ភ្នំពេញ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្រើនរំឭកដល់តួអង្គដែលមានការពាក់ព័ន្ធគម្រោងអភិវឌ្ឍន៍វិស័យច្បាប់និងយុត្តិធម៌ទាំងអស់ ផ្តល់ការគាំទ្រ និងកិច្ចសហការពេញលេញប្រកបដោយភាពម៉ឺងម៉ាត់ និងស្មារតីទទួលខុសត្រូវខ្ពស់ សំដៅបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យច្បាប់ និងយុត្តិធម៌ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
លោកថ្លែងបែបនេះ ក្នុងពិធីដាក់ឱ្យអនុវត្តជាផ្លូវការនូវគម្រោងអភិវឌ្ឍន៍វិស័យច្បាប់និងយុត្តិធម៌ ជំហានទី៦
នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ដោយមានការចូលរួមពីលោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និងពីសំណាក់ លោកស្រី KAMEI Haruko ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា, លោក KAWABUCHI Takehiko តំណាងក្រសួងយុត្តិធម៌ជប៉ុន ព្រមទាំង លោក លោកស្រី ជាថ្នាក់ដឹកនាំ, សាស្រ្តាចារ្យ, ជំនាញការ, គ្រូបង្គោល ក៏ដូចជា មន្រ្តីរាជការ ជាច្រើនរូបទៀត។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈទីភ្នាក់ងារ JICA ដែលបានផ្តល់ការគាំទ្រ និងជំនួយនានាក្នុងការអភិវឌ្ឍវិស័យរដ្ឋប្បវេណីរបស់កម្ពុជា តាមរយៈគម្រោងអភិវឌ្ឍន៍វិស័យច្បាប់និងយុត្តិធម៌ អស់រយៈពេលជាង ២០ឆ្នាំ ដោយគិតចាប់ពីឆ្នាំ ១៩៩៩ រហូតមកដល់បច្ចុប្បន្ន ដែលនេះបានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងយូរអង្វែងរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន។
ស្របពេលជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានបញ្ជាក់ផងដែរថា ការបន្តជួយដល់កម្ពុជាក្នុងជំហានទី៦ ក្នុងក្របខណ្ឌគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ នៅពេលនេះ បានបង្ហាញអំពីការទទួលខុសត្រូវខ្ពស់របស់ប្រទេសជប៉ុន ដែលមិនត្រឹមតែបានជួយកម្ពុជាក្នុងការកសាងក្របខណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យរដ្ឋប្បវេណីប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងធានានូវប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទាំងនោះតាមរយៈការបណ្តុះបណ្តាលកសាងសមត្ថភាពអ្នកអនុវត្តច្បាប់កម្ពុជាផងដែរ។ គម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៦ នេះ នឹងផ្តោតជាសំខាន់លើការបណ្តុះបណ្តាលអ្នកអនុវត្តច្បាប់ឱ្យមានការយល់ដឹងត្រឹមត្រូវនិងច្បាស់លាស់ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្ត និងសង្គតិភាពនៃការបកស្រាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យរដ្ឋប្បវេណី៕ ដោយ៖ សៀងហៃ