ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជា បានលើកឡើងថា មិននឹកស្មានសោះថា ប្រជាពលរដ្ឋខ្មែរ បានចេញដើរលេងកម្សាន្ដនៅតំបន់ទេសចរណ៍នានានៅកម្ពុជា ក្នុងឱកាសឆ្លងឆ្នាំសកលយ៉ាងច្រើនកុះករ មានរហូតដល់ជាង២លាននាក់។
ក្នុងពិធីបើកការដ្ឋានសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ នាព្រឹកថ្ងៃ២ មករា សម្ដេចតេជោបានអបអរសាទរ និងកោតសរសើរអាជ្ញាធរគ្រប់ទីកន្លែងដែលបានបំរើសេវានិងសន្តិសុខល្អនាឱកាសឆ្លងឆ្នាំសកលដល់ពលរដ្ឋ។
សម្ដេចតេជោបន្តថា «ខ្ញុំ អត់នឹកស្មានថា ប្រជាពលរដ្ឋរបស់យើងឆ្នាំនេះ នៅទទួលឆ្លងឆ្នាំថ្មីដ៏កុះករ។ របាយការណ៍របស់ ឯកឧត្តម ថោង ខុន យប់មិញនេះគឺមនុស្សជាង២លាននាក់ដែលបានធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍នានា ហើយឆ្លងឆ្នាំ។ នេះអត់ទាន់គិតអ្នកនៅតាមផ្ទះ ដែលគេនៅជួបជុំគ្រួសារ»។
សម្ដេចតេជោថា ការដើរលេងកម្សាន្តនេះ ដោយសារកក្តាសន្ដិភាព ទើបនាំប្រជាជនខ្មែរដើរលេងកម្សាន្ដនៅតំបន់ទេសចរណ៍នានាដោយសប្បាយរីករាយ ដូច្នេះ ពលរដ្ឋខ្មែរ ត្រូវបន្ដថែរក្សាសន្ដិភាពឱ្យខានតែបាន ព្រោះ អ្នកដែលចង់លួចឆក់ប្លន់ និងបំផ្លាញសន្ដិភាព នៅមាននៅឡើយ៕ ដោយ៖ រិន ចំរើន