ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើអង្គការសហប្រជាជាតិ (UN) សហការជាមួយដៃគូអភិវឌ្ឍន៍ដទៃទៀត ដើម្បីសម្រេចគោលដៅ កម្ពុជាគ្មានមីន ត្រឹមឆ្នាំ២០២៥។
នាឱកាសអញ្ជើញទទួលជួប លោក Joseph Scheuer, Resident Coordinator នៃទីភ្នាក់ងារ UN ប្រចាំកម្ពុជា នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ លោក អូន ព័ន្ធមុនីរ័ត្ន បានសង្ឃឹមយ៉ាងមុតមាំថា បេសកកម្មការងាររបស់ លោកទីភ្នាក់ងារ UN នឹងរួមចំណែកដល់ការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយប្រព័ន្ធអង្គការ សហប្រជាជាតិ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។
ឧបនាយករដ្ឋមន្ដ្រី បញ្ជាក់ថា «ស្នើឱ្យអង្គការសហប្រជាជាតិ សហការជាមួយដៃគូអភិវឌ្ឍន៍ដទៃទៀត ដើម្បីផ្ដល់ការគាំទ្រដល់កម្ពុជាក្នុងបេសកកម្មបោសសម្អាតមីន ដើម្បីឈានដល់ ការសម្រេចឱ្យបាននូវគោលបំណងនៃផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ និងការសម្រេចបានគោលដៅ កម្ពុជាគ្មានមីន នៅត្រឹមឆ្នាំ ២០២៥»។
ជាមួយគ្នានេះ លោក Joseph Scheuer ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រព័ន្ធអង្គការសហប្រជាជាតិ ក្នុងការគាំទ្រកម្ពុជាឱ្យសម្រេចបានរបៀបវារៈ ស្តីពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ២០៣០ តាមរយៈ «ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអង្គការសហប្រជាជាតិ (UN) Cooperation Framework)ថ្មី ឆ្នាំ២០២៤-២០២៨៕ ដោយ៖ រិន ចំរើន