ក្រុមហ៊ុន Air Asia និងក្រសួងទេសចរណ៍ នឹងចុះហត្ថលេខាបង្កើតក្រុមហ៊ុនអាកាសចរ Air Asia Cambodia

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរ Air Asia និងក្រសួងទេសចរណ៍ នឹងចុះហត្ថលេខា ជាផ្លូវការ បង្កើតក្រុមហ៊ុនអាកាសចរ Air Asia Cambodia នៅកម្ពុជា នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០២២។

បើតាមក្រសួងទេសចរណ៍ កម្ពុជាជាប្រទេសទី៥ក្នុងតំបន់អាស៊ី ដែលមានទីស្នាក់ការរបស់ក្រុមហ៊ុន Air Asia ហើយក្រុមហ៊ុនគ្រោងចាប់ផ្តើមដំណើរការជើងហោះហើរនៅកម្ពុជាក្នុងឆ្នាំ២០២៣ ខាងមុខនេះ។

ក្រុមហ៊ុនមានគម្រោងទាក់ទាញទេសចរជាតិ និងអន្តរជាតិឱ្យបាន ៣-៤លាននាក់/ឆ្នាំ តាមក្រុមហ៊ុនរបស់ខ្លួន ដោយជំហានដំបូង គ្រោងដាក់ដំណើរការយន្តហោះចំនួន០៤គ្រឿង ដែលជាប្រភេទ Boeing A321 ដោយតភ្ជាប់គោលដៅអន្តរជាតិក្នុងតំបន់អាស៊ាន, ចិន និងឥណ្ឌា និងគោលដៅក្នុងស្រុកពីរាជធានីភ្នំពេញ-សៀមរាប-ខេត្តព្រះសីហនុ។

ក្រសួងទេសចរណ៍សង្ឃឹមថា ការវិនិយោគរបស់ក្រុមហ៊ុន Air Asia នឹងនាំមកនូវទេសចរបន្ថែមទៀតមកទស្សនាកម្ពុជា ពិសេសបានចូលរួមផ្សព្វផ្សាយពីគោលដៅរបស់កម្ពុជាទៅកាន់ពិភពលោកបន្ថែមទៀត៕ ដោយ៖ ពុទ្ធិពល