ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា កម្ពុជា ចង់ឲ្យមន្ត្រីនគរបាលខ្លួនមានស្តង់ដារ និងសមត្ថភាពខ្ពស់ ដូចមន្ត្រីនគរបាលអន្តរជាតិ។
ក្នុងឱកាសអនុញ្ញាតឲ្យលោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ សម្ដេចស ខេង លើកឡើងថា “កម្ពុជាចង់ឱ្យមន្ត្រីនគរបាល មានស្តង់ដារសមត្ថភាពខ្ពស់ដូចទៅនឹងមន្ត្រីនគរបាលអន្តរជាតិផងដែរ ។
ក្នុងន័យនេះ សម្ដេច បានស្នើអាល្លឺម៉ង់ឲ្យពិនិត្យឡើងវិញ នូវលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងវិស័យនគរបាលជាមួយកម្ពុជា។
ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការលើវិស័យនគរបាលនេះ លោកទូត បានតបថា នេះគឺជាការងារមួយដ៏សំខាន់ ដោយសារមន្ត្រី នគរបាលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ ។ លោកថា អាល្លឺម៉ង់ក៏កំពុងត្រៀមរៀបចំ ក្រុមនាំមុខដើម្បីចុះមកធ្វើការសិក្សាជាមួយបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីឈានទៅរកការបង្កើតកិច្ចសហប្រតិបត្តិការផ្លូវការជាមួយកម្ពុជា។
លោកបន្ថែមថា បច្ចុប្បន្នអាល្លឺម៉ង់កំពុងតែសិក្សា លើចំណុចកិច្ចសហប្រតិបត្តិការផ្សេងៗជាមួយបណ្ឌិត្យសភានគរបាលកម្ពុជាលើការងារលើកកម្ពស់សមត្ថភាពរបស់មន្ត្រីនគរបាល ។ ដោយលោកបានចាត់ទុកថាការងារនេះមានសារៈសំខាន់ ដោយសារមន្ត្រីនគរបាលគឺជាអ្នកដែលធ្វើការផ្ទាល់ យ៉ាងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ ហើយទាមទារឲ្យមានវិជ្ជាជីវៈខ្ពស់ និងមានសុជីវធម៌ល្អ៕ ដោយ៖ រិន ចំរើន