ភ្នំពេញ៖ កងកម្លាំងមួកខៀវកម្ពុជាចំនួន ២កង គឺកងកម្លាំងវិស្វកម្មព្រលានយន្តហោះ និងកងកម្ទេចគ្រឿងមិនទាន់ផ្ទុះ (EOD) ជាកងទ័ពទី៩របស់កម្ពុជា នៅប្រទេសម៉ាលី បានវិលត្រឡប់មកមាតុភូមិកម្ពុជាវិញនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ ក្រោយបញ្ចប់បេសកកម្មមនុស្សធម៌ រក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ ប្រកបដោយជោគជ័យ ។
ក្នុងពិធីទទួលកងកម្លាំងវិស្វកម្មព្រលានយន្តហោះ និងកងកម្ទេចគ្រឿងមិនទាន់ផ្ទុះ (EOD) នៅអាកាសយាន ដ្ឋានអន្តរជាតិភ្នំពេញ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានមានប្រសាសន៍ថា ក្រោយត្រឡប់មកដល់ព្រលានយន្តហោះភ្លាមកង កម្លាំងទាំងអស់ ត្រូវមន្ត្រីក្រសួងសុខាភិបាល ធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ និងធ្វើតេស្តរកមេរោគជំងឺគ្រុនចាញ់ មុននឹងអនុញ្ញាតឱ្យជួបក្រុមគ្រួសារដែល ទៅទទួល ។
លោកនាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា កងទាំង២ខាងលើនេះ គឺបានចូលរួមអនុវត្តបំពេញភារកិច្ចប្រកបដោយផ្លែផ្កា ទទួលបានជោគជ័យដ៏ត្រចេះត្រចង់ ព្រមជាមួយនឹងលទ្ធផលគួរជាទីមោទកថ្មីៗបន្ថែមទៀត។
កងកម្ទេចគ្រាប់មិនទាន់ផ្ទុះ និងកងវិស្វកម្មព្រលានយន្ត ហោះ បានបំពេញការងារមិនខ្លាចនឿយហត់ ក្រោមព្យុះខ្សាច់សាហារ៉ា អាកាសធាតុក្តៅហួតហែង ដែលមានសីតុណ្ហភាពរហូតដល់៥៣អង្សាសេ។ កងកម្លាំងកម្ទេចគ្រាប់មិនទាន់ផ្ទុះ បានបោះទីតាំងឈរជើងចំនួន៣ទីតាំង នៅទីក្រុង GAO, MOPTI និង TIMBUTU មានចំនួន១៤៤នាក់ ក្នុងនោះមាននារី១១នាក់ ដោយធ្វើការបោសសម្អាតមីន កម្ទេចគ្រាប់មិនទាន់ផ្ទុះ ដោះបន្សាបគ្រឿងផ្ទុះ និងគ្រាប់កែច្នៃ។ ចំពោះកងកម្លាំងវិស្វកម្មព្រលានយន្តហោះ បោះទីតាំងឈរជើងនៅក្រុងគីដាល់ និងតេសាលីត ដែលមានកម្លាំងចំនួន១៥៤នាក់ ក្នុងនោះកម្លាំងនារីចំនួន១៥នាក់ គឺធ្វើការ ថែទាំព្រលានយន្តហោះ និងការងារស្ថាបនា ជួសជុលជាច្រើនទៀតផងដែរ។
សូមបញ្ជាក់ថា គិតចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ពេលនេះ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាព ចំនួន៨៤៧៥នាក់ ទៅបំពេញបេសកកម្ម មនុស្សធម៌ ជាមួយអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៩ រួមមាន៖ ស៊ូដង់ ស៊ូដង់ខាងត្បូង, ឆាដ, លីបង់, ស៊ីរី, ម៉ាលី, អាហ្វ្រិកកណ្តាល សាយប្រឺស និងយ៉េមែន។ បច្ចុប្បន្នកម្ពុជាមានកម្លាំងកងទ័ពមួកខៀវជាង ៨០០នាក់ បាននឹងកំពុងបំពេញបេសកកម្ម រក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ស៊ូដង់ខាងត្បូង ម៉ាលី លីបង់ និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕
ដោយ៖ រិន ចំរើន