សម្ដេចតេជោ ៖ សូមឪពុក-ម្ដាយ ឈ្មោះ សួង នាគព័ន្ធ ប្រដៅកូន បន្ទាប់ចូលខំមិនហ្វេសប៊ុកសម្ដេចពាក្យមិនល្អ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជា បានស្នើឱ្យឪពុក-ម្ដាយ ឈ្មោះសួងនាគព័ន្ធ ប្រដៅកូនរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងមានសីលធម៌ ក្នុងខ្លួន ក្រោយឈ្មោះនេះបានចូលបញ្ចេញខំមិនលើហ្វេសប៊ុកសម្ដេច នូវពាក្យអសុរសមួុយចំនួន។

ហ្វេសប៊ុកឈ្មោះ “SN សួងនាគព័ន្ធ”បានចូលខំមិននូវពាក្យអសុរសលើបណ្តាញហ្វេសប៊ុកសម្តេច ក្រោយពី សម្ដេចបានបង្ហោះរូបថតពាក់អាវក្រុមជម្រើសជាតិអាល្លឺមង់ថា ” មនុស្សចង្រៃទៅដល់ណាក៏ចង្រៃ”។

ក្រោយឃើញបែបនេះ សម្តេចតេជោក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់លេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បានផ្ញើសារពីចំងាយថា «សូមផ្ដាំដល់ឪពុក-ម្ដាយ សួង នាគព័ន្ធ ឱ្យអប់រំកូនផង។ អ្នកណាចង្រៃ មិនចង្រៃ ឯងខ្លួនឯងចង្រៃខ្លួនឯង ធ្លាប់ជាប់គុក បានអញជួយឯងឱ្យរួចចេញពីគុកតើ»។

សម្ដេចតេជោបន្តថា សម្ដេចសុំមិននិយាយអ្វីច្រើនឡើយលើឈ្មោះ SN សួងនាគព័ន្ធនេះ ទុកឱ្យប្រជាពលរដ្ឋចូលមើល ក្មេងពាលបែបនេះ ហើយវិនិច្ឆ័យខ្លួនឯង ។

ជាមួយគ្នានេះ សម្ដេចបង្ហើបថា សួងនាគព័ន្ធនេះ ធ្លាប់មានប្រវត្តិជាប់គុកម្តងហើយ៕ ដោយ៖​ រិន​ ចំរើន