សម្ដេចតេជោ ៖ អ្នកប្រកាសដឹកនាំធ្វើបាតុកម្មប្រឆាំងវត្តមានសម្តេចនៅព្រុចសែល ចេញមុខមកថា ប្រមូលមនុស្សបានប៉ុន្មាន

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានចោទសួរទៅក្រុមប្រឆាំងនៅក្រៅ ប្រទេសថា តើនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ មានមនុស្សប៉ុន្មាននាក់? មកធ្វើបាតុកម្មប្រឆាំងវត្តមានសម្តេច ហើយត្រូវបង្ហាញកម្លាំងពិតផងដែរ ព្រោះកុំឲ្យចាញ់អ្នកគាំទ្រសម្តេចដែលមកជួបសម្តេចប្រមាណជា២ពាន់នាក់។

ការថ្លែងរបស់សម្តេចតេជោនេះ បន្ទាប់ពីលោកសម រង្ស៊ី បានអំពាវនាវឲ្យប្រជាពរដ្ឋខ្មែរនៅទីក្រុងព្រុសសែល ត្រៀមធ្វើបាតុកម្មប្រឆាំងវត្តមានសម្ដេចតេជោ អញ្ជើញទៅកាន់តំបន់អឺរ៉ុប ដើម្បីចូលរួម និងធ្វើជាសហ ប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន-សហភាពអឺរ៉ុប និងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-សហភាពអឺរ៉ុប នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។

ក្នុងឱកាសជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរ រស់នៅទ្វីបអឺរ៉ុបប្រមាណជា២០០០នាក់ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោបានថ្លែងថា «ខ្ញុំ ក៏ចង់ដឹងដែរព្រោះប៉ុន្មានថ្ងៃនេះ គេប្រកាសធ្វើបាតុកម្មប្រឆាំងខ្ញុំ ហើយខ្ញុំក៏ចង់ដែរ ថ្ងៃ១៤ ធ្នូ ខាងមុខ មានប៉ុន្មាននាក់ ខ្ញុំក៏ចង់ដែរ។ ថ្ងៃនេះ យើងថតឲ្យអស់របស់ក្រុមយើង រួចហើយ ខ្ញុំស្នើថ្ងៃ១៤ នេះ ពួកយើងទៅថតគេធ្វើបាតុកម្ម តើពួកគេប៉ុន្មាននាក់?»។

សម្ដេចនាយករដ្ឋមន្រ្តីបន្ដថា «ខ្ញុំ ចង់ឲ្យអាអ្នកប្រកាស ចេញដឹកនាំធ្វើបាតុកម្មមកប្រឆាំងខ្ញុំតែម្ដង តើចិត្តសឿងចេញមក ប្រមូលមនុស្សមកបានទេ? ជាស៊េរីរបស់អ្នកឯងទេ ប៉ុន្ដែអ្នកគួរតែបង្ហាញកម្លាំងពិតរបស់អ្នកឯង»។

ជាមួយគ្នានេះដែរ សម្តេចតេជោ ក៏បានណែនាំឲ្យពលរដ្ឋខ្មែរ រស់នៅអឺរ៉ុបទាំងអស់ គោរពតាមវិធាន ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដោយមិនត្រូវចូលរួមធ្វើបាតុកម្ម ប្រឆាំងតវ៉ានឹងវិធានរបស់រដ្ឋាភិបាល នៃបណ្តាប្រទេសរបស់ប្រជាពលរដ្ឋរស់នៅនោះទេ៕ ដោយ៖ រិន ចំរើន