សម្ដេចតេជោ ដឹកនាំគណៈប្រតិភូដល់ទីក្រុងប៉ារីស

ភ្នំពេញ ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ បានបន្តដឹកនាំគណៈប្រតិភូតាមជើងយន្តហោះពិសេស ទៅដល់ អាកាសយានដ្ឋានអន្តរជាតិ Paris Charles de Gaulle ទីក្រុងប៉ារីស ប្រទេសបារាំង បន្ទាប់ពីអញ្ជើញសំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្ស៉ិក។

ការអញ្ជើញដល់របស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងគណៈប្រតិភូ គឺត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីមន្ត្រីជាន់ខ្ពស់របស់បារាំង និងមន្ត្រីការទូតកម្ពុជា ប្រចាំនៅបារាំងជាច្រើនរូប។

តាមកម្មវិធីគ្រោងទុក ក្នុងពេលបំពេញទស្សនកិច្ចនៅបារាំង សម្ដេចតេជោ ក៏នឹងអញ្ជើញចូលរួមសន្និសីទគាំទ្រភាពធន់នៃប្រជាជនអ៊ុយក្រែន កិច្ចប្រជុំក្រុមប្រឹក្សាសហគ្រាសកម្ពុជា-បារាំង និងពិធីលៀងសាយភោជន៍ ជូនសម្ដេចតេជោ និងគណៈប្រតិភូ ដែលរៀបចំឡើងដោយប្រធានាធិបតីបារាំង៕ ដោយ៖ រិន ចំរើន