សម្ដេចតេជោ ឱ្យគ្រប់អភិបាលរាជធានី-ខេត្តដោះស្រាយទំនាស់ដីធ្លីយកតាមគំរូលោក ម៉ៅ ធនិន

ភ្នំពេញ ៖ ដោយសារទំនាស់ដីធ្លីជាជំងឺដ៏រ៊ាំរៃ មិនជាសះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជាបានដាស់តឿនឲ្យដោះស្រាយក្រៅប្រព័ន្ធតុលាការដោយសន្តិវិធី ដោយអភិបាលរាជធានី-ខេត្ត ត្រូវយកគំរូតាមលោក ម៉ៅ ធនិន អភិបាលខេត្តកំពត ដើម្បីដោះស្រាយបញ្ហាជម្លោះដីធ្លី និងបញ្ហានានាជូនប្រជាពលរដ្ឋក្រៅប្រព័ន្ធតុលាការដោយមិនលំអៀង។

លោក ម៉ៅ ធនិន ត្រូវបានប្រជាពលរដ្ឋ ប្រៀបប្រដូច ដូចលោកប៉ាវចិនដែលមានទេពកោសល្យខ្ពស់ និងវោហារសព្ទពេញខ្លួន ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋក្រៅប្រព័ន្ធតុលាការដោយសន្តិវិធីនិងស្មើភាពគ្នា។

ក្នុងឱកាសអញ្ជើញបើកការដ្ឋានគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣ នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ បានលើកទឹកចិត្តដល់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បន្ដដោះស្រាយបញ្ហាដីធ្លី និងបញ្ហានានាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យខេត្តកំពតមានសុវត្ថិភាពបំផុត និងជាខេត្តគ្មានជម្លោះដីធ្លី ក្រៅប្រព័ន្ធតុលាការ។

សម្ដេចតេជោថា «បើសិន អភិបាលខេត្ត គ្រប់ខេត្តធ្វើត្រឹមតែបានត្រឹម ម៉ៅ ធនិន ខ្ញុំ គិតថា អាជម្លោះដីធ្លីនេះវានឹងស្ងប់ឯងព្រោះវាអត់មានអីច្រើនទេ ។ កន្លែងខ្លះ ម៉ែ និងកូន កន្លែងខ្លះ បងប្អូនឯងសោះ ទាល់គ្នាឡើងតុលាការ ហើយឡើងតុលាការហើយ កុំបន្ទោសតុលាការ ។តុលាការត្រឹមតែកាត់ មិនអាចកាត់ស្មើគ្នាទេ គឺកាត់ម្នាក់ចាញ់ ម្នាក់ឈ្នះ ។ ចឹង ខ្ញុំស្នើលើកទឹកចិត្តដោះជម្លោះក្រៅប្រព័ន្ធតុលាការ»។

សម្ដេចតេជោ ក៏បានចាត់ទុកថា ខេត្តកំពតកំពុងដើរតួនាទីដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋក្រៅប្រព័ន្ធតុលាការហើយ។ សម្ដេច ក៏បានណែនាំអភិបាលកំពត ដាក់កម្មវិធីដោះស្រាយជូនពលរដ្ឋ ២ ឬ៣ ថ្ងៃម្ដង ហើយទៅចុះជួបប្រជាពលរដ្ឋដោយផ្ទាល់ផងដែរ៕ ដោយ៖ រិន ចំរើន