ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ឱ្យដឹងថា ស្វាអង្កត់ស្ថិតក្នុងប្រភេទសត្វមានដោយកម្រ ហើយត្រូវបានចុះបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទងាយរងគ្រោះលើពិភពលោក។
លោកបន្ដទៀតថា មិនមានទិន្នន័យច្បាស់លាស់ពីចំនួន នៃសត្វស្វាអង្កត់នៅលើពិភពលោកនោះទេ ហើយនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជាទាំងអស់ ក៏មិនទាន់បានកំណត់ច្បាស់លាស់ពីចំនួនសត្វស្វាអង្កត់នៅឡើយ។ តែតាមការសិក្សានៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា ក្នុងខេត្តមណ្ឌលគិរី តែមួយ បង្ហាញថាមានវត្តមានសត្វស្វាអង្កត់ចំនួន ៥៦ ក្រុម មានប្រមាណ ១៤០ ក្បាល។
ស្វាអង្កត់មានភិនភាគដូចស្វាត្រោសបេះបិទ ទាស់តែមានមាធធំជាងស្វាត្រោសបន្តិច និងមានមុខពណ៌ក្រហម។ វាមានទម្ងន់ជាមធ្យមចាប់ពី ៨-១២ គីឡូក្រាម។ ផ្នែកខាងលើនៃដងខ្លួនមានពណ៌ប្រែប្រួលពីខ្មៅស្រាលទៅត្នោតស្រាល បន្ទាប់មកទៅជាក្រហមព្រឿងៗ ដែលអាស្រ័យទៅតាមអាយុ និងទីកន្លែងរស់នៅ។
ស្វាឈ្មោលពេញវ័យមានរោមដុះពីក្រោមចង្កាច្រើនជាងពុកចង្កា។ ស្បែកមុខមានពណ៌ក្រហមត្នោត ហើយមានពណ៌ក្រហមខ្លាំងនៅពេលអាកាសធាតុក្ដៅ និងនៅរដូវបន្តពូជ។ នៅពេលចាស់ទៅ ផ្នែកខាងខ្នងរហូតដល់ស្មាមានរោមវែងហើយក្រាស់ ផ្ទៃមុខមានរោមស្ដើង ថ្ងាសទំពែកលយទៅមុខរាងចោត។ ផ្នែកត្រគាក កន្ទុយមានរោមខ្លីហើយស្ដើង និងមានប្រវែងតិចជាង ១០% នៃប្រវែងពីក្បាលដល់ដងខ្លួន។
ស្វាអង្កត់ជាសត្វចូលចិត្តរស់នៅតំបន់ខ្ពស់ៗ ព្រៃស្រោង និងពាក់កណ្ដាលស្រោងក្នុងព្រៃធម្មជាតិ និងព្រៃដុះឡើងវិញដែលមានរយៈកម្ពស់រហូតដល់ ២០០០ ម៉ែត្រធៀបនីវ៉ូសមុទ្រ ហើយវាចំណាយពេលច្រើននៅលើដីដើម្បីរកចំណី។ ពួកវាស៉ីគ្រាប់រុក្ខជាតិ ផ្លែឈើ មើមឈើ និងប្រភេទសត្វល្អិតតូចៗជាអាហារ។
ស្វាអង្កត់មានវត្តមានតិចតួចនៅខាងលិចទន្លេមេគង្គ និងមានជាមធ្យមនៅភាគខាងកើតទន្លេមេគង្គនៃប្រទេសកម្ពុជា។ វាក៏មានវត្តមានផងដែរនៅភាគឦសាននៃប្រទេសឥណ្ឌា និងភាគខាងត្បូងនៃប្រទេសចិន និងភាគខាងជើងនៃប្រទេសថៃ និងឥណ្ឌូចិន៕ ដោយ៖ សៀងហៃ