សម្ដេចតេជោ ៖ បន្ទាប់ពីចូលជាសមាជិកក្លឹបឆ្នេរសមុទ្រស្អាត ស្ដែងឱ្យឃើញការប្រែប្រួលមុខមាត់ តំបន់សមុទ្រកម្ពុជា

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជា បានមានប្រសាសន៍ថា ក្រោយចូលជាសមាជិក ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ពិតជាបានស្ដែងឱ្យឃើញពីរបត់ថ្មីនៃការប្រែប្រួលមុខមាត់ជាបន្ដបន្ទាប់របស់តំបន់សមុទ្រកម្ពុជា។

កម្ពុជា បានចូលជាសមាជិកពេញសិទ្ធ ក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោក ក្នុងមហាសន្និបាតលើកទី៧ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ នៅទីក្រុងតួបាគួតា ប្រទេសសេណេហ្គាល់។

ក្នុងពិធីបើកមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ក្រោមប្រធានបទ «ឆ្នេរនៃសន្ដិភាព ឆ្នេរនៃក្ដីសង្ឃឹម» នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាភិបាល និងសមាជិកក្លឹបទាំងអស់ ដែលបានគាំទ្រឆ្នេរសមុទ្រកម្ពុជា និងបានយល់ព្រមដាក់បញ្ចូលឆ្នេរសមុទ្រកម្ពុជាទាំងមូលជាសមាជិក និងបានបន្តគាំទ្រការអភិវឌ្ឍតំបន់ឆ្នេរសមុទ្ររបស់កម្ពុជាតាមរបៀបកម្ពុជា ពិសេសបានបោះឆ្នោតគាំទ្រកម្ពុជា កាន់តំណែងជាអនុប្រធានក្លឹបទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក២ អាណត្តិ ជាប់គ្នា និងបន្តជាអគ្គនាយករងក្លឹបរហូតមកដល់បច្ចុប្បន្ន។

សម្ដេចតេជោ បានថ្លែងថា «ក្នុងន័យនេះ ការចូលជាសមាជិកក្លឹបនេះ ពិតជាបានស្ដែងឱ្យឃើញពីរបត់ថ្មីនៃការប្រែប្រួល មុខមាត់ជាបន្តបន្ទាប់របស់តំបន់សមុទ្រកម្ពុជា ទាំងលើទិដ្ឋភាពសង្គម-សេដ្ឋកិច្ច, ទេសចរណ៍, នគរូបនីយកម្ម និងបរិស្ថានដែលជាកត្តាកំណត់ លើការទទួលស្គាល់ជាអន្តរជាតិនៃឆ្នេរសមុទ្រកម្ពុជា”។

សម្តេចតេជោបន្តថា កិច្ចការនេះ បានធ្វើឱ្យតំបន់ឆ្នេរកម្ពុជាអាចដើរតួនាទីយ៉ាងសំខាន់ ក្នុងការទាក់ទាញវិនិយោគសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងត្រូវបានចាត់ទុកថាជាគោលដៅទេសចរណ៍ធម្មជាតិ ដ៏មានភាពទាក់ទាញ និងប្រកបដោយភាពប្រកួតប្រជែងខ្ពស់នៅកម្ពុជា ៕ ដោយ៖ រិន ចំរើន