សម្ដេចតេជោ ៖ តើអ្នកទាំងអស់គ្នា មកជួបខ្ញុំនេះស្ថិតនៅក្រោមការគំរាមកំហែងរបស់អ្នកណា?

ភ្នំពេញ ៖ ថ្លែងចេញពីទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក ជាទីកន្លែងជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋខ្មែរមកពីទ្វីបអឺរ៉ុបប្រមាណជា ២០០០នាក់ នៅរាត្រីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា) សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានចោទសួរថា តើអ្នកទាំងអស់គ្នាដែលមកជួបសម្តេចនេះស្ថិតនៅក្រោមការគំរាមកំហែងរបស់អ្នកណា?

ការចោទជាសំណួររបស់នាយករដ្ឋមន្រ្តីកម្ពុជាក្រោយពីក្រុមប្រឆាំងនៅក្រៅប្រទេសតែងតែចោទប្រកាន់ថា រាល់ពេលសម្តេចមានបេសកកម្មនៅបរទេសម្តងៗ ក្រុមការងារសម្តេចបានជួលពលរដ្ឋខ្មែររស់នៅបរទេសមកស្វាគមន៍ និងមកជួបសម្តេច។

ប៉ុន្តែចំណុចចោទប្រកាន់ជារឿយៗរបស់ក្រុមប្រឆាំងនេះ សម្តេចតេជោបានតបទៅវិញក្នុងឱកាសជួបពលរដ្ឋ២០០០នាក់នាក្រុងព្រុចសែលថា ភាសាទិញ ឬជួល ដើម្បីឲ្យមកសម្តេច គួរតែបញ្ចប់ ព្រោះបាន ប្រមាថយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិប្រជាពលរដ្ឋ។

សម្ដេចតេជោគូសបញ្ជាក់ថា «ការមកជួបនេះ ត្រូវបានការទទួលគៀបសង្កត់ ឬការទិញដូរ ប្រហែលជាភាសានេះ យើងគួរតែបញ្ចប់វា នៅក្នុងដំណាក់កាលណាមួយ ព្រោះវាជាការប្រមាថដ៏ធ្ងន់សម្រាប់សតិសម្បជញ្ញៈ និងសម្រាប់សិទ្ធិពលរដ្ឋ តើអ្នកទាំងអស់គ្នាដែលមកទីនេះ ក្រោមការគំរាមកំហែងរបស់អ្នកណា? មិនថាឡើយ សម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្រៅប្រទេស ក្នុងប្រទេសមានលទ្ធិប្រជាធិបតេយ្យនោះទេ សូម្បីប្រជាពលរដ្ឋកម្ពុជា ក៏រាជរដ្ឋាភិបាលគ្មានសិទ្ធិ ទៅនឹងការគៀបសង្កត់ ដើម្បីឲ្យអ្នកឯងត្រូវចូលរួមនេះ ចូលរួមនោះ»។

សម្ដេចតេជោបន្ដថា លើកលែងមានការចាត់តាំងណាមួយសម្រាប់ព្រឹត្តិការណ៍ជាតិ។ ដោយឡែកសម្រាប់កម្មវិធីសំណេះសំណាលជាមួយពលរដ្ឋនៅក្រៅប្រទេសនេះ អ្នកមិនចង់មក គឺជាសិទ្ធិរបស់ប្រជាពលរដ្ឋ។ លើសពីនេះ សម្ដេច ក៏មិនយល់ចំពោះអ្នករស់នៅទឹកដីប្រជាធិបតេយ្យ បែរចេះប្រើប្រាស់ភាសាទិញ ឬជួលទៅវិញម សម្ដេច ឆ្លើយតបវិញថា ពលរដ្ឋខ្មែរមិនពេញចិត្តក្នុងការស្ដាប់ ឬមិនចង់មកជួប គឺជាសិទ្ធរបស់ពួគគាត់។

ជាងនេះទៅទៀត សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានសោកស្ដាយចំពោះប្រជាពលរដ្ឋខ្មែរមួយចំនួននៅក្រៅប្រទេស ក្រោយលើកឡើងថា អ្នកណាចូលរួមជាមួយ គណបក្សប្រជាជនកម្ពុជា សុទ្ធតែជាអាយ៉ងរបស់បរទេស៕ ដោយ៖ រិន ចំរើន