រដ្ឋមន្រ្តីមហាផ្ទៃ ស្នើរដ្ឋមន្ដ្រីអភិវឌ្ឍជនបទ សង់ស្ពានឆ្លងទន្លេតូចព្រៃវែង-កំពង់ចាម

ភ្នំពេញ ៖ ក្រោយសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបានយល់ព្រមជាគោលការណ៍ក្នុងការអនុញ្ញាតឱ្យស្ថាបនាស្ពានបេតុងឆ្លងទន្លេតូចព្រៃវែង-កំពង់ចាមជិត១០ឆ្នាំមកហើយ មិនទាន់ចេញជារូបរាងនៅ ឡើយនោះសម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋា ភិ បាលចុះមូលដ្ឋានខេត្តព្រៃវែងស្នើលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទសាងសង់។

ស្ពានបេតុងចំនួន២កន្លែងនេះ ស្ថិតនៅតាមដងទន្លេតូច ក្នុងស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង និងស្រុកកោះសូទិន ខេត្តកំពង់ចាម។

ការស្នើរបស់សម្តេច ស ខេងនេះ ក្រោយគម្រោង ស្ថាបនាស្ពានបេតុងឆ្លងកាត់ទន្លេតូចទាំង២ កន្លែងនេះ ត្រូវបានរដ្ឋបាលខេត្តព្រៃវែង និងរដ្ឋបាលខេត្តកំពង់ ចាម បានលើកសំណើសុំទៅប្រមុខរាជរដ្ឋាភិបាល ហើយត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបានផ្តល់ជាគោលការណ៍ ឲ្យក្រសួងអភិវឌ្ឍន៍ជនបទដាក់បញ្ចូលក្នុងផែនការឆ្នាំ២០១៤ តាមចំណារចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៣។

ក្នុងលិខិតរបស់សម្តេច ស ខេង នាពេលថ្មីៗនេះបាន បញ្ជាក់ថា ផ្អែកលើស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងដើម្បីលើកកំពស់ការអភិវឌ្ឍនូវសមិទ្ធផលថ្មីៗ មុនពេល បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ឆ្នាំ២០២៣ «ខ្ញុំស្នើឯកឧត្តម រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ពិនិត្យលទ្ធភាពស្ថាបនាស្ពានបេតុង២កន្លែង ឆ្លងកាត់ទន្លេតូច ដូចជា៖ ទី១-ពីភូមិព្រែកសណ្តែក ឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ទៅភូមិល្វា ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម ប្រវែង១១០ម៉ែត្រ និងទី២-ពីភូមិព្រែកព្នៅ ឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ទៅភូមិកំពង់ចំបក់ ឃុំព្រែកតានូង ស្រុកកោះសូទិន ខេត្តកំពង់ចាម ប្រវែង១១០ម៉ែត្រ»។

ក្នុងលិខិតបញ្ជាក់ទៀតថា សព្វថ្ងៃប្រជាពលរដ្ឋនៅឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង និងប្រជាពលរដ្ឋនៅឃុំល្វេ ឃុំព្រែកតានូង ស្រុកកោះសូទិន ខេត្តកំពង់ចាម ត្រូវការស្ពានបេតុង សម្រាប់ធ្វើដំណើរឆ្លងកាត់ទៅ-មក ដើម្បីបង្កបង្កើនផល និងទំនាក់ទំនងការងារផ្សេងៗ៕ ដោយ៖​ រិន ចំរើន