ភ្នំពេញ ៖ គម្រោងសាងសង់ស្ពានទន្លេមេគង្គខេត្តក្រចេះ និងគម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៧ (ពីទីប្រជុំជនស្គន់ ដល់ក្រុងកំពង់ចាម) ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន គ្រោងនឹងប្រព្រឹត្តទៅនាដើមខែមករា ឆ្នាំ២០២៣ខាងមុខ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
គម្រោងនៃការបើកការដ្ឋានសាងសង់នេះ ធ្វើឡើងក្នុងកិច្ចប្រជុំពីការរៀបចំកម្មវិធីប្រកាសបើកការដ្ឋាន ក្រោមអធិបតីភាពលោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃ១២ ខែធ្នូ ឆ្នាំ២០២២ ។
កិច្ចប្រជុំត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីបែងចែកតួនាទី និងភារកិច្ចជូនដល់សមាជិក សមាជិកាគណៈកម្មាការ និងអនុគណៈកម្មការសម្រាប់ត្រៀមរៀបចំកម្មវិធីប្រកាសបើកការដ្ឋាននូវគម្រោងទាំងពីរដើម្បីឱ្យការដឹកនាំគ្រប់គ្រង ចាត់ចែង និងសម្រប សម្រួលកម្មវិធីអាចប្រព្រឹត្តទៅបាន ដោយរលូន ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពការងារ ទៅ តាមបំណែងចែកការងារ។
អង្គប្រជុំបានពិភាក្សា ផ្លាស់ប្តូរយោបល់យ៉ាងផុសផុល ទៅលើចំណុចសំខាន់ៗដូចជា៖ ការរៀបចំសុន្ទរកថាជូនថ្នាក់ដឹកនាំ ការជ្រើសរើសទីតាំងក្នុងការរៀបចំកម្មវិធី ការរៀបចំលិខិតអញ្ជើញថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយសជាតិអន្តរជាតិ ព្រមទាំងការរៀបចំចងក្រងទិន្នន័យព័ត៌មាន រូបភាព និងវីដេអូ ឯកសារជាដើម ដើម្បីដាក់ជូនទៅខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី គោរព ស្នើសុំគោលការណ៍ ក្នុងការបញ្ចេញខ្លឹមសារផ្សព្វផ្សាយ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចផ្ទាល់៕ ដោយ៖ រិប ចំរើន