ភ្នំពេញ៖អ្នកថែសួនច្បារប្រទះឃើញគ្រាប់បែកបង្កៃ ១គ្រាប់ ដាក់ក្នុងនំខេក នៅលើផ្លូវរដ្ឋសភា មុខក្រុមហ៊ុនណាហ្គាវើលដ៍២ ស្ថិតក្នុងភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងជាង ៦ព្រឹក ថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២២ នេះ ។
លោក ហេង ស៊ីលាភ អ្នករត់តាក់ស៊ី បានប្រាប់ឱ្យដឹងថា៖ នៅម៉ោងប្រហែល ៦:១០នាទី មាននារីកម្មករអនាម័យថែសួនម្នាក់ បានមកប្រាប់គាត់ថា ពូ ! ជួយទៅមើលបន្តិចមើល ! មានដែកស្អីមូលៗជាប់នំខេក នៅលើផ្លូវ ឥឡូវខ្ញុំយកទៅដាក់លើលើសួនច្បារហើយ ។
លោកបន្តថា ពេលខ្ញុំទៅដល់ស្គាល់ច្បាស់ថាគ្រាប់បែក។ ខ្ញុំក៏បានរាយការណ៍ជូនសន្តិសុខណាហ្គាវើលដ៍ រួចរាយការណ៍ឲ្យសមត្ថកិច្ចចុះមក ។
តាមសម្ដីនារីម្នាក់ស្នើសុំមិនប្រាប់ឈ្មោះឱ្យដឹងថា នៅម៉ោងប្រហែលជាង ២រំលងអធ្រាត្រ មានយុវជន ២នាក់ ជិះម៉ូតូមកក្បែរសួនច្បារមុខរដ្ឋសភា និងសួរគ្នាថា យកដាក់កន្លែងណា ? ម្នាក់ទៀតឆ្លើយថា យកដាក់ចំពីមុខតែម្ដងទៅមួយសន្ទុះ ពួកគាត់ជិះម៉ូតូចេញទៅវិញ តែយ៉ាងណា គាត់មិនចាប់អារម្មណ៍នោះទេ៕ ដោយ៖ ពុទ្ធិពល