរដូវវស្សាដែលជាំដើមរដូវរងា ទារក ហ៊ុន ម៉ាណែត បានចាប់កំណើតពីផ្ទៃម្តាយ(សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន) នៅថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៧៧។ ទីកន្លែងកំណើតនេះ ស្ថិតនៅក្នុងខ្ទម ឬអ្នកខ្លះហៅថារោង ដែលអង្គការធ្វើស ម្រាប់ជនអភ័ព្វទាំងឡាយដែលធ្វើការនៅសហករណ៍ ក្នុងភូមិសំរោង ឃុំទ្រៀក(អតីតឃុំដា) ស្រុកមេមត់ ខេត្តកំពង់ចាម (បច្ចុប្បន្ន ខេត្តត្បូងឃ្មុំ)។ ខ្ទម ឬរោងនេះ ស្ថិតក្នុងបរិវេណកន្លែង ផលិតឱសថផ្សំពីរុក្ខជាតិនៃរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថា ខ្មែរក្រហមដ៏ឃោរឃៅ។

ពេលលោកប្រសូតពីផ្ទៃម្តាយមក ឪពុករបស់លោកពុំបាននៅជាមួយទេ ធ្វើឱ្យលោក ក្លាយជាទារកពាក់កណ្តាលកំព្រា ពាក់កណ្តាលមានឪពុកតាំងពីថ្ងៃដែលលោកឃើញពន្លឺថ្ងៃដំបូង។
ទីតាំងភូមិនេះស្ថិតនៅជាប់របងវត្តសំរោង ហើយនៅក្បែរភូមិនេះ គឺជាសហករណ៍ ជាកន្លែងផ លិតឱសថ និងមន្ទីរពេទ្យតំបន់។ ផ្ទះដែលសម្តេច ប៊ុន រ៉ានី ស្នាក់នៅគឺជាផ្ទះតៀមជាប់ដីដែលគេធ្វើសម្រាប់ចែកអ្នកមានគ្រួសារ ឬអ្នកដែលទើបនឹងរៀបការស្នាក់នៅ។ ផ្ទះនេះដំបូលប្រក់ ស្លឹកជញ្ជាំងប្រដឹសឫស្សីហើយត្រូវបានប្រជាជនរុះរើយកទៅអស់ក្រោយឆ្នាំ១៩៧៩តែត្រូវបាន សម្តេច ប៊ុន រ៉ានី ជួលគេឱ្យសាងសង់ឡើងវិញនៅអំឡុងពាក់កណ្តាលឆ្នាំ១៩៨០។

បច្ចុប្បន្នផ្ទះនេះ ទោះបីមានសួនផ្កាលម្អពីមុខ ពីចំហៀង តែតួផ្ទះទ្រុឌទ្រោមយ៉ាងខ្លាំង ដោយសារ អាយុកាល និងកណ្តៀរស៊ីឈើ។ ខ្ទមឬផ្ទះនេះត្រូវបានខ្មែរក្រហមសាងសង់ជាជួរខ្នងផ្ទះស ម្រាប់កងចល័ត ដែលធ្វើការនៅជំរំការងារក្នុងសហករណ៍ផលិតឱសថ ហើយក្រោយពីថ្ងៃរំដោះជាតិ៧មករា ឆ្នាំ១៩៧៩ ផ្ទះគំរូទាំងនេះ ត្រូវអ្នកភូមិដណ្តើមគ្នារុះរើយកឈើ និងស័ង្កសីទៅធ្វើផ្ទះរបស់គេអស់។

ទើបតែនៅអំឡុងឆ្នាំ១៩៨០ និង១៩៩០ ទើបសម្តេច ប៊ុន រ៉ានី ទៅសា ងសង់ឡើងវិញ ដើម្បីទុកជាអនុស្សាវរីយ៍ និងប្រវត្តិសាស្រ្តដ៏ជូរចត់ ដោយអនុញ្ញាតឱ្យគ្រួសារបុរសចំណាស់ និងស្រ្តីចំណាស់ស្នាក់នៅ និងមើលថែរហូតមក ហើយខ្ទម ឬផ្ទះនេះត្រូវ បាន សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនបុរសចំ ណាស់ និងក្រុមគ្រួសារជាម្ចាស់កម្មសិទ្ធិផ្តាច់មុខ ជាច្រើនឆ្នាំមកហើយ។ បុរសនេះធ្លាប់ជាទា សករ ធ្វើការនៅជំរំការងារជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អំឡុងសម័យខ្មែរក្រហម។

បច្ចុប្បន្នខ្ទមកំណើតរបស់លោក ហ៊ុន ម៉ាណែត ស្ថិតនៅលើផ្ទៃដីទំហំធំល្មម ដោយមានរៀប ជាសួនផ្កាលម្អនៅពីមុខផ្លូវចូល និងមានចារឹកអក្សរព្យួរពីលើខ្លោងទ្វារចូលថា ខ្ទមកំណើតលោ ក ហ៊ុន ម៉ាណែត។ ខ្ទមនេះស្ថិតពីក្រោយឆៀងខាងត្បូងវត្តសំរោង (វត្តនេះ បែរមុខមករកខ្លោងទ្វារនៅទិសខាងលិច ដែលជាផ្លូវជាតិ) និងនៅខាងកើតឆៀងខាងត្បូងផ្លូវជាតិលេខ៧ និងខាងត្បូងទីរួមស្រុកមេមត់។ បច្ចុប្បន្នខ្ទមនេះមានសភាពចាស់ទ្រុឌទ្រោមណាស់ទៅហើយ ទោះបីទើបតែសាងសង់ថ្មីឡើងវិញនៅអំឡុងទសវត្សរ៍១៩៩០ ក៏ដោយ។

សម្តេច ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងយុវជនដទៃមួយចំនួនទៀត បានរត់ចូលព្រៃម៉ាគីដើម្បីតស៊ូរំដោះប្រទេសពីរបបសាធារណរដ្ឋខ្មែរ របស់លោក លន់ នល់ និងព្រះអង្គម្ចាស់ស៊ីសុវត្ថិសិរីមតៈមកវិញតាមការអំពាវនាវរបស់ អង្គព្រះមហាក្សត្រ នរោត្តម សីហនុ។ ទោះបីលោក លន់ នល់ និង ព្រះអង្គម្ចាស់សិរិមតៈ ធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ចេញពីអំណាច នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ប៉ុន្តែ រហូតដល់ថ្ងៃទី៩ ខែតុ លាឆ្នាំ១៩៧០ ទើបរដ្ឋធម្មនុញ្ញថ្មី និងរបបសាធារណរដ្ឋខ្មែរត្រូវប្រកាសជាផ្លូវការ។សម្តេច ហ៊ុន សែន និងសម្តេច ប៊ុន រ៉ានី ព្រមទាំងយុវជន ដែលរត់ចូលព្រៃពុំមែនជាកងទ័ពរបស់ចលនា ខ្មែរក្រហមដែលដឹកនាំដោយពួក ប៉ុល ពត នោះទេ។

ចលនារបស់សម្តេច ហ៊ុន សែន គេហៅថា កងទ័ពរំដោះ ឬកងទ័ពជាតិសីហនុនិយម ដែលកងទ័ពនេះ ទោះបីរស់នៅក្នុងជំរំជាមួយកងទ័ពខ្មែរក្រហម ប៉ុន្តែពួកគេមិនស្លៀកពាក់ឯកសណ្ឋានខ្មៅដូចកងទ័ពខ្មែរក្រហមទេ គឺស្លៀ កពាក់ដោយសេរីហើយក្រុមនេះក៏ពុំសូវមានសិទ្ធិអំណាចដូចពួកខ្មែរក្រហមដែរ។

ពេលខ្លះមានតួនាទីខ្ពស់ក្នុងជួរកងទ័ព ប៉ុន្តែ គ្មានសិទ្ធិសម្រេចលើរាល់កិច្ចការអ្វីៗនោះទេ។ ពួកមេដឹកនាំខ្មែរក្រហម ប៉ុល ពត បានប្រើល្បិចកលដ៏ពិសពុលខ្ចីដៃ(ព្រះកិត្តិនាម) សម្តេចព្រះនរោត្តម សីហនុ ប្រើដើម្បីបោកបញ្ឆោតប្រជាជនឱ្យចូលរួមជាមួយពួកគេ។ ពួកគេដើរឃោសនាប្រាប់ប្រជាជនថា ពួកគេ និងសម្តេចព្រះនរោត្តម សីហនុ គឺតែមួយ។ តាមពិតទៅមិនដូច្នោះទេ។ ពួកគេបោកប្រាស់សម្តេចព្រះនរោត្តម សីហនុ គួរឱ្យឈឺចាប់បំផុត ព្រោះក្រោយពីពួកគេឈ្នះលើរបប លន់ នល់ ពួកគេមិនបានប្រគល់អំណាចថ្វាយព្រះករុណា នរោត្តម សីហនុ វិញទេ។ ពួកគេថែមទាំធ្វើទុក្ខបុកម្នេញ និងឃុំព្រះកាយព្រះអង្គឱ្យនៅតែក្នុងព្រះបរមរាជវាំង និងបង្ខំឱ្យព្រះអង្គ និងព្រះជាយាគ្រងពស្តា(ស្លៀកពាក់ខ្មៅ) តាមពួកគេទៀតផង។ ព្រះញាតិវង្សានុវង្ស បុត្រា បុត្រី ចៅប្រុស ចៅស្រី របស់ព្រះអង្គ ត្រូវបានបង្ខំឱ្យធ្វើការយ៉ាងទម្ងន់ហួសកម្លាំង និងបានសម្លាប់អស់ជាច្រើនអង្គ។

សម្តេច ហ៊ុន សែន (សមមិត្ត ហ៊ុន សែន ឬ ហ៊ុន សំរេច ឬហ៊ុន បូណាល់) បានរងរបួសធ្ងន់ស្ទើរបាត់បង់ជីវិតរហូតពិការភ្នែកឆ្វេង នៅសមរភូមិក្តៅគគុកចុងក្រោយ នៅទន្លេបិទ ថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥ មុនពេលចលនាតស៊ូទទួលជ័យជម្នះពីរបបសាធារណរដ្ឋខ្មែររបស់លោក លន់ នល់ មួយថ្ងៃ។ សម្តេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានរៀបការជាមួយគ្នានៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ បន្ទាប់ពីសម្តេច ហ៊ុន សែន ស្នើទៅមេបញ្ជាការរបស់សម្តេចជាច្រើនលើក និងដោយទទូច។ សម្តេច ទាំងទ្វេបានប្រសូតបានកូនប្រុសម្នាក់ដែលសម្តេចបានដាក់ឈ្មោះឱ្យថា ហ៊ុន កំសត់។ ប៉ុន្តែ កូននេះបានបាត់បង់ជីវិតទៅវិញយ៉ាងអាណោចអាធម្មខ្លោចផ្សាគួរឱ្យណិតនៅថ្ងៃដដែលដោយសារការធ្វេសប្រហែសរបស់ពេទ្យធ្វើឱ្យធ្លាក់ពីដៃទៅលើជ្រុងគ្រែ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសហការី ដ៏ស្មោះត្រង់៤នាក់ទៀត បានប្រថុយជីវិតដ៏មហាគ្រោះថ្នាក់ ចាកចេញពីទឹកដីកម្ពុជា និងភរិយា កូនជាទីស្រឡាញ់ លើសពីកែវភ្នែកនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដើម្បីស្វែងរកជំនួយពីប្រទេសជិតខាងក្នុងការបង្កើតកងទ័ពមករំដោះប្រទេស និងប្រជាជនកម្ពុជាពីរបបគ្រប់គ្រងដ៏ឃោរឃៅរបស់ខ្មែរក្រហមដឹកនាំដោយ ប៉ុល ពត។ ថ្ងៃដែលឪពុកលោកចាកចេញទៅ គឺម្តាយលោកមានផ្ទៃពោះជិត៥ខែទៅហើយ ហើយកំពុងរស់នៅក្នុងរណ្តៅមហាទុក្ខវេទនា ជាមួយប្រជាជនខ្មែរទូទាំងប្រទេសដែរ។

មុនពេលសម្រេចចិត្តថា ត្រូវតែចាកចេញពីកម្ពុជា ឆ្ពោះទៅកាន់ប្រទេសវៀតណាម ឪពុករបស់លោក បានបង្កើតជម្រើសសម្រាប់ខ្លួនឯងចំនួន៤ គឺទី១ មិនទៅណាទាំងអស់រង់ចាំឱ្យគេមកចាប់យកទៅសម្លាប់ ទី២ត្រូវរត់ទៅពឹងប្រទេសជិតខាង មានដូចជាប្រទេសឡាវ ថៃ និងវៀតណាម ឱ្យគេជួយ ដើម្បីប្រឆាំងខ្មែរក្រហម ទី៣ ត្រូវក្រោកឈរបះបោរក្នុងប្រទេស និងទី៤ គឺការធ្វើអត្តឃាតខ្លួនឯង។ ប៉ុន្តែ ដោយមានការគិតគូរយ៉ាង ហ្មត់ចត់ ឪពុករបស់លោក បានសម្រេចចិត្តចាកចេញពីកម្ពុជាបែកពីភរិយា និងកូនក្នុងផ្ទៃ ទាំងអាឡោះអាល័យទៅកាន់ប្រទេសវៀតណាម។ ឪពុករបស់លោក បានសរសេរសំបុត្រ មួយផ្ញើជូនម្តាយរបស់លោកតាមរយៈនាយសារដ៏ស្មោះត្រង់ម្នាក់ ដែលសំបុត្រនោះ គឺជាសំបុត្រ ដ៏ពិបាកសរសេរបំផុត ព្រោះនៅពេលសរសេរសំបុត្រនោះ សម្តេច ហ៊ុន សែន ខ្លួនឯងក៏មិនទាន់ដឹងថា តើគោលដៅដែលត្រូវទៅ គឺទិសខាងណា? ហើយមានវាសនាបែបណា? ស្លាប់ ឬរស់? ។

មុនការសម្រេចចិត្តទៅកាន់ប្រទេសវៀតណាម ឪពុករបស់លោក ក៏បានបង្កើត ជម្រើសចំនួន៣សម្រាប់ខ្លួនឯងដែរ គឺរវាងប្រទេសទាំង៣ជាប់ព្រំដែនកម្ពុជា មានឡាវ ថៃ និងវៀតណាម តើគួរសម្រេចទៅកាន់ប្រទេសមួយណា? បើទៅកាន់ប្រទេសថៃ ដែលនៅឆ្ងាយពីទីតាំងឈរជើង តើអាចនឹងទៅដល់ឬទេ ហើយតើប្រទេសថៃ នឹងយល់ព្រមជួយកម្ពុជាឬទេ? បើទៅកាន់ប្រទេសឡាវ ដែលនៅជិត ប៉ុន្តែសេដ្ឋកិច្ច និងសព្វាវុធរួមទាំងវិស័យការពារជាតិទន់ខ្សោយ តើឡាវយល់ព្រមជួយ ឬអាចវាយប្រយុទ្ធឈ្នះ កងទ័ពខ្មែរក្រហមឬទេ? បើទៅប្រទេសវៀតណាម តើវៀតណាមយល់ព្រមជួយឬទេ? បើវៀតណាម និងកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម កំពុងសហការគា្នក្នុងការបញ្ជូន និងទទួលយកជនដែលលួចរត់ពីកម្ពុជាទៅវៀតណាមឱ្យមកកម្ពុជាវិញ ហើយត្រូវពួកខ្មែរក្រហមយកទៅដាក់គុក ធ្វើទារុណកម្ម និងសម្លាប់យ៉ាងព្រៃផ្សៃ ដោយគ្មានការជំនុំជម្រះទោសពីតុលាការ? វៀតណាមកំពុងយកចិត្តខ្មែរក្រហម ដើម្បីកុំឱ្យខ្មែរក្រហមរុកកួន ឬប្រើប្រាស់កម្លាំងទ័ពវាយលុក និងកាប់សម្លាប់ប្រជាជនវៀតណាមទៀត។

ប្រទេសវៀតណាមតែងតែចាប់បញ្ជូនមកកម្ពុជាវិញនូវរាល់ជនទាំងឡាយណា ដែលរត់គេចពីកម្ពុជាទៅជ្រកកោននៅវៀតណាម។ ជនទាំងឡាយនេះ កម្រនឹងមានជីវិតរស់នៅណាស់ នៅពេលបញ្ជូនមកដល់កម្ពុជា។ ពួកគេត្រូវបានប្រហារជីវិតដោយពេជ្ឈឃាដក្នុងប្រទេស ដែលស្រេកឃ្លានក្នុងការផ្តាច់ផ្តិលជីវិតរបស់ជនស្លូតត្រង់។

ដោយការពិចារណាដ៏ហ្មត់ចត់ និងការសម្រេចចិត្តដ៏ប្រយ័ត្នប្រយែង ទីបំផុតឪពុករបស់លោកបានសម្រេចចិត្តចាកចេញពីកម្ពុជាឆ្ពោះទៅកាន់ប្រទេសវៀតណាម ប៉ុន្តែឪពុករបស់លោកក៏បានត្រៀមរួចជាស្រេចដែរនូវម្ជុលដេរចំនួន១២ដើមដាក់ក្នុងជាយអាវ ដើម្បីធ្វើអត្តឃាតខ្លួនឯង ដោយការចាក់ឆ្កឹះផ្តាច់សរសៃបង្ហូរឈាមប្រសិនបើពួកវៀតណាមចាប់ខ្លួនធ្វើទារុណកម្ម ឬបញ្ជូនលោកត្រលប់មកកម្ពុជាវិញតាមសំណើរបស់មេដឹកនាំខ្មែរក្រហម។

ដំណាក់កាលនេះ ឪពុករបស់លោក ក្រុមគ្រួសារ ប្រជាជនទូទាំងប្រទេស និង ប្រទេសជាតិទាំងមូលកំពុងស្ថិតក្នុងមហាវិនាសកម្ម មហាកលិយុគ ប្រៀបដូចឋាននរក។ ប្រជាជនទូទាំងប្រទេស ត្រូវអង្គការខ្មែរក្រហម ប៉ុល ពត បង្ខំឱ្យធ្វើការហួសកម្លាំង ក្នុងជំរំពលកម្ម គ្មានអាហារហូបចុកគ្រប់គ្រាន់ គ្មានថ្នាំសង្កូវសម្រាប់ព្យាបាល គ្មានពេលសម្រាក គ្មានផ្ទះសម្បែងជ្រកនៅត្រឹមត្រូវ គ្មានសិទ្ធិជ្រើសរើសគូស្រករ គ្មានសិទ្ធិធ្វើបុណ្យធ្វើទាន គឺប្រជាជនកម្ពុជាទាំងអស់មានសិទ្ធិតែមួយគត់សម្រាប់ខ្លួនឯង គឺដកដង្ហើម ដើម្បីរស់ ព្រោះសូម្បីតែកូនដែលកើតមកក៏គេហៅថា ជាកូនរបស់អង្គការខ្មែរក្រហមដែរ។ ឪពុករបស់លោក គឺសម្តេចហ៊ុន សែន ត្រូវអង្គការតាមចាប់ខ្លួន និងប៉ុនប៉ងសម្លាប់ដោយសារឥរិយាបថមិនស្តាប់បង្គាប់ និងប្រឆាំងអង្គការរបស់គាត់។

មុនពេលចាកចេញ សម្តេច ហ៊ុន សែន បានជួបអព្ភូតហេតុ ដ៏អស្ចារ្យ គួរឱ្យចាប់អារម្មណ៍មួយ គឺសម្តេចយល់សុបិនហាក់ឃើញនឹងភ្នែកស្រស់ ឃើញភ្លើងបារមីហោះជុំវិញខ្លួន និងពីមុខសម្តេច ដោយមានទាំងសំឡេងស្រែកកំញើញ សង្ខើញខ្លាំងៗឱ្យសម្តេចចាកចេញពីទីនេះ(កន្លែងស្នាក់នៅ)ជាបន្ទាន់ គឺត្រូវតែចាកចេញឱ្យលឿនបំផុត។ អព្ភូតហេតុនេះ គឺមានតែសម្តេចម្នាក់ប៉ុណ្ណោះដែលដឹង និងឃើញ។ ក្រោយអព្ភូតហេតុ សម្តេច បានប្រញាប់ប្រញាល់ ដឹកនាំសហការី ចាកចេញយ៉ាងតក់ក្រហល់បំផុតហើយជីវិតសម្តេច និងសហការី ក៏រួចផុតពីគ្រោះភ័យទាំងឡាយ។

សម្តេច ហ៊ុន សែន ដែលជាមេបញ្ជាការវ័យក្មេង បានចំណាយពេលពេញមួយយប់ធ្វើដំណើរចេញពីភូមិកោះថ្ម ឬហៅថា តំបន់X-16 កាត់តាមព្រៃ និងតំណក់ទឹកភ្លៀងដ៏ជោកជាំ ផ្លូវរអិលប៉ប៉ាច់ ពោរពេញដោយគ្រាប់មីនបង្កប់ក្នុងដីផង។ ពេលកំពុងធ្វើដំណើរបានពាក់កណ្តាលផ្លូវ នាយសារសម្តេចម្នាក់ក្នុងចំណោម៤នាក់ បានស្នើឱ្យ សម្តេចត្រលប់ក្រោយវិញ ដើម្បីទទួលយកសម្តេច ប៊ុន រ៉ានី ទៅជាមួយដោយពួកគេធានាសែងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន្តែ ត្រូវសម្តេច ហ៊ុន សែន បដិសេធ។

សម្តេច ហ៊ុន សែន បានពន្យល់ពួកគេថា ប្រសិនត្រលប់ក្រោយវិញ គឺទៅមិនទាន់ដល់ភូមិ ឬកន្លែងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតស្នាក់នៅផង ក្រុមរបស់សម្តេចអាចជួបនឹងកងទ័ពអង្គការខ្មែរក្រហម ដែលកំពុងតាមប្រមាញ់យ៉ាងពុះកញ្រ្ជោលនៅពាក់កណ្តាលផ្លូវ ហើយពេលនោះ គ្រោះមហន្តរាយ ឬភយន្តរាយ នឹងមកដល់គ្មានអ្នកណាជួយបាន។ ពួកទាហានអង្គការ នឹងកម្ទេចដោយគ្មានប្រណីដៃ។ សម្តីនេះ សម្តេច ហ៊ុន សែនមានប្រសាសន៍ទាំងអួលដើមក ព្រោះសម្តេចមិនមែនមិនអាណិត មិនស្រឡាញ់ភរិយា និងកូនដែលទើបតែរៀបការ ដែលកំពុងមាន ផ្ទៃពោះនោះទេ ប៉ុន្តែ គ្រានេះប្រសិនបើសម្តេចមិនចាកចេញ ឬធ្វើឱ្យយឺតពេល គឺនឹងត្រូវស្លាប់ អ្វីៗនឹងត្រូវហួសពេល ហើយសម្តេច ប៊ុន រ៉ានី ក៏មិនប្រាកដថារួចខ្លួនពីសេចក្តីស្លាប់ ឬការចាប់យកទៅធ្វើទារុណកម្មដែរ។

ទោះជាយ៉ាងណា សម្តេច ហ៊ុន សែន នៅតែនឹកមមៃ ដោយក្តីអាណិត ស្រឡាញ់ ហួសពីជីវិតខ្លួនឯង ចំពោះសម្តេចកិត្តព្រឹទ្ធបណ្ឌិតភរិយាសំណព្វដែរ។ យប់ឡើងពេលសម្រាកកណ្តាលព្រៃ ដោយនឹកអាឡោះអាល័យភរិយា និងកូនពេក សម្តេចលូចសម្រក់ទឹកភ្នែកមិនឱ្យកូនទាហានដឹង។

សម្តេច ហ៊ុន សែន ត្រូវបានឆ្មាំព្រំដែនវៀតណាមចាប់ និងឃុំខ្លួនជាច្រើនខែផងដែរ ទម្រាំដឹងរឿងពិត និងសម្រេចផ្តល់ការឧបត្ថម្ភ។ សម្តេច ហ៊ុន សែន បានស្នើទៅកាន់ភាគីវៀតណាមជាច្រើនចំណុច ក្នុងចំណុចដែលសំខាន់ៗមាន ដូចជា ស្នើវៀតណាម កុំបញ្ជូនប្រជាជនកម្ពុជាដែលលួចរត់ពីកម្ពុជាមកឱ្យកម្ពុជាប្រជាធិបតេយ្យវិញ ព្រោះពួក គេនឹងត្រូវខ្មែរក្រហមសម្លាប់ និងធ្វើទារុណកម្មយ៉ាងឃោរឃៅ ទី២ ស្នើវៀតណាមផ្តល់ស្បៀង អាវុធ និងទីកន្លែងសម្រាប់ប្រមូលផ្តុំ និងបង្កើតកងទ័ព ដើម្បីប្រយុទ្ធប្រឆាំងផ្តួលរំលំរបបខ្មែរក្រហម ប៉ុល ពត ដ៏មហាទុរយស។

ជាការឆ្លើយតបជំហានដំបូង វៀតណាមបានធ្វើឱ្យ សម្តេច ហ៊ុន សែន ខកចិត្ត យ៉ាងខ្លាំង ព្រោះវៀតណាមមិនបានធ្វើតាមសំណើនេះទេ ដោយពួកគេបានសួរត្រលប់មកសម្តេច ហ៊ុន សែន (អតីតសមមិត្ត) វិញថា តើអ្នកទាំង៥នាក់ ចង់ទៅរស់នៅប្រទេសទី៣ណាមួយ? វៀតណាម នឹងរៀបចំឯកសារជូន ឱ្យអ្នកទាំង៥នាក់បានទៅរស់នៅដោយរលូន។ ដោយសារទឹកចិត្តនៅតែមានភក្តីភាព ចំពោះជាតិប្រជាជនយ៉ាងជ្រាលជ្រៅ ឥតងាករេ ការលើកឡើងរបស់វៀតណាមធ្វើឱ្យសម្តេច ហ៊ុន សែន ហាក់អាក់អន់ចិត្ត ហើយតបទៅវិញថា សម្តេចប្រថុយគ្រោះថ្នាក់មកកាន់ប្រទេសវៀតណាមនេះ មិនមែន មកដើម្បីបានទៅរស់បែបសុខស្រួលផ្ទាល់ខ្លួននៅប្រទេសទី៣ ឬយករួចខ្លួន នោះទេ គឺមក ដើម្បីពឹងពាក់វៀតណាម ឱ្យផ្តល់ទឹកដីបានជាទីជម្រកបង្កើតកងទ័ព ទៅផ្តួលរំលំរបបខ្មែរក្រហមដ៏ឃោរឃៅ ដែលកំពុងកាប់សម្លាប់ប្រជាជនកម្ពុជាយ៉ាងរង្គាល។ ដោយមានហេតុផលត្រឹមត្រូវ និងមានគោលដៅច្បាស់លាស់វៀតណាមក៏សម្រេចផ្តល់ជូនការគាំទ្រតាមសំណើ។

ចំណែកសម្តេច ប៊ុន រ៉ានី ដែលកំពុងពពោះ មានការរន្ធត់ និងតក់ស្លុតយ៉ាងខ្លាំងហួសនឹងថ្លែង ព្រោះពេលសម្តេច ហ៊ុន សែន ចាកចេញទៅពួកអង្គការដែលតាមប្រកៀក ប្រកិតនោះបានប្រកាសតាមមេក្រូថា សម្តេច ហ៊ុន សែន ត្រូវបានពួកគេបាញ់សម្លាប់នៅព្រំដែនកម្ពុជាវៀតណាមហើយ។ ពួកគេបានកាឡៃព័ត៌មាន ក្នុងគោលដៅពីរ ទី១ ដើម្បីជាចិត្តសាស្រ្តបំបាក់ស្មារតីសម្តេច ប៊ុន រ៉ានី ជាភរិយា និងប្រជាជន ឬកងទ័ពដទៃទៀតកុំឱ្យប្រឆាំងអង្គការ ទី២ ដើម្បីប្រាប់អង្គការថ្នាក់លើថា សត្រូវរបស់ពួកគេគឺត្រូវបានកម្ទេចហើយ។ ដំណឹងដ៏អកុសលនេះ ក៏បានជួយសម្តេច ប៊ុន រ៉ានី ឱ្យរួចផុតពីក្តីវិនាសទាំងឡាយផងដែរ ព្រោះពួកគេទទួលស្គាល់ថាសម្តេច ហ៊ុ សែន ស្លាប់ ដូច្នេះ គេនឹងមិនសូវយកចិត្តទុកដាក់តាមដានយាយី ឬព្យាបាទចំពោះសម្តេច ប៊ុន រ៉ានី ទេ។

ទោះជាយ៉ាងណាក្តីទម្ងន់នៃសេចក្តីទុក្ខមហាធ្ងន់លើសប្រឹថពីនេះ គ្មានអ្នកដឹង គ្មានអ្នកណាយល់ និងអាចជួយរំលែកពីសម្តេច ប៊ុន រ៉ានី ឡើយ។ មហាទុក្ខព្រួយ និងសេចក្តីក្រៀមក្រំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី តើនារីឯណាទ្រាំបាន ស្វាមីជាទីស្រឡាញ់ រស់នៅទ្រាំទ្រក្តីលំបាកវេទនាជាមួយគ្នាសុខៗក៏ចាកចេញទៅ ហើយទទួលដំណឹងថា មរណភាពទៀត។ មហាទម្ងន់ទុក្ខនេះ ធ្ងន់ជាងទម្ងន់ទុក្ខព្រួយរបស់ព្រះនាងជ័យរាជទេវី ដែលរង់ចាំព្រះបាទជ័យវរ្ម័នទី៧ត្រលប់មកពីសមរភូមិវិញទៅទៀត ព្រោះព្រះនាងជ័យរាជទេវី នៅមានអ្នកហែហមតាមលួងលោមកំដរមិនឱ្យអផ្សុក និងមិនត្រូវបានបង្ខំឱ្យធ្វើការហួសកម្លាំង ឬសោយមិនឆ្អែត។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោក ម៉ាណែត ក្រោយពីប្រសូត បាន១២ថ្ងៃ ត្រូវគេជម្លៀសដោយបង្ខំឱ្យចាកចេញពីភូមិសំរោងឃុំទ្រៀក (ពីមុនឃុំដា ស្រុក មេមត់) ឱ្យទៅកាន់តំបន់ផ្សេងទៀតដែលមានចម្ងាយប្រមាណរាប់សិបគីឡូម៉ែត្រ និងត្រូវធ្វើដំណើរដោយថ្មើរជើងយ៉ាងតិចពី២ទៅ៣ថ្ងៃទើបដល់។ គេពិតជាពិបាកស្រមៃអំពីទុក្ខវេទនានេះណាស់ដែលស្រ្តីទើបនឹងសម្រាលកូនបាន១២ថ្ងៃ ហើយត្រូវធ្វើដំណើរដោយជើងទទេប្រកបដោយទុក្ខព្រួយ និងការភ័យខ្លាចពេញខ្លួន រាប់សិបគីឡូម៉ែត្រក្នុងមួយថ្ងៃ។

លោក ហ៊ុន ម៉ាណែត ក្លាយជាកូនប្រុសច្បងបន្ទាប់ពីបងប្រុសទីមួយរបស់គាត់ទទួលមរណភាពភ្លាមៗ ក្រោយពីប្រសូតពីផ្ទៃម្តាយ គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី មិនបានប៉ុន្មានវិនាទីផង ដោយសារការធ្វេសប្រហែសរបស់គ្រូពេទ្យឱ្យទារក ហ៊ុន កំសត់ ត្រូវជាបងប្រុសរបូតធ្លាក់ទៅលើដី។ គ្រូពេទ្យជាឆ្មបមិនបានទទួលខុសត្រូវចំពោះរឿងនេះទេ ថែមទាំងឆ្លើយកុហកដោះសារយករួចខ្លួន ទម្លាក់កំហុសថា ទារកកំសត់បានបាត់បង់ជីវិតតាំងពីនៅក្នុងពោះម្តាយ។
ឪពុកម្តាយរបស់លោក ម៉ាណែត រន្ធត់តក់ស្លុតយ៉ាងខ្លាំងពេលទទួលបានដំណឹងនេះភ្លាម។ សម្តេច ហ៊ុន សែន ស្ទើរតែដកកាំភ្លើងពីចង្កេះ បាញ់សម្លាប់គ្រូពេទ្យនោះ ប៉ុន្តែចិត្តលោករឹងដូចថ្ម អាចទ្រាំទ្រទប់ទល់ការឈឺចាប់នោះបាន។

ជីវិត លោក ម៉ាណែត មិនខុសពីជីវិតបងប្រុសរបស់គេ និងទារកដទៃទៀតទូទាំងប្រទេសទេ គឺជួបរឿងរ៉ាវដ៏រន្ធត់តាំងពីថ្ងៃកំណើតក្នុងផ្ទៃ ព្រោះមនុស្សទូទាំងប្រទេសត្រូវរស់នៅក្នុងសភាពភ័យខ្លាចនិងតក់ស្លុតបំផុត។ មនុស្សរស់នៅគ្មានសន្តិភាព សុវត្ថិភាពផ្លូវចិត្ត និងផ្លូវកាយទេ ព្រោះមិនដឹងថ្ងៃណាត្រូវគេចាប់យកទៅសម្លាប់ចោល។

ប្រជាជនទាំងអស់រស់នៅក្នុងសភាពភ័យខ្លាច និងជាទាសករដាច់ថ្លៃរបស់អង្គការនៃរបបកម្ពុជាប្រជាធិបតេយ្យដឹកនាំដោយ ប៉ុល ពត។ ប្រជាជនគ្មានសិទ្ធិតវ៉ាអ្វីទាំងអស់ដើម្បីការពារជីវិតខ្លួនឯង។ ប្រជាជនត្រូវបង្ខំឱ្យធ្វើការរួម និងហូបបាយរួមដោយគ្មានអាហារហូបគ្រប់គ្រាន់ មិនទទួលបានប្រាក់កម្រៃ មិនចរាចរសាច់ប្រាក់។ តំបន់ខ្លះ អង្ករ៣កំប៉ុងដាំទឹកមួយខ្ទះ តំបន់ខ្លះអង្ករមួយកំប៉ុងហូបគ្នា១០នាក់ក្នុងមួយពេល ធ្វើឱ្យប្រជាជនខ្លះលួចស្ងោរគល់ល្ហុងគល់ចេកហូបបន្ថែមដើម្បីចម្អែតក្រពះ។ គ្មានពេលដេកសម្រាកគ្រប់គ្រាន់ ធ្វើការហួសកម្លាំង ឈឺគ្មានថ្នាំព្យាបាល។

លោក ហ៊ុន ម៉ាណែត រស់នៅលាក់ប្រវត្តិជាមួយអ្នកម្តាយជាទីស្រឡាញ់ រស់ក្រោមទ្រូងព្រហ្មវិហារធម៌របស់ម្ដាយក្នុងតំបន់ដ៏គ្រោះថ្នាក់ ទម្រាំបានជួបលោកឪពុករបស់លោកវិញ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៧៩។

បុរសចំណាស់មានសម្បុរខ្មៅ និងបាក់ធ្មេញអស់ទៅហើយបានតំណាលថា នៅសម័យខ្មែរក្រហម តំបន់នេះ(ភូមិសំរោង) គេកែនអ្នកស្រុកឱ្យមកធ្វើការជាក្រុម ហើយទទួលទានបបររាវដូចទឹកស្ទើរតែគ្មានគ្រាប់អង្ករ ហើយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ធ្វើការនៅទីនេះដែរ ប៉ុន្តែ ដោយសារសម្តេចធ្លាប់សិក្សាវិជ្ជាពេទ្យ ទើបគេតម្រូវឱ្យធ្វើការនៅផ្នែកផ្សំ ឬផលិតឱសថពីដើមឈើ ឫសឈើ។ សម្តេចក៏ទទួលទានមិនគ្រប់គ្រាន់ដូចអ្នកដទៃទៀតដែរ ធ្វើឱ្យខ្វះជីវជាតិ ឬខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ។ លោកពណ៌នាថា ក្នុងរបបខ្មែរក្រហម លោកស្គាល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ច្បាស់ទោះបីលោកមិនសូវបានជួបសម្តេចក៏ដោយ ហើយលោក និងសម្តេច ប៊ុន រ៉ានី ព្រមទាំងប្រជាជនដទៃទៀត បានបែកខ្ញែកគ្នានៅពេលដែលខ្មែរក្រហមជម្លៀសចេញពីភូមិឱ្យរសាត់អណ្តែតទៅកាន់ភូមិដទៃទៀត។ អ្នកខ្លះក៏ទៅរស់នៅដល់ស្រុកភូមិ ដែលឆ្ងាយពីភូមិសំរោងរាប់រយគីឡូម៉ែត្រ។ លោកថា ថ្ងៃដែលគេបញ្ជា និងជម្លៀសឱ្យចេញពីភូមិ ប្រជាជនទាំងអស់គ្មានអ្នកណាជួយអ្នកណាបាន គឺយកព្រះអាយុរៀងៗខ្លួន។

នៅថ្ងៃនោះ សម្តេច ប៊ុន រ៉ានី បីទារកហ៊ុន ម៉ាណែត ដោយថ្មើរជើងចេញពីភូមិសំរោង ស្រុកមេមត់ ជាមួយអ្នកភូមិរាប់ពាន់នាក់ផ្សេងទៀត ឆ្ពោះទៅកាន់ស្រុកឆ្លូងខេត្តក្រចេះ ឆ្លងកាត់ឃុំស្រែខ្សាច់ ដោយមានកងការពារ ឬនាយសារពីរនាក់ជាអ្នកអមដំណើរផង។ បច្ចុប្បន្ន ដោយក្តីគោរពស្រឡាញ់ក្រុមគ្រួសារសម្តេចទាំងទ្វេ និងដើម្បីទុកជាអនុស្សាវរីយ៍ជាប្រវត្តិសាស្រ្តផង ពួកអ្នកភូមិនៅឃុំស្រែខ្សាច់ សហការជាមួយអ្នកមានទ្រព្យសម្បត្តិជាឧកញ៉ាម្នាក់ បានសង់រូបសំណាកសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាទម្រង់បីទារក ហ៊ុន ម៉ាណែត ធ្វើដំណើរកាត់ទីនេះ នៅចំកណ្តាលផ្លូវបែកជាបួន។

អ្នកភូមិ និងប្រធានភូមិដែលបានឃើញហេតុការណ៍ បានឱ្យដឹងថា នៅម៉ោងប្រមាណជាង៤រសៀល ខណៈកំពុងបំពេញការងារ ពួកគេបានឃើញនារីទុរគតម្នាក់ ក្នុងសម្លៀកបំពាក់ខ្មៅ ដោយមានកងការពារពីរនាក់ផងបីកូនដើរកាត់ពីមុខពួកគេយ៉ាងកម្សត់គួរឱ្យអាសូរ ប៉ុន្តែ គ្មានអ្នកណាអាចជួយបាន ព្រោះម្នាក់ៗជួយខ្លួនឯងមិនរួចផង។ លុះព្រលប់បន្តិច ពេលកងការពារត្រលប់មកវិញ ពួកអ្នកភូមិ បានស្រែកសួរថា ជូនអ្នកណាទៅណាអម្បាញ់មិញ? កងការពារបានតបមកវិញថា ជូនប្រពន្ធ(ភរិយា) បងមេបញ្ជាការទៅផ្ទះ។

ពួកអ្នកភូមិបានសន្និដ្ឋានថា ការអាចរួចរស់ជីវិតពីសេចក្តីស្លាប់ របស់សម្តេច ប៊ុន រ៉ានី ហ៊ុនសែន និងទារកហ៊ុន ម៉ាណែត នាគ្រានោះ ទំនងមកពីសម្តេចត្រូវ ជម្លៀសចេញពីភូមិជាមួយអ្នកភូមិរាប់ពាន់គ្រួសារ ទី២ នាយសារ ឬកងការពារនោះ គឺជាអតីតកូនទាហានរបស់សម្តេច ហ៊ុន សែន។ ការធ្វើដំណើរឡូកឡំជាមួយអ្នកភូមិ និងការជួយលាក់បាំងពីកងការពារនោះផង ធ្វើឱ្យពួកឈ្លបដែលបញ្ជូនចូលមកពីភូមិភាគនិរតី មិនអាចដឹងថា សម្តេច ប៊ុន រ៉ានី ជាភរិយាសំណព្វរបស់ សម្តេច ហ៊ុន សែន (អតីតមេបញ្ជាការសំរេច)។ នៅអំឡុងឆ្នាំ១៩៩០ កងការពារ ឬនាយសាររូបនេះ ត្រូវសម្តេចហ៊ុន សែន ជ្រោមជ្រែង និងជួយឧបត្ថម្ភ យ៉ាងពេញចិត្តពេញថ្លើមទៀតផង។

ក្រៅពីភូមិស្រែខ្សាច់ រូបសំណាកសម្តេច ប៊ុន រ៉ានី បីទារកហ៊ុន ម៉ាណែត រត់ និងដើរកាត់ព្រៃ កាត់ភូមិអ្នកស្រុក ក៏ត្រូវបានគេឆ្លាក់ធំៗជាអនុស្សាវរីយ៍ អមសងខាងផ្លូវចូលនៅក្នុងបរិវេណវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន មេមត់ផងដែរ។
បន្ទាប់ពីចាកចេញពីភូមិ បានប្រមាណជាងមួយសប្តាហ៍ ពួកវៀតណាមក៏វាយចូលមកដល់លើកទី១ ហើយដកចេញទៅវិញភ្លាម បន្ទាប់ពីពួកខ្មែរក្រហមវាយលុកចូលជ្រៅទៅក្នុងទឹកដីវៀតណាម។

សម្តេច ហ៊ុន សែន បានធ្វើដំណើរចូលមកទឹកដីកម្ពុជាជាមួយកងទ័ពវៀតណាម តាំងពីចាកចេញទៅតាំងពីថ្ងៃទី២០ខែមិថុនា ឆ្នាំ១៩៧៧ បានដឹងថា ភរិយារបស់សម្តេច បានប្រសូតបានកូនប្រុស ម្នាក់ ឈ្មោះ ហ៊ុន ម៉ាណែត តាមរយៈកូនសៀវភៅកំណត់ហេតុមួយដែលសម្តេច ប៊ុន រ៉ានី បានកត់ត្រាទុក ហើយជ្រុះនៅទីនោះ។ ការរើសបានសៀវភៅនោះ ធ្វើឱ្យសម្តេចរំភើបយ៉ាងខ្លាំង និងស្ងប់ចិត្តបានខ្លះ ព្រោះទី១ សម្តេចទទួលបានកូនប្រុសម្នាក់ ទី២ សម្តេចបានដឹងថា សម្តេច ប៊ុន រ៉ានី មិនទាន់ស្លាប់ទេ។

សម្តេច ប៊ុន រ៉ានី បានបីទារក ហ៊ុន ម៉ាណែត ធ្វើដំណើរដោយថ្មើរជើងទៅកាន់ស្រុកសួងដែលគេហៅថាវាលសួង ហើយបន្តដំណើរដោយថ្មើរជើងដោយមានកងការពារម្នាក់ដើរពីក្រោយផង កាត់ភូមិស្រែខ្សាច់ ដែលមានចម្ងាយប្រមាណ៤០គីឡូម៉ែត្រ ឆ្ពោះទៅរកពាមឆ្លូង ដើម្បីឆ្លងទៅកាន់ឃុំរកាខ្នុរ ជាស្រុកកំណើតរបស់សម្តេច រហូតដល់ថ្ងៃរំដោះជាតិ៧មករា ឆ្នាំ១៩៧៩ ជីតារបស់ ម៉ាណែត គឺមហាឧបាសក ហ៊ុន នាង មកយក ទើបសម្តេច ប៊ុន រ៉ានី នាំទារកហ៊ុន ម៉ាណែត ត្រលប់ទៅកាន់ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ រស់នៅជាមួយឪពុកម្តាយក្មេកវិញ។

ចំណែកឯកសម្តេច ហ៊ុន សែន បានក្លាយជាមេដឹកនាំកងកម្លាំងរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជានិងក្រោយឆ្នាំ១៩៧៩ បានក្លាយជារដ្ឋមន្រ្តីក្រសួងការបរទេសក្រោយមកទៀត នៅឆ្នាំ១៩៨៥ ក្នុងខែមករា ថ្ងៃទី១៤ សម្តេច ហ៊ុន សែន បានក្លាយជានាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា។ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨៧ សម្តេច ហ៊ុន សែន បានក្លាយជាស្ថាបនិកនៃគូសន្ទនាសន្តិភាពលើកដំបូងជាមួយព្រះករុណា ព្រះបាទ នរោត្តម សីហនុ។

សម្តេច ក៏បានក្លាយជាអ្នកបង្កើតឱ្យមានកិច្ចព្រមព្រៀងក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងការរៀបចំបោះឆ្នោតដោយសេរី រៀបចំដោយអ៊ុនតាក់(UNTAC) នៅឆ្នាំ១៩៩៣។ នៅថ្ងៃទី២៩ ខែធ្នូឆ្នាំ១៩៩៨ សម្តេច ហ៊ុន សែន បានក្លាយជាបិតាសន្តិភាពរបស់កម្ពុជា ព្រោះសម្តេចបានបញ្ចប់សង្រ្គាមជាស្ថាពរ នៅទូទាំងប្រទេសកម្ពុជា ក្រោមគោលនយោបាយ ឈ្នះ ឈ្នះ បីចំណុច គឺការរក្សាអាយុជីវិតមិនឱ្យមានការសងសឹក ការរក្សាតួនាទី មុខតំណែងក្នុងក្របខ័ណ្ឌ និងការរក្សាអចលនវត្ថុ និងចលនវត្ថុដែលពួកគេធ្លាប់មានកន្លងមក។

សម្តេច ហ៊ុន សែន បានក្លាយជាមហាវីរបុរសរបស់ជាតិ និងតំបន់ ព្រមទាំងពិភពលោកផងដែរ ដោយសម្តេចបានរំដោះប្រជាជនចេញពីរបបដ៏ព្រៃផ្សៃ ប៉ុល ពត សម្តេច បានបញ្ចប់សង្រ្គាមទាំងស្រុងនៅកម្ពុជា សម្តេចបានធ្វើឱ្យអ្វីៗលើគ្រប់វិស័យមានជីវិតរស់ឡើងវិញ និងរីកចម្រើនឥតឈប់ឈរ។

សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានធ្វើឱ្យរាជធានីភ្នំពេញពង្រីកខ្លួនពីចំនួនមនុស្សតិចតួច មកច្រើនស្ទើរហួសកម្រិតប្រមាណជាង២លាននាក់ ពីទំហំផ្ទៃក្រឡាប្រមាណ៣០០គីឡូម៉ែត្រការ៉េ ដល់ជិត៧០០គីឡូម៉ែត្រការ៉េ នៅឆ្នាំ២០២០។

សមិទ្ធផល ដ៏មហាសាលដែលសម្តេច ហ៊ុន សែន បានកសាងចាប់តាំងពីការឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ មក ដែលគេមិនបានដឹង ឬលើកមកបង្ហាញ មានដូចជា៖
១. បង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត នៅថ្ងៃ០២ ធ្នូ១៩៧៨។
២. ដឹកនាំចលនារំដោះជាតិ ចេញពីរបបឃោរឃៅ និងបញ្ចប់របបដ៏ឃោរឃៅ
ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
៣. បង្កើតឱ្យមានកិច្ចចរចា ស្វែងរកសន្តិភាព និងបញ្ចប់សង្រ្គាមនៅកម្ពុជា រវាង ហ៊ុន សែន-សីហនុ នៅ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧។
៤. ជាស្ថាបនិក និងហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។
៥. ស្ថាបនិកយុទ្ធសាស្រ្ត ឈ្នះ ឈ្នះ ក្នុងការរំលាយអង្គការចាត់តាំង របស់ខ្មែរក្រហម និងបញ្ចប់សង្រ្គាម១០០% នៅកម្ពុជា ១៩៩៤-១៩៩៨
៦. បញ្ចប់សង្រ្គាម១០០% និងបង្កើតសន្តិភាពនៅកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដោយគ្មានការបង្ហូរឈាម ឬចំណាយអាវុធសូម្បីមួយគ្រាប់។
៧. បញ្ចប់ពីប្រទេសមួយ មានតំបន់ត្រួតត្រា៤ មកជាប្រទេសមួយ មានតំបន់ត្រួតត្រា ឬគ្រប់គ្រងរដ្ឋបាលតែ១ រដ្ឋធម្មនុញតែមួយ ព្រះមហាក្សត្រតែមួយ។
៨. សង្រ្គោះ និងប្រស់ជីវិតប្រជាជនកម្ពុជាពីសេចក្តីវេទនា និងសេចក្តីវិនាស សេចក្តីស្លាប់ឱ្យមានជីវិត មានសិទ្ធិសេរីភាពឡើងវិញ
៩. សង្រ្គោះ ឬប្រស់ជីវិត របបរាជានិយម ឱ្យរស់ឡើងវិញ
១០. សង្រ្គោះ ឬប្រស់ជីវិតគ្រប់ជំនឿសាសនា នៅកម្ពុជា ឱ្យរស់ឡើងវិញ

១១. សង្រ្គោះ ឬប្រស់ជីវិតវប្បធម៌ប្រពៃណីទំនៀមទម្លាប់នៅកម្ពុជាឱ្យរស់ឡើងវិញ
១២. សង្រ្គោះ ឬប្រស់ ឬបង្កើតជីវិត លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា សេរីពហុបក្សនៅកម្ពុជាឱ្យរស់ឡើងវិញ
១៣. បញ្ចូលប្រាសាទអង្គរវត្ត ជាសម្បត្តិបេតិកភណ្ឌពិពលោក
១៤. បញ្ចូលប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក
១៥. បញ្ចូលតំបន់ប្រាសាទ សំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក
១៦. បញ្ចូលរបាំព្រះរាជទ្រព្យ ជាសម្បត្តិបេតិកភណ្ឌអរូបិយមនុស្សជាតិ
១៧. បញ្ចូលល្ខោនស្បែកធំ ជាសម្បត្តិបេតិកភណ្ឌ មនុស្សជាតិ
១៨. បញ្ចូលចាប៉ីដងវែង ជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិ
១៩. បញ្ចូលល្ខោនខោល ជាសម្បត្តិបេតិកភណ្ឌពិភពលោក
២០. ធ្វើឱ្យកម្ពុជាមានប្រៀប ឬឈ្នះក្តី ក្នុងសំណុំរឿងប្រាសាទព្រះវិហារលើកទី២

២១. ជាអ្នកប្តេជ្ញាយ៉ាងប្តូរផ្តាច់ ការពារសុខសន្តិភាព ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា
២២. ជាអ្នកប្តេជ្ញាការពាររបបរាជានិយម
២៣. ជាស្ថាបនិក តំបន់សង្រ្គាម ប្រយុទ្ធបង្ហូរឈាម ទៅជាតំបន់អភិវឌ្ឍន៍
២៤. ជាស្ថាបនិក តំបន់ព្រំដែន នៃប្រទេសទាំង៤ កម្ពុជា ឡាវ ថៃ និងវៀតណាម ទៅជាតំបន់មានសន្តិភាព ស្ថិរភាព និងទំនាក់ទំនងពាណិជ្ជកម្ម
២៥. ជាតួអង្គតែម្នាក់គត់ ដែលនាំយកអតីតទាំងមេដឹកនាំទាហាន និងប្រជាជនក្នុងតំបន់ខ្មែរក្រហម ចូលមកកម្ពុជាវិញ ឱ្យរួមរស់នៅជាមួយគ្នាប្រកបដោយសុខសន្តិភាព
២៦. ការចូលជាសមាជិកសមាគមអាស៊ាន ឆ្នាំ១៩៩៩
២៧. ការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ឆ្នាំ២០០៤
២៨. ការធ្វើឱ្យមានកំណើនសេដ្ឋកិច្ច ៧% ជាប់គ្នារយៈពេល២០ឆ្នាំ
២៩. ធ្វើឱ្យមានការកាត់បន្ថយភាពក្រីក្របានឆាប់រហ័ស ពីជាង៥០% នៅឆ្នាំ១៩៩២ មក១៣% នៅឆ្នាំ២០១៩
៣០. ជាអ្នកធ្វើឱ្យសិទ្ធិសេរីភាពប្រជាជនសិទ្ធិបុរស និងស្រ្តីស្មើភាពគ្នា ទាំងវិស័យនយោបាយ និងការប្រកបកិច្ចការផ្សេងៗ
៣១. សម្តេច ហ៊ុន សែន ជាអ្នកធ្វើឱ្យអ្វីៗគ្រប់យ៉ាង គ្រប់វិស័យនៅកម្ពុជាមានជីវិតរស់ឡើងវិញ និងស្រស់បំព្រង។

ក្រៅពីនេះ ស្ថាបនិក និងបិតាសន្តិភាពរូបនេះ នៅបានធ្វើឱ្យមានកំណើន អ្វីៗគ្រប់យ៉ាងគួរឱ្យមោទកភាពបំផុត ក្នុងនោះ វិស័យសំណង់ មានសន្ទុះកើនឡើងយ៉ាងខ្លាំង ដោយមានគម្រោងសាងសង់ប្រមាណ ៤ ៤៤៦គម្រោង កើនឡើង៥៥% បើធៀបនឹងឆ្នាំ២០១៨ ខណៈទុនវិនិយោគលើវិស័យសំណង់មានចំនួន ៩.៣ពាន់លានដុល្លារ កើនឡើងប្រមាណ៧៨%។
នៅឆ្នាំ២០១៩ សំណង់ទូទាំងប្រទេស មានចំនួន ៣ ៧៣២ គម្រោង លើផ្ទៃក្រឡាកម្រាលសំណង់ សរុបចំនួន ១៨,៥លានម៉ែត្រការ៉េ កើន៦២% បើធៀបនឹងឆ្នាំ២០១៨ គម្រោងសំណង់មានផ្ទៃក្រឡាត្រឹមតែ ១១,៤លានម៉ែត្រការ៉េ។

គម្រោងទាំងនេះ មានសំណង់សណ្ឋាគារទូទាំងប្រទេសមានចំនួន ៦៦គម្រោង មានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៥៨៦លានដុល្លារ។ សំណង់អគារពាណិជ្ជកម្មនៅទូទាំងប្រទេសមានចំនួន ៣១២គម្រោង ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៣,៥ ពាន់លានដុល្លារ។ សំណង់អគាររោងចក្រ ចំនួន ១២១គម្រោង មានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ១,១ ពាន់លានដុល្លារ ហើយគិតចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៩ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានចេញលិខិតអនុញ្ញាតសាងសង់នៅទូទាំងប្រទេសចំនួន ៤៨ ០០៤គម្រោង មានតម្លៃប៉ាន់ស្មានទុនវិនិយោគសរុបប្រមាណ ៥១ពាន់លានដុល្លារ។ ក្នុងនោះសម្រាប់ខេត្តព្រះសីហនុ មានអគារចាប់ពី៥ជាន់ទៅមានចំនួន ២៣៨អគារ គម្រោងលំនៅឋានលក្ខណៈបុរី មានចំនួន២៩៨គម្រោង និងនៅរាជធានីភ្នំពេញ គិតចាប់ពីឆ្នាំ២០១១ រហូតដល់ឆ្នាំ២០១៩ បណ្ដុំលំនៅឋានលក្ខណៈអគារសហកម្មសិទ្ធិមានចំនួន ២២ ២៦៩។

ក្រៅពីនេះ នៅមានបុរីលំនៅឋាន និងបណ្ដុំលំនៅឋានមានលក្ខណៈបុរីនៅទួទាំងប្រទេសចំនួន ៤០ គម្រោង ស្មើនឹង១៦៥៨៩ខ្នង។ អគារផ្ទះល្វែង និងភូមិគ្រឹះ មានចំនួន ២០ ៧៨១ ល្វែង និងអគារស្នាក់នៅរួមមាន១៥២ គម្រោង ហើយគិតចាប់តាំងពីឆ្នាំ២០០០ ដល់ខែវិច្ឆិកា ឆ្នាំ២០១៩ ការចុះបញ្ជីក្រុមហ៊ុន ប្រកបអាជីវកម្ម សិក្សាគម្រោងប្លង់ និងសាងសង់បានចំនួន២ ៥៩៨ក្រុមហ៊ុន នៅមានសុពលភាពចំនួន ១ ០៨១ក្រុមហ៊ុន។ បច្ចុប្បន្នវិស័យសំណង់ និងអចលនទ្រព្យកម្ពុជា មានការវិនិយោគមកពី២៣ប្រទេស ដោយប្រទេសចិនបានឈរលំដាប់លេខ១ បន្ទាប់មកកូរ៉េខាងត្បូង និងជប៉ុន។

ការកើនឡើងដ៏គួរឱ្យកត់សម្គាល់នេះ ធ្វើឱ្យរដ្ឋតាមរយៈក្រសួងរៀបចំដែនដី នគរោបនីយកម្ម អាចរកប្រាក់ចំណូលចូលជាតិ បានប្រមាណជាង៤៥ ម៉ឺនលានដុល្លារ ហើយគិតជាមធ្យមវិស័យនេះ បានផ្តល់ការងារដល់ពលរដ្ឋប្រមាណ ១៤៧ ៤៥០នាក់ ទៅ ១៥០ ០០០នាក់ក្នុងមួយថ្ងៃ ក្នុងនោះនៅរាជធានីភ្នំពេញមានកម្មករប្រមាណពី ៤៣ ៤០០នាក់ទៅ ៤៣ ៥០០នាក់ កំពុងបំពេញការងារជារៀងរាល់ថ្ងៃ។

នៅមានវិស័យជាច្រើនទៀត ក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ដែរ ដូចជា វិស័យអប់រំ វិស័យសាសនា វិស័យវប្បធម៌ វិស័យសុខាភិបាល វិស័យធនធានទឹក វិស័យសារគមនាគមន៍ វិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពានថ្នល់ វិស័យទេសចរណ៍ វិស័យកសិកម្ម វិស័យការទូត ជាពិសេសធ្វើឱ្យការទប់ស្កាត់ការឆ្លងជំងឺអេដស៍ និងជំងឺគ្រុនចាញ់ ការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ទទួលបានជោគជ័យ និងការកាត់បន្ថយភាពក្រីក្រទទួលបានជោគជ័យមុនផែនការកំណត់ជាដើម ធ្វើឱ្យពិភពលោកកោតសរសើរថែមទៀតផង។

លោក ហ៊ុន ម៉ាណែត មានបងប្អូនបង្កើត៥នាក់ ក្នុងនោះប្រុសបីនាក់ ស្រី២នាក់។ ក្នុងចំណោមនេះ មានតែលោក ម៉ាណែតនិងលោក ហ៊ុន ម៉ានី ប៉ុណ្ណោះ ដែលចូលប្រឡូកជ្រៅ ក្នុងវិស័យនយោបាយ។ លោក ហ៊ុន ម៉ានី ជាតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ
ឯលោក ហ៊ុន ម៉ានិត មានអាជីពជាកងទ័ពនៃអង្គភាពចារកម្ម ហើយប្អូនស្រីរបស់លោកទាំងពីរ គឺលោកស្រី ហ៊ុន ម៉ាណា និងលោកស្រី ហ៊ុន ម៉ាលី គឺជាអ្នកជំនួញ ឬពាណិជ្ជករសុទ្ធសាធ។ លោកស្រី ហ៊ុន ម៉ាណា ជាអគ្គនាយិកា ស្ថានីយទូរទស្សន៍បាយ័ន BTV និងវិទ្យុបាយ័ន ដ៏ល្បីល្បាញ។ ចំណែកលោកស្រី ហ៊ុន ម៉ាលី ត្រូវជាកូនប្រសារសម្តេចវិបុលបញ្ញា សុខ អាន ក៏ជាអ្នកជំនួញម្នាក់ដែរ មិនដែលពាក់ព័ន្ធនឹងវិស័យនយោបាយទេ៕ ដោយ៖ គង់ សេដ្ឋាមុនី