សម្ដេចតេជោឲ្យអាជ្ញាធរចុះសួរឪពុក-ម្តាយអ្នកធ្វើបាតុកម្មប្រឆាំងខ្ញុំនៅក្រៅប្រទេស តើជីវភាពរាល់ថ្ងៃម៉េចដែរ?

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានណែនាំឱ្យអាជ្ញាធរទៅសួរឪពុក-ម្ដាយ របស់ក្រុមអ្នកធ្វើបាតុកម្មប្រឆាំងដំណើរសម្តេច នៅក្រៅប្រទេសថា តើជីវភាពរាល់ថ្ងៃយ៉ាងម៉េចដែរ? ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២២នេះ សម្តេចតេជោបានឱ្យលើកឡើងថា អាជ្ញាធរមូលដ្ឋាន គ្រាន់តែទៅសួរនាំឪពុក-ម្តាយ អ្នកធ្វើបាតុកម្មប្រឆាំងសម្តេចមិនមែនទៅគំរាមកំហែង នោះទេ។

សម្ដេចតេជោបានបញ្ជាក់ថា «រឿងបាតុកកម្មនេះ គេថាខ្ញុំគំរាមគេទៀត ខ្ញុំអត់គំរាមទេ ខ្ញុំថា ថតមុខឱ្យបាន យកទៅបិទនៅមុខពោធិ៍ចិនតុង ឬក៏ខ្ញុំចង់តាមដានអ្នកឯងកំពុងស្រែកជេរខ្ញុំ ហើយខ្ញុំ នឹងយកឈ្មោះអ្នកឯង ទៅតាមរកគ្រួសារអ្នកឯង ដើម្បីឱ្យគ្រួសារអ្នកឯងបានមើលថា កូនអ្នកឯងធ្វើបាតុកម្ម ប្រឆាំងរដ្ឋាភិបាលតាមរយៈចេះៗ។ ប៉ុន្ដែសួរឪពុក-ម្ដាយ តើក្រដូចអ្វីដែលកូនអ្នកឯងនិយាយទេ បងប្អូនអ្នកឯងនិយាយទេអាហ្នឹង ខ្ញុំនឹងធ្វើឱ្យអ្នកឯងមើល»។

សម្ដេចតេជោបន្ដទៀតថា «ឥឡូវផ្នែកសន្ដិសុខ យករូបភាពគេធ្វើបាតុកម្ម រួចហើយទៅដល់ផ្ទះឪពុក-ម្ដាយ និងក្រុមគ្រួសារគេ ។ យើងអត់មានការគំរាមគំហែង ប៉ុន្ដែគ្រាន់តែទៅសួរជាក់ស្ដែង កូនរបស់លោកអុំ ឬក៏ប្អូនបង កំពុងធ្វើចឹង ហើយស្រែកជេរប្រមាថចឹង ឥឡូវជីវភាពរបស់ក្រុមគ្រួសារបងឯង យ៉ាងម៉េចដែរ?»។

សម្ដេចនាយករដ្ឋមន្ដ្រីបន្ថែមថា ក្នុងចំណោមអ្នកជេរប្រមាថមកលើរូបសម្ដេចនោះ គ្រួសារបស់ឯងកំពុងរស់នៅសុខសាន្ត ក្រោមដំបូរសន្ដិភាព និងការអភិវឌ្ឍនៅកម្ពុជា៕
ដោយ៖ រិន ចំរើន