ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក ផាប្លូ កាង (Pablo Kang) ឯកអគ្គរដ្ឋទូតអូស្រា្តលីចប់អាណត្តិ បានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងនាពេលបច្ចុប្បន្ន និងបានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ជាពិសេស វិស័យពាណិជ្ជកម្មនិងការវិនិយោគ សុខាភិបាល យោធា និងសន្តិសុខ ការអប់រំ ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌភាពជាដៃគូមេគង្គ-អូស្ត្រាលី។
លោក ប្រាក់ សុខុន បានថ្លែងអំណរគុណដល់ប្រទេសអូស្ត្រាលី ចំពោះការផ្តល់វ៉ាក់សាំង Pfizer ជិត៣លានដូស និងម៉ាស៊ីនបង្កកដើម្បីរក្សាទុកវ៉ាក់សាំងចំនួន១៣៣គ្រឿង ក៏ដូចជា ចំពោះជំនួយអភិវឌ្ឍន៍ផ្លូវការនៅក្នុងវិស័យជាច្រើន រួមមាន វិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ការបោសសំអាតមីន និងការអភិវឌ្ឍធនធានមនុស្ស។ ឧបនាយករដ្ឋមន្ត្រី ក៏បានកត់សម្គាល់ដោយក្តីរីករាយអំពីនិន្នាការនៃកំណើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរផងដែរ។
ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានអបអរសាទរកម្ពុជាចំពោះតួនាទីដ៏គួរឱ្យស្ងើចសរសើរជាប្រធានអាស៊ានឆ្នាំ២០២២ និងចំពោះការរៀបចំដោយជោគជ័យនូវកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំងបានស្វាគមន៍ការបញ្ចប់ប្រកបដោយខ្លឹមសារនូវកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្រ្តាលី-នូវែលសេឡង់ ដែលបានលើកកម្ពស់កិច្ចចរចានានា។ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានគូសបញ្ជាក់អំពីការថ្លែងអំណរគុណរបស់ឯកអគ្គរដ្ឋទូតអូស្ត្រាលី ចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការរបស់អូស្រ្តាលី ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន។
ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និង ឯកអគ្គរដ្ឋទូត ផាប្លូ កាង ក៏បានផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកផងដែរលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាផលប្រយោជន៍រួម។
សូមបញ្ជាក់ថា ក្នុងអំឡុងពេលដែលលោកឯកអគ្គរដ្ឋទូត ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០២២ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបំពាក់គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេនា របស់ព្រះរាជាណាចក្រកម្ពុជា ជូន លោក ផាប្លូ កាង (Pablo Kang) ឯកអគ្គរដ្ឋទូតអូស្រា្តលីចប់អាណត្តិ ដើម្បីជាការថ្លែងអំណរគុណចំពោះការរួមចំណែករបស់លោក ដល់ការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអូស្រ្តាលី៕ ដោយ៖ គង់ សេដ្ឋាមុនី