EU ផ្ដល់ជំនួយថ្មី២ លើកកម្ពស់ការចូលរួមផ្នែកនយោបាយ និងទទួលបានព័ត៌មាននៅកម្ពុជា

ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត នៃប្រតិភូសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចសន្យាជំនួយចំនួន២ ជាមួយអង្គការគាំទ្រប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអង្គការជំនួយប្រជាជនន័រវេស ដើម្បីគាំទ្រដល់គម្រោងរបស់ពួកគេនៅកម្ពុជា ក្នុងការលើកកម្ពស់ពហុភាពនិយម សេរីភាពនៃការបញ្ចេញមតិ និងការចូលរួមតាមបែបប្រជាធិបតេយ្យ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ EU នាថ្ងៃទី៧ ធ្នូ បានឱ្យដឹងថា អង្គការគាំទ្រប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ IMS គឺជាអង្គការមិនរកប្រាក់កំរៃមកពីដាណឺម៉ាក ធ្វើការគាំទ្រអ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជុំវិញពិភពលោក។ អង្គការ IMS មានកម្មវិធីជាច្រើននៅអាស៊ី ហើយក្នុងគម្រោងនេះ ពួកគេនឹងធ្វើការក្នុងភាពជាដៃគូជាមួយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR និងមជ្ឈមណ្ឌលកម្ពុជាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIM។

គម្រោង ដែលផ្តល់មូលនិធិចំនួន ១លានអឺរ៉ូ ដោយសហភាពអឺរ៉ុប «ការទ្រទ្រង់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសេរីភាពជាមូលដ្ឋាននៅកម្ពុជា» នឹងរួមចំណែកពង្រឹងសេរីភាពនៃការបញ្ចេញមតិ តាមរយៈការកែលម្អជំនាញនៃប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងផ្តល់នូវវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត ក្នុងការទទួលបាន និងការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធ និងព័ត៌មានអាចជឿទុកចិត្តបាន សម្រាប់ទស្សនិកជនកម្ពុជា។

អង្គការជំនួយប្រជាជនណ័រវេស NPA គឺជាអង្គការឯក រាជ្យមួយធ្វើការនៅក្នុងន័រវេស និងនៅក្នុងប្រទេសជាង៣០ទៀត។ អង្គការជំនួយប្រជាជនន័រវេស មានគោលបំណងកែលម្អលក្ខខណ្ឌជីវភាពរស់នៅរបស់ប្រជាជន និងរួមចំណែកដល់សង្គមប្រជាធិបតេយ្យ យុត្តិធម៌និងសុវត្ថិភាពនៅជុំវិញពិភពលោក។ នៅកម្ពុជា NPA នឹង ធ្វើការក្នុងភាពជាដៃគូជាមួយ COMFREL (គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា) និងកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន YRDP។ គម្រោងរបស់ពួកគេ «ការលើកកម្ពស់ការចូលរួមផ្នែកនយោបាយរបស់យុវជន និងស្ត្រីសម្រាប់ការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ និងសេរី និងយុត្តិធម៌» ដែលផ្តល់មូលនិធិផងដែរជាមួយនឹងទឹក ប្រាក់មួយលានអឺរ៉ូដោយសហភាពអឺរ៉ុប នឹងលើកកម្ពស់ការយល់ដឹងរបស់អ្នកបោះឆ្នោតអំពីច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការបោះឆ្នោត ហើយនឹងគាំទ្រដល់ការឃ្លាំមើលការបោះឆ្នោតឆ្នាំ២០២៣ ដោយប្រជាពលរដ្ឋដែលមានព័ត៌មានគ្រប់គ្រាន់ និងសកម្ម។

នៅក្នុងពិធីចុះហត្ថលេខានេះ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោកស្រី Carmen Moreno បានមានប្រសាសន៍ថា «សិទ្ធិទទួលបានព័ត៌មាន សេរីភាពនៃការបញ្ចេញមតិ និងការចូលរួមក្នុងដំណើរការបោះឆ្នោត គឺជាទិដ្ឋភាពដ៏សំខាន់នៅក្នុងសង្គមប្រជាធិបតេយ្យ។ នៅឆ្នាំ២០២៣ ជាឆ្នាំដែលយើងនឹងប្រារព្ធខួបលើកទី៧៥ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ប្រជាពលរដ្ឋកម្ពុជានឹងទៅបោះឆ្នោតជាតិនៅក្នុងការបោះឆ្នោតជាតិ ដើម្បីជ្រើសរើសតំណាងរបស់ពួកគេនៅរដ្ឋសភា។ យើងសង្ឃឹមថា គម្រោងទាំងនេះ នឹងរួមចំណែកបង្កើនការយល់ដឹងក្នុងចំណោមអ្នកបោះឆ្នោត អំពីតួនាទីដ៏សំខាន់ដែលសិទ្ធិ និងសេរីភាពដើរតួក្នុងដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌»។

សូមរំលឹកថា ដោយឈរលើការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ សហភាពអឺរ៉ុបគឺជាម្ចាស់ជំនួយដ៏ធំបំផុតរបស់ពិភពលោកសម្រាប់គម្រោងនានា។ ឧបករណ៍ថវិកាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ផ្តល់ថវិកា ១.៥ពាន់លានអឺរ៉ូ សម្រាប់ឆ្នាំ២០២១-២០២៧ គាំទ្រសង្គមស៊ីវិលជុំវិញពិភពលោក ដើម្បីលើកកម្ពស់សិទ្ធិ និងសេរីភាព លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ៕ ដោយ៖ រិន ចំរើន