ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ចេញសម្លេងដែលបញ្ជាក់ការពិតរបស់អ្នកគ្រូពេទ្យ ដែលជាម្ចាស់គ្លីនិកឯកជន ដែលបានព្យាបាលជនរងគ្រោះឈ្មោះ ម៉ុច សហរីល័ក្ខ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ នៅលើស្ពានជ្រោយចង្វារ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ។
ការបញ្ចេញសម្លេងនេះ ធ្វើឡើង បន្ទាប់ពី មានការផ្សព្វផ្សាយមិនពិត លើករណីខាងលើ ។
បើតាមស្នងការនគរបាលរាជធានីភ្នំពេញ នេះជាសម្តីបញ្ជាក់របស់អ្នកគ្រូពេទ្យដែលជាម្ចាស់គ្លីនិកពន្លឺ ដែលជនរងគ្រោះឈ្មោះ ម៉ុច សហរីល័ក្ខ បានទៅសម្រាកព្យាបាលរបួស បន្ទាប់រងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ០២ និង១០នាទី នៅលើស្ពានជ្រោយចង្វារចាស់ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។
អ្នកគ្រូពេទ្យបានបញ្ចាក់ថា អ្នករបួសមិនបានសន្លប់ដូចដែលលើកឡើងប្រាប់សាព័ត៌មានTVFB នោះទេ គឺគាត់មានស្មារតីគ្រប់គ្រាន់ និងបានដើរចូលមកពិនិត្យព្យាបាលដោយខ្លួនឯង មិនមានការសែងចូលនោះទេ មានន័យថាជនរងគ្រោះត្រឹមរងរបួសភ្នែក ក្បាល និងត្រង់ក ។ ម៉្យាងទៀតក៏មានមនុស្សដែលស្គាល់គ្នាចំនួន២នាក់ នៅជាមួយជនរងគ្រោះជាប់រហូត ហើយក៏គ្មានហេតុផលណាមួយដែលសមត្ថកិច្ច ត្រូវចាប់ដៃជនរងគ្រោះមកផ្តិតមេដៃនោះទេ ។
ទាំងនេះហើយ ជាការបំភ្លឺការពិតរបស់អ្នកគ្រូពេទ្យ ដែលបានព្យាបាលឈ្មោះ ម៉ុច ស្រីល័ក្ខ ។
បើតាម ស្នងការនគរបាលរាជធានីភ្នំពេញ ការផ្តល់យុត្តិធម៌ពិតជាមាន សមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនទៅតុលាការរួចរាល់ហើយ កិច្ចការបន្ទាប់ជាការសម្រេចរបស់តុលាការ ។ សំខាន់ការធ្វើអ្វីមួយ មិនគួរនិយាយមិនពិត បំភ្លើស បំប៉ោងសភាពការណ៍ ធ្វើឲ្យប្រជាពលរដ្ឋយល់ច្រឡំនោះទេ ៕ ដោយ៖ ពុទ្ធិពល