បាងកក៖ ក្រុមហ៊ុន Chareon Pokphand Foods (CPF) Plc. បានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់ការតម្រង់ទិស និងការគាំទ្របច្ចេកទេសជូនពាណិជ្ជករ និងធុរជនខ្មែរ ដែលមានបំណងនាំយកទំនិញប្រភេទម្ហូបអាហារ មកលក់ នៅតាមសាខាហាង 7-Eleven និងផ្សារទំនើបនានាទូទាំងប្រទេសថៃ ដើម្បីចូលជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។
នៅក្នុងជំនួបជាមួយ លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ កាលពីព្រឹកថ្ងៃពុធ ទី០៧ ខែធ្នូ ឆ្នាំ២០២២ លោក Lester Khoo បានគូសបញ្ជាក់ថា ក្រុមហ៊ុន CPF ផ្តោតលើគោលការណ៍ 3Fs (Feeds, Farms, និង Foods) ហើយមានក្រុមហ៊ុន C.P. Merchandising Co., Ltd ជាបុត្រសម្ព័ន្ធដែលមានឯកទេសផ្នែកវេចខ្ចប់ និងនាំចេញម្ហូបអាហារជាង ៣០ឆ្នាំ ទៅកាន់ទីផ្សារពិភពលោក សម្រាប់ជួយប្រឹក្សាយោបល់ជូនសហគ្រិន និងពាណិជ្ជករខ្មែរ ដែលចង់នាំចូលទំនិញមកចែកចាយទីផ្សារប្រទេសថៃ។
ជាការឆ្លើយតប លោកឯកអគ្គរាជទូត បានថ្លែងអំណរគុណចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន CPF និងបានស្នើលោក Lester Khoo ពិចារណាចុះកិច្ចព្រមព្រៀងភាពជាដៃគូ ជាមួយនាយកដ្ឋានអភិវឌ្ឍវិស័យឯកជន នៃក្រសួងពាណិជ្ជកម្ម និងសមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) ដែលប្រមូលផ្តុំដោយសហគ្រិនវ័យក្មេងឆ្នើមៗនៅក្នុងប្រទេសកម្ពុជា ដើម្បីគាំទ្រការធ្វើពិពិធកម្មផលិតផល និងនាំចេញ ទៅកាន់ទីផ្សារអន្តរជាតិ។
លោក អ៊ូក សោភ័ណ ក៏បានថ្លែងអំណរគុណក្រុមហ៊ុន CPF ដែលបានដាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីបង្កើតការងារ និងប្រាក់ចំណូល សម្រាប់ប្រជាជនខ្មែរ ព្រមទាំងផ្ទេរចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ ដើម្បីលើកស្ទួយវិស័យឧស្សាហកម្ម ហើយបើទោះបីត្រូវប្រឈមនឹងវិបត្តិ ជំងឺកូវីដ១៩ ក្រុមហ៊ុននៅតែបន្តរក្សាប្រតិបត្តិការរបស់ខ្លួន ដើម្បីចូលរួមស្តារ និងអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ចរបស់កម្ពុជា៕ ដោយ៖ ពុទ្ធិពល