សម្ដេច ស ខេង បញ្ជាអាជ្ញាធរទប់ស្កាត់បទល្មើសធនធានធម្មជាតិ ពិសេសតំបន់បឹងទន្លេសាប

ភ្នំពេញ ៖ សម្ដេច ស ខេង នាយករដ្ឋមន្រ្តីស្ដីទីនៃរាជរដ្ឋាភិបាលកម្ពុជា បានជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបង្ការ និងទប់ស្កាត់បទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ ជាពិសេសនៅតំបន់ជុំវិញបឹងទន្លេសាប។

ក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់វិមានឯករាជ្យ សួនសម្ដេចក្រឡាហោមវិមានឯករាជ្យ និងផ្សាររាត្រី ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ សម្ដេច ស ខេង បានណែនាំឱ្យរដ្ឋបាលខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់អនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការការពារធនធានធម្មជាតិ និងបរិស្ថាន។

សម្ដេចបន្តថា «ជំរុញឱ្យបង្កើនការយកចិត្តទុកដាក់បង្ការ និងទប់ស្កាត់បទល្មើសកាប់បំផ្លាញព្រៃឈើ បរបាញ់សត្វ និងការនេសាទខុសច្បាប់ដែលបំផ្លិចបំផ្លាញធនធានមច្ឆាជាតិ ពិសេសនៅតំបន់ជាប់បឹងទន្លេសាប»។

ជាមួយគ្នានេះ សម្ដេចក៏បានលើកទឹកចិត្តពលរដ្ឋឱ្យបន្តយកចិត្តទុកដាក់លើការងារគ្រប់គ្រងសំរាម និងការលើកម្ពស់បរិស្ថាន ពិសេសបង្កើនភាពបៃតងនៅតាមទីសាធារណៈ។

សូមបញ្ជាក់ថា បទល្មើសនានានៅតាមបណ្តានៃតំបន់បឹងទន្លេសាប ត្រូវបានរាជរដ្ឋាភិបាលបញ្ជាឱ្យភាគីពាក់ព័ន្ធចុះបង្រ្កាបនាពេលកន្លងមកយ៉ាងផុសផុល ហើយលទ្ធផលក៏បានឃាត់ខ្លួនអ្នកប្រព្រឹត្តជាបន្តបន្ទាប់ផងដែរ៕ ដោយ៖ រិន ចំរើន