ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានបង្ហាញការសោក ស្តាយចំពោះករណីគ្រោះថ្នាក់ចរាចរណ៍លើស្ពានជ្រោយចង្វារ។
ថ្មីៗនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងនៅលើស្ពានជ្រោយចង្វារ ហើយបានឯកភាពគ្នាសុំបញ្ចប់សំណងរដ្ឋប្បវេណីចំនួន២,៥០០ដុល្លារ ធ្វើឱ្យប្រជាពលរដ្ឋប្រតិកម្មយ៉ាងខ្លាំងចំពោះ ម្ចាស់រថយន្ដបង្កហេតុ។ ក្នុងហេតុការណ៍នោះ បានបន្សល់ទុកទារកមិនដល់មួយឆ្នាំឱ្យរស់នៅកំព្រា ដោយស្រ្តីជាម្តាយនិងបុរសម្នាក់ទៀតស្លាប់ភ្លាមៗ។
ក្រោយបញ្ចប់ប្រារព្ធទិវាអន្ដរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៧ នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង បានប្រាប់ក្រុមអ្នកសារព័ត៌មានថា “មានការសោកស្ដាយចំពោះគ្រោះថ្នាក់ចរាចរណ៍លើស្ពានជ្រោយចង្វារ នាពេលថ្មីៗនេះ។ បញ្ហាទាំងអស់នេះ ប្រជាពលរដ្ឋគ្រប់រូបចាំបាច់បញ្ចៀសឱ្យបាននូវបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដូច្នេះនាំចូលរួមគោរពច្បាប់ចរាចរណ៍”។
សម្ដេចបន្តថា “ខ្ញុំ អត់គាំទ្រទេ រឿងចឹង»។
នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក៏បានលើកឡើងពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ភាគច្រើនមិនកែប្រែខុសពីច្បាប់ចរាចរណ៍ផ្លូវគោកចាស់នោះទេ ប៉ុន្តែដោយសារ តែកន្លងមកមិនទាន់មានផ្លូវល្បឿនលឿន។ ដូច្នេះច្បាប់ថ្មីនេះត្រូវបន្ថែមជំពូកមួយចំនួន ទាក់ទងនិងផ្លូវល្បឿនលឿន នូវចំណុចពិសេសផ្នែកបច្ចេកទេស ទាក់ទងនិងសុវត្ថិភាពចរាចរណ៍មួយចំនួនទៀត៕ ដោយ៖ រិន ចំរើន