បេក្ខជនប្រឡងបាក់ឌុប ជាង២ពាន់នាក់អវត្តមាន ខណៈមានបញ្ហាសុខភាពជិត២០នាក់

ភ្នំពេញ ៖ ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបមានបេក្ខជនអវត្តមានចំនួន ២២៦៤នាក់ ក្នុងនោះស្រី១០០៤នាក់ ខណៈមានបញ្ហាសុខភាពចំនួន១៧នាក់ ដោយម្នាក់សង្ស័យវិជ្ជមានជំងឺកូវីដ-១៩។ នេះបើតាមបណ្ដាញសង្គមហ្វេសប៊ុក ក្រសួងអប់រំ។

ក្រសួងបន្តថា បេក្ខជនដែលមានបញ្ហាសុខភាពទាំងអស់ បានបន្តការប្រឡងក្រោមការយកចិត្តទុកដាក់ មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល។ ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អ។

សូមបញ្ជាក់ថា ឆ្នាំនេះ មានបេក្ខជនសរុបចំនួន១២៨ ១៣៥នាក់ ស្រី៦៨ ៧៧១នាក់ មាន២២១មណ្ឌល ដែលត្រូវជា៥១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ចូលរួមក្នុងដំណើរនោះប្រឡងសរុបចំនួន១៧ ២៤០ នាក់ ជំនួយការអប្បមាទដែលជាគរុសិស្ស និងគរុនិស្សិត ចំនួន២៧៥៦នាក់៕ ដោយ៖ រិន ចំរើន