ក្រសួងអប់រំ ៖ ដំណើរការប្រឡងបាក់ឌុបឆ្នាំនេះ បញ្ចប់ដោយជោគជ័យ និងមិនមានហេតុការណ៍ខុសប្រក្រតីឡើយ

ភ្នំពេញ ៖ ក្រសួងអប់រំ យុជន និងកីឡា បានប្រកាសពីភាពជោគជ័យនៃដំណើរការសំណេរ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២២ថា បានបញ្ចប់ដោយជោគជ័យ និងមិនមានហេតុការណ៍ខុសប្រក្រតីណាមួយកើតមានគួរឱ្យកត់សម្គាល់ឡើយ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ បង្ហាញពីលទ្ធផលបញ្ចប់ដំណើរការប្រឡងនារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ថា «ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជាសម័យប្រឡង ៥-៦ ធ្នូ ២០២២ ត្រូវបានបញ្ចប់ដោយជោគជ័យ និងមិនមានហេតុការខុសប្រក្រតីកើតមានឡើងគួរឱ្យកត់សម្គាល់នោះទេ»។

ប្រភពបន្តថា ជារួមបញ្ចប់ដោយអាចទទួលយកបាន តាមគោលការណ៍ “អ្នកចេះគឺជាប់”។ ការប្រឡងបញ្ចប់នៅម៉ោង៤និង៣០នាទី ហើយហឹបសន្លឹកកិច្ចការបានគ្របបិទជិតយ៉ាងម៉ត់ចត់ នឹងបញ្ជូនមកកាន់រាជធានីភ្នំពេញនាថ្ងៃ៧ ធ្នូ។

ចំណែកបេក្ខជនបានចេញពីការប្រឡងមានទឹកមុខស្រស់ស្រាយ សប្បាយរីករាយ ដែលបញ្ជាក់ថាដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិពិតជាប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

សូមរំលឹកថា ការប្រឡងបាក់ឌុប ឆ្នាំ២០២២នេះ មានបេក្ខជនសរុបចំនួន១២៨ ១៣៥នាក់ ស្រី៦៨ ៧៧១នាក់ មាន២២១មណ្ឌល ត្រូវជា៥ ១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ៕ ដោយ៖ រិន ចំរើន