ថ្ងៃទី១ ដំណើរការប្រឡងបាក់ឌុបស្ងប់ស្ងាត់ល្អ ទោះបេក្ខជនជាង២ពាន់នាក់អវត្តមាន ខណៈមានបញ្ហាសុខ ភាព៣១នាក់

ភ្នំពេញ ៖ បើតាមការប្រកាសពីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃដំបូងពោលថ្ងៃទី១ (៥ ធ្នូ)ដំណើរការសំណេរប្រឡងបាក់ឌុប នៅតាមមណ្ឌលប្រឡងនីមួយៗ ដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ អនុវត្តតាមសេចក្ដីណែនាំប្រតិបត្តិរបស់ក្រសួង។

ក្រសួងបន្តថា ក្នុងនោះ មានការចិត្តយកទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្ដាល គណៈកម្មការត្រួត ពិនិត្យអគារ គណៈកម្មការអនុរក្ស ដោយមានការចូលរួមសហការដោយ សហភាពសហព័ន្ធយុវជនកម្ពុជា អង្គភាពប្រឆាំងអំពើពុករលួយ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។

នៅថ្ងៃទី១នេះ ក៏មានបេក្ខជនអវត្តមានចំនួន២៣៤០ នាក់ ស្រី១០២៨នាក់ មានបញ្ហាសុខភាព៣១នាក់ ក្នុងនោះមានគ្រោះថ្នាក់ចរាចរណ៍កម្រិតស្រាល២ករណី និងម្នាក់សង្ស័យវិជ្ជមានជំងឺកូវីដ-១៩។

បេក្ខជនដែលមានបញ្ហាសុភាពមួយចំនួនបានបន្តការប្រឡងក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល។

ដោយឡែក បេក្ខជន២នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្នុងនោះ១នាក់បានត្រឡប់មកប្រឡងវិញ ក្រោយទទួលបានការព្យាបាល។ ជាមួយគ្នានោះដែរ អនុរក្សចំនួន១នាក់ មានបញ្ហាសុខភាព ប៉ុន្ដែអាចបន្តការងាររហូតដល់បញ្ចប់ការប្រឡងថ្ងៃទី១នេះ។ ក្រសួងបានជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង។ ដោយឡែកអាកាសធាតុនៅមណ្ឌលប្រឡងមួយចំនួនមិនអំណោយផល ព្រោះមានភ្លៀងធ្លាក់ដោយកន្លែង៕ ដោយ៖ រិន ចំរើន