សម្តេចតេជោ ៖ រាជរដ្ឋាភិបាល​នឹងមិនបើកប្រាក់ខែ ជាសាច់ប្រាក់ផ្ទាល់ឡើងវិញ តាមការស្នើលោក សុខ ទូច

ភ្នំពេញ៖ តបតាមសំណើររបស់លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ត្រឡប់ទៅវិញថា គឺមិនអាចធ្វើតាមបានឡើយ ដោយនៅរក្សាការបើកប្រាក់ខែ តាមប្រព័ន្ធធនាគារដដែល ។

ថ្មីៗនេះ លោក សុខ ទូចបានស្នើរាជរដ្ឋាភិបាលថា គួរបើកប្រាក់ខែឲ្យបុគ្គលិករដ្ឋជាសាច់ប្រាក់ផ្ទាល់ឡើងវិញ ។

ពីក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីរគឺផ្លូវជាតិលេខ៣១ និងលេខ៣៣ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប នាថ្ងៃទី៣០ ធ្នូនេះ សម្ដេចតេជោបានមានប្រសាសន៍ថា មានមន្រ្តីរាជការជាច្រើនបារម្ភខ្លាច សម្ដេចធ្វើតាមការស្នើសុំរបស់លោក សុខ ទូច ។ ប៉ុន្តែសម្ដេចថា សូមលោកសុខ ទូច គ្រប់គ្រងតែបុគ្គលិកខ្លួនឲ្យត្រឹមត្រូវទៅ កុំមកទាមទារឲ្យរាជរដ្ឋាភិបាល បើកលុយសុទ្ធឡើងវិញ ។

ដូច្នេះតាមការស្នើរបស់លោក សុខ ទូច សម្ដេចតេជោសង្កត់តបទៅវិញថា «សុខ ទូច គាត់ជាអ្នកស្រាវជ្រាវម្នាក់ ក៏ប៉ុន្តែគាត់ផ្អែកទៅលើថា គាត់គ្រប់គ្រងបុគ្គលិកខ្លួនឯងអត់បាន គាត់មកស្នើឲ្យរាជរដ្ឋាភិបាល រំសាយចោលការបើកលុយតាមធនាគារ ។ ចឹងមួយចំនួនកំពុងមានការភ័យខ្លាចថា ក្រែងខ្ញុំតាម សុខ ទូច អត់ទេ ។ សុខ ទូច គួរតែខិតខំគ្រប់គ្រងមន្ត្រីត្រឹមតែរាជបណ្ឌិត្យសភាមិនបាន ហើយមកបំផ្លាញចោលផែនការកែទម្រង់ ដែលយើងបានប្រឹងធ្វើចូលទៅក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថល ហើយមកទាញឲ្យមកបើក លុយ លេងមកចូលទសវត្សរ៍៩០វិញ ទៅមិនរួចទេ» ៕ ដោយ៖ រិន ចំរើន