ភ្នំពេញ ៖ សម្ដេច ស ខេង នាយករដ្ឋមន្ដ្រីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានណែនាំឱ្យសមត្ថកិច្ចស្រាវជ្រាវ រកជនល្មើស បន្ទាប់ពីសមត្ថកិច្ចបង្ក្រាបគ្រឿងញៀនបានចំនួន ៨០០គីឡូក្រាម នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២។
នាឱកាសអញ្ជើញជាអធិបតីភាព ក្នុងទិវាជាតិប្រឆាំងការជួញដូរមនុស្ស១២ ធ្នូ លើកទី១៦ នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ សម្ដេច ស ខេង បានឱ្យដឹងថា «កាលពីម្សិលមិញ មានករណីគ្រឿងញៀនមួយដ៏ធំដែលសមត្ថកិច្ចបានបង្ក្រាប រហូតទៅដល់ ៨០០គីឡូក្រាម គឺសារធាតុញៀន ៨០០គីឡូក្រាម ។ សមត្ថកិច្ចយើងកំពុងធ្វើកិច្ចការងារនេះ យ៉ាងម៉ឺតចត់បន្ដទៀត។ ប្រសិនបើយើងគ្រាន់តែប្រមូលគ្រឿងញៀន ៨០០គីឡូក្រាមនេះបានមក តែយើងមិនបានចាប់ ឧក្រិដ្ឋជន មេក្លោង ឬអ្នកជួញដូរគ្រឿងញៀននោះ មកដាក់ទោស ហាក់ដូចជា បេសកម្មរបស់យើងមិនទាន់ចប់ទេ ហើយក៏មិនទាន់ជោគជ័យដែរ»។
សម្ដេច ស ខេង បន្ថែមថា អ្វីដែលជោគជ័យ គឺចាប់ជនល្មើសមកដាក់ទោស ទើបហៅថាជោគជ័យ ព្រមទាំងស្រាវជ្រាវបន្ដល្មើសដ៏ទៃទៀត រហូតឈានទៅដល់បទល្មើសសម្អាតប្រាក់ បញ្ហាទាំងនេះ គឺជាបញ្ហាដ៏សំខាន់របស់កម្ពុជាផងដែរ៕ ដោយ៖ រិន ចំរើន